ស្របពេលប្រទេសមួយចំនួនធំក្នុងពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាផ្សែងពុលដែលបណ្តាលមកពីរថយន្តចាស់ ឬរថយន្តសាំង ពេលនេះដើម្បីជួយកាត់បន្ថយឧស្ម័នដែលបង្កផលប៉ះពាល់ដល់សុខភាព ក្រុមហ៊ុនផលិតរថយន្តចំនួនបីបានបញ្ចេញរថយន្តអគ្គិសនីស៊េរីថ្មីតម្លៃសុទ្ធតែក្រោម២ម៉ឺនដុល្លារដាក់លក់នៅក្នុងប្រទេសចិន។ ដោយក្នុងនោះមានក្រុមហ៊ុនដូចជា៖
១. ក្រុមហ៊ុនឡាន BYD៖ ឡានអគ្គិសនី BYD Seagull ឆ្នាំ 2023 មានតម្លៃចាប់ពី ១១,៣០០ដុល្លារ ដែលមានទំហំអាគុយ ៣០kwh សាកភ្លើងមួយពេញអាចជិះបាន ៣០៦គីឡូម៉ែត្រ រីឯអាគុយទំហំ៣៨ kwh វិញសាកថ្មម្តងអាចជិះបាន ៤០៥ គីឡូម៉ែត្រ ដោយការសាកថ្មវិញវាចំណាយពេលត្រឹមតែ៣០នាទីអាចសាកបានរហូតដល់ទៅ ៨០ភាគរយ។
២. ក្រុមហ៊ុនឡាន GM៖ ក្រុមហ៊ុន General Motors (GM) ដែលជាក្រុមហ៊ុនផលិតរថយន្តចម្រុះជាតិសាសន៍របស់សហរដ្ឋអាមេរិកបានបញ្ចេញនៅកូនឡានអគ្គិសនីម៉ូឌែល Wuling Bingo លក់ក្នុងតម្លៃ ៨,៦០០ ដុល្លារនៅក្នុងប្រទេសចិនជាមួយសម្ថភាពមិនចាញ់រថយន្តដែលមានតម្លៃថ្លៃប៉ុន្មានទេ ពោលគឺសាកសមបំផុតសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ ដោយរថយន្តម៉ូឌែលនេះសាកថ្មម្តងអាចជិះបានជាង២០០គីឡូ។
Wuling Bingo Mini EV គឺជារថយន្តអគ្គិសនីប្រភេទ hatchback មានកៅអីចំនួន៤ ដែលមាប្រវែង៣.៩ ម៉ែត្រ ទទឹង ១.៧ ម៉ែត្រ និងកំពស់ ១.៥៨ ម៉ែត្រ មានកម្លាំង ៤១ សេះ សាកមួយពេញ អាចធ្វើដំណើរម្តងបានរយៈចម្ងាយ២០៣ គីឡូម៉ែត្រ។ មួយវិញទៀតសម្រាប់ថ្មថាមពល ៣១.៩ kWh វិញមានកម្លាំងរហូតដល់ទៅ ៦៨ សេះ អាចរត់បាន ៣៣៣ គីឡូម៉ែត្រ ពោលរថយន្តប្រភេទនេះគឺល្អមែនទែនសម្រាប់ការជិះប្រចាំថ្ងៃ ងាយស្រួលធ្វើដំណើរជិតៗប្រចាំថ្ងៃ។
៣.ក្រុមហ៊ុន MG ៖ ក្រុមហ៊ុនផលិតរថយន្តកូនកាត់អង់គ្លេស-ចិន MG កាលពីពេលថ្មីៗនេះ បានធ្វើការបើកសម្ពោធលក់ជាផ្លូវការនូវប្រភេទរថយន្ត Sedan ម៉ូឌែល MG7 ដែលតម្លៃចាប់ ១៧៤០០ដុល្លារអាមេរិក នៅក្នុងប្រទេសចិន ជាមួយនឹងរូបរាងកាន់តែទំនើបមុន។
ហើយអ្វីដែលកាន់តែពិសេសនោះរថយន្តម៉ូឌែលនេះ គឺមានទំហំប្រហាក់ហែលទៅនឹងរថយន្ត Toyota Camryដែរ ខណៈ MG7 មានកម្ពស់ ៤៨៨៩mm ទទឹង១៨៨៩mm និងគម្លាតកង់មុខ ទៅកង់ក្រោយមានគន្លាត ១៤៤៧mm ។ រថយន្តម៉ូឌែលនេះអាចជាន់ល្បឿនពី០ ទៅដល់១០០ដោយប្រើរយៈពេលត្រឹមតែ ៦.៥ វិនាទីប៉ុណ្ណោះ៕