ក្រុមហ៊ុនប្រេងដ៏ធំរបស់សហរដ្ឋអាមេរិក Exxon Mobil (XOM.N) គ្រោងនឹងបោះទុនវិនិយោគរហូតដល់ ១៥ ពាន់លានដុល្លារ ក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្កើតគម្រោងគីមីឥន្ធនៈ និងកន្លែងស្តុកទុកកាបូន (CCS) ដែលជាគម្រោងធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ។
ប្រភពដដែលបានឱ្យដឹងទៀតថា ការពិភាក្សាពីគម្រោងវិនិយោគខ្នាតធំនេះត្រូវបានធ្វើឡើងជាមួយប្រធាន Exxon លោក Darren Woods ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុង San Francisco កាលពីពេលថ្មីៗកន្លងទៅ។
ក្រោយពីធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅពីការវិនិយោគគម្រោងនេះ ក្រុមហ៊ុន Exxon និងក្រុមហ៊ុនថាមពលរដ្ឋឥណ្ឌូណេស៊ី Pertamina ក៏បានយល់ព្រមវាយតម្លៃការវិនិយោគលើរោងចក្រ CCS ដោយប្រើប្រាស់អាងក្រោមដីពីរនៅក្នុងសមុទ្រជ្វា ដែលគម្រោងនេះអាចមានទឹកប្រាក់ចំនួន ២ពាន់លានដុល្លារអាមេរិក។ ហើយ រោងចក្រ CCS នេះនឹងមានសក្តានុពលក្នុងការរក្សាទុកកាបូនឌីអុកស៊ីតយ៉ាងហោចណាស់ ៣ជីហ្គាតោន (៣ពាន់លានតោន) ដែលបញ្ចេញដោយឧស្សាហកម្មនានានៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ExxonMobil គឺជាក្រុមហ៊ុនប្រេងធំជាងគេនៅលើពិភពលោក ដែលមានទីស្នាក់ការនៅអាមេរិក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៦៦៕