រដូវប្រាំនេះ កម្ពុជានឹងកើនឡើងកម្តៅខ្លាំងជាងឆ្នាំមុន ពោលគឺកើនឡើងចន្លោះពី ៣៧អង្សាសេ ទៅ៤១អង្សាសេ ក្នុងអំឡុងខែមេសា និងដើមខែឧសភា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលកន្លងទៅ។
យ៉ាងណាមិញ នាយកដ្ឋានសុខភាពសាធារណៈរដ្ឋអ៊ីលីណយ (IDPH) បានបង្ហាញបញ្ហាសុខភាពធំៗ៣ ដែលមនុស្សនឹងប្រឈមពេលអាកាសធាតុក្តៅខ្លាំង៖
១/. រាងកាយចុះខ្សោយខ្លាំង៖ ក្តៅមួយឬពីរថ្ងៃដំបូង សរីរាង្គពិបាកទ្រាំ ប៉ុន្តែបើអូសបន្លាយយូរថ្ងៃ នោះខ្លួនប្រាណនឹងចុះទន់ខ្សោយឬអស់កម្លាំង ហើយស្តែងដោយអាការៈធ្ងន់ក្បាល ងេងងាង ហត់ ខ្សោះខ្លួន គេងមិនលក់ ឬគេងមិនស្កប់នៅពេលយប់ជាដើម។
២/. ប៉ះពាល់សរសៃឈាមក្នុងខួរក្បាល៖ បញ្ហាធ្ងន់ធ្ងរពេលរាងកាយរងការប៉ះពាល់កម្តៅថ្ងៃក្តៅខ្លាំងយូរពេក ធ្វើឲ្យខ្លួនប្រាណបាត់បង់លទ្ធភាពចុះត្រជាក់វិញដោយខ្លួនឯង។ ម្យ៉ាងវិញទៀត មុខងារខួរក្បាលបាត់បង់លទ្ធភាពត្រួតពិនិត្យកម្តៅក្នុងខ្លួន ឯការបញ្ចេញញើសក៏ថយចុះដែរ។ នៅពេលសីតុណ្ហភាពក្នុងខ្លួនឡើងលើសពី ៤០,៥៦ អង្សាសេ អាចមានរោគសញ្ញាប៉ះពាល់សរសៃឈាមក្នុងខួរក្បាល បណ្តាលឲ្យដួលសន្លប់។
៣/. ប៉ះពាល់ដល់បេះដូង៖ សីតុណ្ហភាពលើសពី ៤១អង្សាសេ ឬច្រើនជាងនេះ រាងកាយនឹងចាប់ផ្តើមបិទ ដែលនាំឲ្យក្តៅខ្លួនឬរមួលក្រពើ ព្រោះការបាត់បង់សារធាតុរ៉ែ ហត់នឿយខ្លាំង។ មិនតែប៉ុណ្ណោះ អាចបណ្ដាលឲ្យចង្វាក់បេះដូងលោតញាប់ បែកញើសច្រើន ចំណែកសីតុណ្ហភាពរាងកាយកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់កម្ដៅមិនអាចបញ្ចេញបានភ្លាមៗ អាចធ្ងន់ធ្ងរដល់ថ្នាក់ប្រកាច់ ឬបាត់បង់ស្មារតី សន្លប់លែងដឹងខ្លួន និងមានឱកាសស្លាប់ខ្ពស់ណាស់។
គួរជម្រាបថា យោងតាមការស្រាវជ្រាវនៅទីក្រុងឌូបៃសហព័ន្ធអារ៉ាប់រួម ក៏បានលើកឡើងផងដែរថា ប្រសិនបើសីតុណ្ហភាពខ្ពស់ជាង ៣៨ អង្សាសេ យើងមិនគួរនៅក្រោមពន្លឺព្រះអាទិត្យចន្លោះម៉ោង ៩:០០ ព្រឹកដល់ម៉ោង ៣:០០ រសៀល គួរតែផឹកទឹកយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃដើម្បីការពារពីកាំរស្មី UVA និងលាបឡេការពារកម្ដៅថ្ងៃដែលមាន SPF 30++ យ៉ាងតិច ជាពិសេសត្រូវចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងអាល់កុល៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម https://t.me/hangchhengH24