គួរទិញទុក ឬលក់ចេញ? អ្នកជំនាញប្រាប់ នេះជាអ្វីដែលគួរធ្វើអំឡុងពេល មាស កំពុងធ្លាក់ចុះថ្លៃ
Pov SaruMARCH 19 202621 K views

តម្លៃមាសនៅតែបន្តធ្លាក់ចុះយ៉ាងគួរឱ្យភ្ញាក់ផ្អើលចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមនៅមជ្ឈិមបូព៌ាជាង ២ សប្ដាហ៍កន្លងមក។មាស ហាក់ដូចបាត់បង់លំនិងរបស់ខ្លួនទោះបីជាភាពតានតឹងផ្នែកនយោបាយកើនឡើងក៏ដោយ ការធ្លាក់ចុះថ្មីៗនេះរបស់ មាស ហាក់ដូចជាផ្ទុយពីវិចារណញាណរបស់អ្នកវិនិយោគ ព្រោះ មាស ត្រូវបានគេមើលឃើញថាជាទ្រព្យសុវត្ថិភាពបំផុតអំឡុងពេលមានចលាចល និងភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ។ ប៉ុន្តែពេលសង្គ្រាមនៅមជ្ឈិមបូព៌ាផ្ទុះឡើង តម្លៃមាសស្រាប់តែដាប់ក្បាលចុះយ៉ាងគំហុកទៅវិញ។

 

ជាក់ស្ដែងតម្លៃ មាស នៅថ្ងៃទី១៩ ខែមិនា នេះបានធ្លាក់ចុះមកមកត្រឹម ៥ ៨៣៤ ដុល្លារក្នុង ១ដំឡឹង ( ៥៨៣ ដុល្លារក្នុង ១ជី) ខណៈដែលកាលពីថ្ងៃទី១៨ មាស មានតម្លៃ ៦ ០២៤ ដុល្លារក្នុង ១ដំឡឹង (៦០២ ដុល្លារក្នុង ១ជី)។ ស្របពេលតម្លៃមាសនៅតែបន្តធ្លាក់បែបនេះ អ្នកជំនាញលោក Jateen Trivedi មកពី LKP Securities ផ្តល់យោបល់ថា ការធ្លាក់ចុះនៅពេលនេះជាឱកាសល្អសម្រាប់អ្នកវិនិយោគក្នុងការទិញទុក។ តែលោកមិនលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាត្រូវធ្វើបែបនេះទេ។

 

អ្នកជំនាញថា ចំពោះអ្នកដែលចង់វិនិយោគលើមាសក្នុងរយៈពេលវែង វាជាឱកាសល្អដើម្បីទិញទុក។ ព្រោះលោកយល់ឃើញថា ការធ្លាក់ចុះថ្មីៗនេះគ្រាន់ជាការប្រែប្រួលត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ហើយតម្លៃវាអាចនឹងហក់ឡើងវិញនៅក្នុងរយៈពេលវែង (ប៉ុន្តែក៏មិនគួរទិញទុកក្នុងបរិមាណច្រើនពេកដែរ ព្រោះអាចបង្ករហានិភ័យបានគ្រប់ពេល)។ តែបើចំពោះអ្នកជួញដូររយៈពេលខ្លី គួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្តិច ត្រូវប្រើក្បួនគ្រប់គ្រងហានិភ័យដើម្បីកាត់បន្ថយការខាតបង់ បើតម្លៃធ្លាក់ចុះហួសពីកម្រិតដែលអ្នកអាចទទួលយកបាន។ 

 

ចំពោះអ្នកកំពុងមាន មាស នៅក្នុងដៃលោក Jateen Trivedi លើកទឹកចិត្តកុំឱ្យភ័យស្លន់ស្លោរ បើអាចទុកបាន ត្រូវទុកសិន កុំប្រញាប់ប្រញ៉ាលលក់ចេញ ព្រោះ មាស មានប្រវត្តិឡើងថ្លៃវិញតាមរយៈវដ្តសេដ្ឋកិច្ច។ លើលពីនេះគួរតែ ពិនិត្យមើលហិរញ្ញវត្ថុផ្ទាល់ខ្លួន ប្រសិនបើអ្នកត្រូវតែលក់ មាស ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ សូមពិចារណាលក់តែចំនួនដែលចាំបាច់បំផុតសិន ហើយទុកចំណែកដែលនៅសល់រងចាំឱកាសនល្អនៅពេលក្រោយ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia