ដំណឹងល្អ! ក្រុមហ៊ុនឯកជន១បានកំពុងសិក្សាសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាត់ដំបង និងក្រុងប៉ោយប៉ែត
Bunthoeun KoemFEBRUARY 28 202317.4 K views

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន ថ្មីៗនេះបានលើកឡើងថា បច្ចុប្បន្នមានក្រុមហ៊ុនឯកជន ១ កំពុងធ្វើការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនថ្មី១ខ្សែទៀត ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្ដបាត់ដំបង និងក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ទោះបីតំបន់នេះមានផ្លូវជាតិលេខ៥ ដែលជាផ្លូវធំ ៤ គន្លងសាងសង់ទៅរួចហើយក៏ដោយ។

នៅក្នុងកិច្ចសម្ភាសន៍ ស្តីពីចុះពិនិត្យផ្លូវក្រវាត់ក្រុងទី៣ និងគម្រោងផ្សេងៗទៀត ក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមទេសរដ្ឋមន្ដ្រីបានបញ្ជាក់ថា ត្បិតពីភ្នំពេញទៅបាត់ដំបង និងក្រុងប៉ោយប៉ែត មានផ្លូវជាតិលេខ ៥ ដែលជាផ្លូវ ៤ គន្លងពិតមែន ប៉ុន្ដែដោយសារមើលឃើញថាផ្លូវនេះមានសត្វគោឆ្លងកាត់ ដែលពិបាកធ្វើដំណើរលឿន និងមានភាពយឺតយ៉ាវ ទើបក្រុមហ៊ុនសម្រេចស្នើសុំក្រសួងសិក្សាសាងសង់ផ្លូវល្បឿនលឿនថ្មីនេះតែម្ដងទៅ។

374

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ខាងលើឯកឧត្ដម ស៊ុន ចាន់ថុល បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមជម្រាបថា ទោះយើងធ្វើផ្លូវជាតិលេខ៥ ពង្រីកពី ២ គន្លងទៅ ៤ គន្លង ក៏មានក្រុមហ៊ុនឯកជនមួយបានស្នើសុំធ្វើផ្លូវល្បឿនលឿនជាប្រភេទ BOT ពីភ្នំពេញទៅបាត់ដំបង ទៅប៉ោយប៉ែតដែរ។ គាត់យល់ឃើញថា ផ្លូវជាតិលេខ៥ មាន ៤ គន្លងមែន ប៉ុន្ដែមានគោឆ្លងកាត់វាគ្រោះថ្នាក់ វាយឺតយ៉ាវ គាត់ស្នើសុំធ្វើផ្លូវល្បឿនលឿនភ្នំពេញប៉ោយប៉ែតតែម្ដង»។ ឯកឧត្ដមបន្ដថា «យើងបានអនុញ្ញាតឲ្យក្រុមហ៊ុនហ្នឹងសិក្សា យើងអត់មានបញ្ហាទេ ឲ្យតែគាត់ដាក់ទុននៅកម្ពុជាយើងគាត់ធ្វើចុះ»

សរុបមកផ្លូវល្បឿនលឿនពីភ្នំពេញទៅបាត់ដំបងតភ្ជាប់ទៅដល់ក្រុងប៉ោយប៉ែតនេះ គឺជាគម្រោងផ្លូវល្បឿនលឿនទី៤ ហើយនៅកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញទៅខេត្ដព្រះសីហនុ ទើបបើកដំណើរការកាលពីចុងឆ្នាំ២០២២, គម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញទៅក្រុងបាវិត ដែលនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ និងគម្រោងផ្លូវល្បឿនលឿនទី៣ ភ្នំពេញទៅខេត្ដសៀមរាប ដែលបញ្ចប់ការសិក្សានៅក្នុងខែកញ្ញា ខាងមុខនេះ៕

អត្ថបទ៖ កឹម ប៊ុនធឿន

310575990 420009353637246 7054174770175224042 N (2)

272985190 245519571086226 4909779017892312229 N (1)

Autobahn South Nurnberg Germany

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia