ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាសាងសង់គម្រោងផ្លូវល្បឿនលឿនទៅតំបន់ប៉ូសេដ្ឋកិច្ចទី៣។
ប្រសាសន៍របស់ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីខាងលើនេះ ត្រូវបានលើកឡើងក្នុងឱកាសចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។
យោងតាមការដកស្រង់ពីក្រសួងសាធារណការ សរសេរថា ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន បានជំរុញឲ្យក្រសួងត្រូវបន្ដជំរុញការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ពិសេសប៉ូលសេដ្ឋកិច្ចទី៣ ផ្លូវល្បឿនលឿនភ្នំពេញឆ្លងកាត់ខេត្ដកំពង់ធំ ទៅក្រុងសៀមរាប ដែលនឹងផ្លូវនូវអត្ថប្រយោជន៍ និងប្រសិទ្ធភាពសេដ្ឋកិច្ច សង្គមយ៉ាងច្រើន។
សូមជម្រាបថា គម្រោងផ្លូវល្បឿនលឿនទៅកាន់ប៉ូលសេដ្ឋកិច្ចទី៣ ដែលតភ្ជាប់ពីភ្នំពេញទៅក្រុងសៀមរាបនេះ ជាគម្រោងផ្លូវល្បឿនលឿនទី៣ បន្ទាប់ពីគម្រោងផ្លូវល្បឿនលឿនទី២ ភ្ជាប់ពីភ្នំពេញទៅក្រុងបាវិត ដែលត្រៀមបើកការដ្ឋាននៅពាក់កណ្ដាលឆ្នាំ២០២៣នេះ និងផ្លូវល្បឿនលឿនទី១ ពីភ្នំពេញទៅក្រុងព្រះសីហនុដែលទើបបើកដំណើរការកាលពីចុងឆ្នាំ២០២២កន្លងទៅ។
តាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ចូន គម្រោងផ្លូវល្បឿនលឿនទៅប៉ូលសេដ្ឋកិច្ចទី៣ ឬផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងសៀមរាបនេះបច្ចុប្បន្នកំពុងធ្វើការសិក្សា។ ហើយកន្លងមកមានក្រុមហ៊ុនចិនចំនួន ៤ បានស្នើសុំមកកាន់ក្រសួងសាធារណការ ដើម្បីសិក្សាសាងសង់គម្រោងផ្លូវល្បឿនលឿននេះផងដែរ៕
អត្ថបទ៖ កឹម ប៊ុនធឿន