ថ្លែងនៅក្នុងសម្ពោធដាក់ឲ្យដំណើការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ផ្សារដីហុយ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះក្រសួងបានកំពុងធ្វើការសិក្សាដើម្បីសាងសង់ផ្លូវល្បឿនលឿនទី៣ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្ដសៀមរាប។
យោងតាមប្រសាសន៍របស់ឯកឧត្ដមទេសរដ្ឋមន្ដ្រីក្នុងពិធីខាងលើបានបញ្ជាក់ថា «សូមជម្រាបថាកំពុងសិក្សារផ្លូវល្បឿនលឿនពីភ្នំពេញទៅសៀមរាបថែមទៀត ឥឡូវកំពុងសិក្សា»។
គួររំលឹកដែរថា កាលពីពេលកន្លងឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានលើកឡើងដែរថា គម្រោងផ្លូវល្បឿនលឿនទី៣ ពីភ្នំពេញទៅខេត្ដសៀមរាបនេះ គឺមានក្រុមហ៊ុនធំៗចំនួន ៤ បានដាក់ពាក្យស្នើសុំធ្វើការសិក្សាសាងសង់នាពេលខាងមុខ។
សូមជម្រាបថា បច្ចុប្បន្នបានកំពុងបើកដំណើរការផ្លូវល្បឿនលឿន ១ ខ្សែហើយ គឺពីភ្នំពេញទៅខេត្ដព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនទី១ នៅកម្ពុជា ខណៈផ្លូវល្បឿនលឿនទី២ តភ្ជាប់ពីភ្នំពេញទៅកាន់ក្រុងបាវិញ ខេត្ដស្វាយរៀង ត្រៀមបើកការដ្ឋាននៅឆ្នាំថ្មី២០២៣ ខាងមុខនេះដែរ។
ទាក់ទងផ្លូវល្បឿនលឿនទី២នេះដែរ ថ្លែងក្នុងពិធីខាងលើឯកឧត្ដមបានលើកឡើងថា «យើងបានចរចាចប់សព្វគ្រប់នូវផ្លូវល្បឿនលឿនទី២ ភ្នំពេញទៅបាវិត ទៅព្រំដែនកម្ពុជាវៀតណាម វៀតណាមគេធ្វើល្បឿនលឿនពីហូជីមិញ មកតភ្ជាប់ផ្លូវល្បឿនលឿនរបស់យើង។ ដូចនេះថ្ងៃក្រោយយើងធ្វើដំណើរតាមផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងហូជីមិញតែម្ដង ហើយសង្ឃឹមថាបើកការដ្ឋានសាងសង់ខែ៦ឆ្នាំក្រោយ»៕
អត្ថបទ៖ កឹម ប៊ុនធឿន