កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនចិនចំនួន ៣ រួមមាន ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited បានលើកឡើងថា ខ្លួនបានបញ្ចប់ការសិក្សាបឋមលើគម្រោងស្ដារផ្លូវទឹកតភ្ជាប់ពីភ្នំពេញទៅសៀមរាបហើយ។ ដោយការលើឡើងនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
យោងតាមការដកស្រង់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងជំនួបនោះ ក្រុមហ៊ុនខាងលើបានជម្រាបជូនសម្ដេចតេជោថា ពួកគេបានបញ្ចប់ការសិក្សាបឋមគម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ សៀមរាប និងបានប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់ហើយផងដែរ។
យ៉ាងណាក្រៅពីគម្រោងស្ដារផ្លូវទឹកពីភ្នំពេញទៅខេត្ដសៀមរាបនេះ កាលពីពេលថ្មីៗកន្លងទៅ ក៏មានក្រុមហ៊ុនធំៗចំនួន ៤ បានស្នើសុំរាជរដ្ឋាភិបាលដើម្បីធ្វើការសិក្សាសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្ដសៀមរាបផងដែរ។ ហើយបើតាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្នគម្រោងនេះបាននឹងកំពុងធ្វើការសិក្សាសម្រាប់ការសាងសង់ដូចគ្នា៕
អត្ថបទ៖ កឹម ប៊ុនធឿន