ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នេះតទៅ ការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងត្រូវបង់ប្រាក់តាមការកំណត់ បន្ទាប់ពីក្រុមហ៊ុនសាងសង់បានឯកភាពគ្នាជាមួយនឹងរាជរដ្ឋាភិបាលបានដាក់ឲ្យដំណើរការសាកល្បងដោយឥតគិតថ្លៃរយៈពេល ១ ខែ។
ប៉ុន្ដែទោះការបង់ប្រាក់លើការជិះលើផ្លូវនេះដាក់ដំណើរការ ប៉ុន្ដែតម្លៃសេវាធ្វើដំណើរត្រូវបានគិតថ្លៃ ៨០% ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះរហូតដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២៣ ខណៈចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅនឹងគិតតម្លៃពេញ ១០០%។
យោងតាមតារាងកម្រៃទូទាត់លើមធ្យោបាយធ្វើដំណើរតាមផ្លូវល្បឿនលឿននេះ ត្រូវបានបែងចែកជា ៥ ប្រភេទរួមមាន៖
១. ទោចក្រយានយន្ដ (ម៉ូតូ) ដែលមានទំហំស៊ីឡាំងចាប់ពី ៥០០cc ឡើងទៅ, រថយន្ដគ្រួសារ មិនលើសពី ៧ កៅអី, រថយន្ដដឹកទំនិញ ចំណុះក្រោម ២ តោន គិតថ្លៃ ០,០៦៤ ដុល្លារក្នុង១គីឡូម៉ែត្រ សម្រាប់តម្លៃ ៨០% និង០,០៨ ដុល្លារនៅពេលគិតតម្លៃពេញ ១០០%។
២. រថយន្ដដឹកអ្នកដំណើរចាប់ពី ៨ កៅអី ដល់ ១៩ កៅអី, រថយន្ដដឹកទំនិញ ផ្ទុកទំនិញចាប់ពី ២ តោន ដល់ ៥ តោន, រថយន្ដដឹកអ្នកដំណើរ ៨ ដល់ ១៩ កៅអី គិតថ្លៃ ០,១២៨ដុល្លារក្នុង ១ គីឡូម៉ែត្រសម្រាប់តម្លៃ ៨០% និង០,៦ ដុល្លារ នៅពេលគិតតម្លៃពេញ ១០០% ។
៣. រថយន្ដដឹកអ្នកដំណើរចាប់ពី ២០ កៅអីដល់ ៥៦ កៅអី, រថយន្ដដឹកទំនិញលើសពី ៥ តោន ដល់ ១០ តោន គិតថ្លៃ ០,១៩២ ដុល្លារក្នុង ១ គីឡូម៉ែត្រ សម្រាប់តម្លៃ ៨០% និង ០,២៤ នៅពេលគិតតម្លៃពេញ១០០%។
៤, រថយន្ដដឹកទំនិញ ផ្ទុកទំនិញលើសពី ២០ ម៉ោង គិតថ្លៃ ០,២៥៦ ដុល្លារក្នុង ១ គីឡូម៉ែត្រសម្រាប់តម្លៃ ៨០% និង ០,៣២ នៅពេលគិតតម្លៃពេញ ១០០%។
៥. រថយន្ដដឹកទំនិញ ផ្ទុកទំនិញលើសពី ២០ តោន ឡើងទៅ (គិតទាំងកុងតែន័រ) គិតថ្លៃ ០,៣២ សម្រាប់តម្លៃ ៨០ % និង ០,៤ ដុល្លារនៅពេលគិតតម្លៃពេញ ១០០%៕
អត្ថបទ៖ កឹម ប៊ុនធឿន
ដើម្បីទទួលជ្រាបព័ត៌មានកាន់តែលម្អិតសូមពិនិត្យតារាងខាងក្រោម៖


