កាលពីប៉ុន្មានថ្ងៃមុននេះ រងើកភ្លើងសង្គ្រាមពាណិជ្ជកម្មហាក់ឡើងកម្តៅម្តងទៀត ក្រោយចិនដាក់វិធានការរឹតបន្តឹងការនាំចេញរ៉ែកម្រ ខណៈឯសហរដ្ឋអាមេរិកគ្រោងដំឡើងពន្ធបន្ថែម ១០០% លើទំនិញដែលនាំចូលពីប្រទេសចិន ចាប់ផ្តើមអនុវត្តពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឬអាចមុនពេលកំណត់។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងនោះក្រុមអ្នកជំនាញ និងអ្នកវិភាគសេដ្ឋកិច្ចជាច្រើនរូបបានព្រមានថា ការទះទង្គិចពាណិជ្ជកម្មរវាងអាមេរិក និងចិនអាចធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់សកលទទួលរងផលរំខាន និងបង្កើនសម្ពាធលើតម្លៃទំនិញនៅទូទាំងពិភពលោក។ ប្រសិនបើការដាក់ពន្ធនេះនៅតែបន្តក្នុងរយៈពេលយូរ នោះវាអាចប៉ះពាល់ដល់ប្រទេសអាស៊ីជាច្រើន ដែលពឹងផ្អែកលើការនាំចូលវត្ថុធាតុដើមអេឡិចត្រូនិច គ្រឿងចក្រ និងគ្រឿងបន្លាស់ពីចិន។
យ៉ាងណាមិញ កម្តៅនៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរខាងលើ ហាក់បានថមថយបន្តិចមកហើយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ និងត្រូវបានរំពឹងថាអាចបញ្ចប់ដោយភាពវិជ្ជមាន។ ប៉ុន្តែការរឹតបន្តឹងការនាំចេញរ៉ែកម្ររបស់ចិន និងការបន្ថែមពន្ធរបស់សហរដ្ឋអាមេរិក បានរុញច្រានស្ថានភាពទៅរកភាពតានតឹងជាថ្មីម្តងទៀត ខណៈចិនក៏បានឆ្លើយតបផងដែរថា ខ្លួននឹងអនុវត្តវិធានការតបវិញ ដើម្បីការពារផលប្រយោជន៍របស់ប្រទេសជាតិ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook