ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ដនៅកម្ពុជា និងជាពិសេសដើម្បីបញ្ជាក់ប្រាប់ពិភពលោកថា កម្ពុជាជាទីតាំងដ៏មានសុវត្ថិភាពសម្រាប់ដំណើរកម្សាន្ដរបស់ភ្ញៀវទេសចរ ថ្មីៗនេះក្រុមហ៊ុន Chip Mong Retail បានសហការជាមួយក្រុមហ៊ុនអាកាសចរណ៍លំដាប់ថ្នាក់អន្តរជាតិ EVA Air បង្កើតព្រឹត្ដិការណ៍ “EVA Air Decorations Christmas” ដោយបានប្រែក្លាយបរិវេណផ្សារទំនើប Chip Mong 271 Mega Mall ឱ្យទៅជាទីលាន Christmas ដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការរៀបចំព្រឹត្ដិការណ៍ដ៏ធំសម្បើមនៅរាជធានីភ្នំពេញនេះ មានគោលបំណងនាំយកនូវបទពិសោធន៍ថ្មីប្លែក ជូនដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិក្នុងឱកាសរដូវកាលបុណ្យណូអែល និងចូលឆ្នាំសកលខាងមុខន។

ជាក់ស្ដែង កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុនទាំងពីរបានរៀបចំពិធីសម្ពោធបើកភ្លើងដើម Christmas ក្រោមប្រធានបទ “EVA Air’s Magical Skyland” យ៉ាងឱឡារិកនៅកណ្ដាលផ្សារទំនើប Chip Mong 271 Mega Mall ដោយមានការអញ្ជើញចូលរួមយ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុនទាំងពីរ ព្រមទាំងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនោះ លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន Chip Mong Retail និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Chip Mong បានមានប្រសាសន៍ថា៖ “ថ្ងៃនេះពិតជាថ្ងៃដ៏ពិសេសដែលក្រុមហ៊ុន Chip Mong Retail បានសហការជាមួយក្រុមហ៊ុន EVA Air ដើម្បីបង្កើតបទពិសោធន៍ថ្មីមួយជូនទៅដល់ប្រជាពលរដ្ឋកម្ពុជា។ នេះមិនមែនជាឆ្នាំទី១ ទេ ដែលយើងបានសហការគ្នា ប៉ុន្ដែនេះជាឆ្នាំទី២ ហើយដែលយើងបានរួមដៃគ្នាបង្កើតព្រឹត្ដិការណ៍នេះឡើង”។
លោកជំទាវបានបន្ថែមទៀតថា៖ “អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ និងភ្ញាក់ផ្អើលបំផុតនោះគឺ ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន EVA Air ដែលហ៊ានវិនិយោគបង្កើតព្រឹត្ដិការណ៍កម្រិតអន្តរជាតិនេះឡើងនៅក្នុងប្រទេសកម្ពុជា។ យើងពិតជាមានមោទកភាពក្នុងការនាំយកភាពសប្បាយរីករាយនេះជូនអតិថិជនរបស់យើងម្តងទៀត”។

គួរបញ្ជាក់ផងដែរថា ព្រឹត្ដិការណ៍ EVA Air’s Magical Skyland ត្រូវបានរៀបចំឡើងដោយមានការតុបតែងយ៉ាងប្រណិត ជាមួយទីតាំងថតរូបកម្សាន្ដដ៏ស្រស់ស្អាតជាច្រើន ជាពិសេសគឺគំរូយន្តហោះ EVA Air ដ៏ទាក់ទាញ និងដើម Christmas វេទមន្ដដ៏ធំស្កឹមស្កៃ។ បន្ថែមពីនេះ ក៏មានកម្មវិធីលេងហ្គេមសប្បាយៗជាច្រើន ដើម្បីឈ្នះរង្វាន់ និងកាដូពិសេសៗផងដែរ។
និយាយជារួម ការមកកម្សាន្តនៅ Chip Mong 271 Mega Mall ក្នុងអំឡុងពេលនេះ គឺផ្តល់អារម្មណ៍ដូចបានទៅលេងបុណ្យ Christmas នៅប៉ែកអឺរ៉ុបយ៉ាងដូច្នោះដែរ។ ជាពិសេសកម្មវិធីនេះនឹងបន្តរៀបចំជូនទស្សនា និងកម្សាន្តរហូតដល់ ចុងខែធ្នូ ឆ្នាំ២០២៥។ ដូច្នេះ សូមកុំភ្លេចអញ្ជើញនាំក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់មកទទួលយកបទពិសោធន៍ដ៏អស្ចារ្យនេះទាំងអស់គ្នា៕






