នៅក្នុងពិភពការងារបច្ចុប្បន្ន បញ្ហាមួយដែលម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងជាច្រើនតែងតែជួបប្រទះ គឺអត្រានៃការលាលែងពីការងារខ្ពស់របស់បុគ្គលិក។ មនុស្សជាច្រើនតែងតែគិតថា បុគ្គលិកចាកចេញដោយសារតែប្រាក់ខែ ឬសម្ពាធការងារ ប៉ុន្តែការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា "បុគ្គលិកភាគច្រើនមិនបានលាលែងពីការងារនោះទេ ប៉ុន្តែពួកគេលាលែងពីអ្នកគ្រប់គ្រងរបស់ពួកគេ"។ ប្រសិនបើអ្នកសង្កេតឃើញថា បុគ្គលិកពូកែៗ និងមានសមត្ថភាពចេះតែចាកចេញពីអ្នកជាបន្តបន្ទាប់ វាដល់ពេលដែលអ្នកត្រូវត្រឡប់មកពិនិត្យមើលរចនាប័ទ្មនៃការគ្រប់គ្រងរបស់ខ្លួនឯងឡើងវិញ តាមរយៈ ៤ ចំណុចសំខាន់ៗខាងក្រោម៖
១. ការប្រើប្រាស់អំណាច និងឥទ្ធិពល
ចៅហ្វាយ តែងតែប្រើប្រាស់តំណែង សិទ្ធិ និងអំណាចដើម្បី "បញ្ជា" ឱ្យគេធ្វើតាម ដោយប្រើប្រយោគដូចជា "អ្នកត្រូវតែធ្វើ..." ឬ "ខ្ញុំជាចៅហ្វាយនៅទីនេះ" ហើយបង្កើតបរិយាកាសការងារដែលពោរពេញដោយសម្ពាធ និងភាពភ័យខ្លាច។ ផ្ទុយទៅវិញ អ្នកដឹកនាំ ប្រើប្រាស់ឥទ្ធិពល គំរូភាព និងការបំផុសគំនិតដើម្បី "ដឹកនាំ" ដោយពួកគេតែងតែពន្យល់ពី "មូលហេតុ និងតម្លៃ" នៃសកម្មភាពនីមួយៗ ដោយប្រើប្រយោគដូចជា "តើយើងអាចធ្វើវាជាមួយគ្នាដោយរបៀបណា?" ដើម្បីឱ្យបុគ្គលិកចូលរួមដោយស្ម័គ្រចិត្ត។
២. របៀបដោះស្រាយនៅពេលមានកំហុស
នៅពេលមានបញ្ហា ឬកំហុសកើតឡើង ចៅហ្វាយ ផ្តោតលើការ "ស្វែងរកអ្នកខុស" និងទម្លាក់កំហុសទៅលើបុគ្គលិក ដែលអាកប្បកិរិយានេះធ្វើឱ្យបុគ្គលិកបាត់បង់ទំនុកចិត្ត ភ័យខ្លាច និងមិនហ៊ានបង្កើតគំនិតច្នៃប្រឌិតថ្មីៗឡើយ។ ចំណែកឯ អ្នកដឹកនាំ វិញ នៅពេលជួបការបរាជ័យ ពួកគេផ្តោតលើការ "ស្វែងរកដំណោះស្រាយ" និងទាញយកមេរៀន ដោយហ៊ានចេញមុខទទួលខុសត្រូវជំនួសក្រុម និងកែប្រែកំហុសឆ្គងទាំងនោះឱ្យទៅ ជាឱកាសក្នុងការអភិវឌ្ឍសមត្ថភាព។
៣. ការមើលឃើញតម្លៃ និងការអភិវឌ្ឍមនុស្ស
ចៅហ្វាយ មើលឃើញបុគ្គលិកត្រឹមតែជា "ឧបករណ៍" សម្រាប់សម្រេចការងារ ឬទាញយកផលប្រយោជន៍ និងប្រាក់ចំណេញ ពួកគេប្រើប្រាស់សមត្ថភាពបុគ្គលិក ប៉ុន្តែមិនដែលវិនិយោគលើការបណ្តុះបណ្តាល ឬការលូតលាស់នៃអាជីពរបស់បុគ្គលិកឡើយ។ រីឯ អ្នកដឹកនាំ វិញ មើលឃើញបុគ្គលិកជា "ទ្រព្យសម្បត្តិដ៏មានតម្លៃ" ដោយពួកគេតែងតែបង្កើតឱកាស បណ្តុះបណ្តាល ផ្តល់អំណាចក្នុងការសម្រេចចិត្ត និងជួយជ្រោមជ្រែងបុគ្គលិកឱ្យរីកចម្រើន និងជោគជ័យក្នុងអាជីព។
៤. ការទទួលបានកិត្តិយស និងផលសម្រេច
នៅពេលការងារទទួលបានជោគជ័យ ចៅហ្វាយ តែងតែយកកិត្តិយស និងគំនិតល្អៗមកធ្វើជាស្នាដៃផ្ទាល់ខ្លួន ប៉ុន្តែនៅពេលបរាជ័យ បុគ្គលិកជាអ្នករងគ្រោះ។ ប៉ុន្តែសម្រាប់ អ្នកដឹកនាំ វិញ នៅពេលសម្រេចបានជោគជ័យ ពួកគេតែងតែផ្តល់កិត្តិយស និងការសរសើរទៅកាន់ក្រុមការងារ ហើយមានមោទនភាព និងរីករាយនៅពេលឃើញសមាជិកក្រុមទទួលបានការទទួលស្គាល់ពីអ្នកដទៃ។
ការផ្លាស់ប្តូរពី "ចៅហ្វាយ" ទៅជា "អ្នកដឹកនាំ" មិនមែនជាដែលកើតឡើងភ្លាមៗនោះទេ ប៉ុន្តែវាជាសិល្បៈនៃការយល់ចិត្ត និងការផ្តល់តម្លៃលើមនុស្ស។ ប្រសិនបើអ្នកចង់រក្សាមនុស្សពូកែៗ និងកសាងក្រុមការងារដែលរឹងមាំ ចាប់ផ្តើមផ្លាស់ប្តូរការយកចិត្តទុកដាក់ពីការ "គ្រប់គ្រង" មកជាការ "គាំទ្រ" ព្រោះនៅពេលដែលអ្នកជួយឱ្យបុគ្គលិករបស់អ្នកជោគជ័យ អាជីវកម្ម និងតួនាទីជាអ្នកដឹកនាំរបស់អ្នកក៏នឹងជោគជ័យប្រកបដោយចីរភាពដូចគ្នា។


