«ផ្កាឈូកស្រស់ស្អាតដុះចេញពីភក់ជ្រាំ មនុស្សរឹងមាំតែងមានស្នាមឈឺចាប់»។ ជាក់ស្តែង Emma Grede ធ្លាប់ជាក្មេងស្រីភ័យខ្លាចច្រើន និងបរាជ័យរាប់ភ្លេច ប៉ុន្តែពេលនេះអ្នកស្រីបានក្លាយជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Good American និងក្រុមហ៊ុន Skims ដែលមានតម្លៃរហូតដល់ ៤ពាន់លានដុល្លារ។
ក្នុងនាមជាស្រ្តីជំនួញឆ្នើមមួយរូប អ្នកស្រី Emma Grede បានប្រាប់ CNBC Make It កាលពីពេលកន្លងទៅ និងចង់ផ្តាំទៅមនុស្សគ្រប់គ្នាយ៉ាងដូច្នេះថា៖ «ច្បាប់មួយដែលដឹកនាំខ្ញុំមកដល់ចំណុចនេះ គឺការហ៊ានសាកល្បងធ្វើអ្វីដែលខ្លួនឯងខ្លាច។ ចូរក្លាហានឡើង ចង់បានអ្វីដែលអ្នកមិនធ្លាប់បាន ត្រូវហ៊ានធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើ។ កុំបណ្តោយឲ្យភាពភ័យខ្លាចដាក់ដែនកំណត់លើជីវិតអ្នកឲ្យសោះ»។
យ៉ាងណាមិញ ងាកមកមើលប្រវត្តិលម្អិតរបស់ Emma Grede វិញនាងបានធំធាត់ឡើងនៅទីក្រុងឡុងដ៍ (London) ភាគខាងកើត ក្នុងអំឡុងឆ្នាំ១៩៨២ ជាមួយក្តីសុបិនចង់ក្លាយជាមនុស្សមានឥទ្ធិពលម្នាក់ក្នុងឧស្សាហកម្មម៉ូដ។ អ្នកស្រីបានលើកឡើងថា៖ «អ្វីគ្រប់យ៉ាងគឺអំពីកំពូលតារាម៉ូដែល ហើយខ្ញុំចង់ឃើញម៉ូតសម្លៀកបំពាក់អង់គ្លេសកាន់តែរីកចម្រើន»។
ក្រោយពេលបញ្ចប់ថ្នាក់ឧត្តមសិក្សាពីសាលា London College of Fashion រយៈពេល ៧ឆ្នាំ យុវត្តីរូបនេះមិនដែលមានក្តីស្រមៃ ឬមានមហិច្ឆតាចង់ចាប់ផ្តើមក្រុមហ៊ុនផ្ទាល់ខ្លួននោះទេ។ នាងមិនស្គាល់សូម្បីបុគ្គលគំរូដែលបានកសាងអាជីវកម្មដោយខ្លួនឯង។ នាងរងការឈឺចាប់ ខកចិត្តដែលទទួលបានប្រាក់កម្រៃទាប បើទោះបីជានាងបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យហើយក៏ដោយ។ នាងមានអារម្មណ៍ថា មិនអាចគ្រប់គ្រងលើវាសនាខ្លួនឯងបាន ចុងបញ្ចប់អ្វីទាំងអស់នេះបានបង្ខំឲ្យ Emma Grede ត្រូវរកផ្លូវផ្សេងដើម្បីកសាងជីវិតថ្មី។
អស់រយៈពេល៦-៧ខែ ក្នុងឆ្នាំ ២០០៨ យុវត្តីកំសត់ ត្រូវចាប់ផ្តើមធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងតាំងពីចំណុចដំបូង។ នាងបានចេញទៅខាងក្រៅដើម្បីសិក្សាពីយុទ្ធសាស្ត្រឈ្នះៗនៃការរកស៊ី សេវាកម្មអាជីវកម្ម រួចត្រឡប់ទៅការិយាល័យទាំងយប់ និងធ្វើវិក្កយបត្រដើម្បីបើកប្រាក់ខែឲ្យបុគ្គលិក ដែលមានន័យថានាងបានសម្រេចចិត្តបើកដំណើរការភ្នាក់ងារទីផ្សារកម្សាន្ត ITB Worldwide ហើយ។ នាងបានជួលមនុស្សដែលត្រូវចំណាយលើច្រើនជាងខ្លួននាងទៅទៀត ព្រោះការងារមួយចំនួនលើសពីសមត្ថភាពរបស់នាង។
អ្នកស្រីបានថ្លែងថា៖ «អ្នកខ្លះថា ខ្ញុំជានាយកប្រតិបត្តិ ខ្ញុំគួរតែទទួលបានប្រាក់ច្រើនបំផុត។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំមិនដែលគិតអំពីរឿងនេះឡើយ។ ខ្ញុំចង់ឈ្នះអ្វីដែលខ្ញុំកំពុងធ្វើ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន»។ នេះបើយោងតាមសម្តី អ្នកស្រី Emma Grede ថ្លែងប្រាប់សារព័ត៌មាន CNBC Make It។
នៅចុងបញ្ចប់នៃ ITB អ្នកស្រីមានការិយាល័យនៅទីក្រុង New York, Los Angeles និង London រួមទាំងមានបុគ្គលិកជាង ១៥០នាក់។ នៅឆ្នាំ ២០១៨ ITB Worldwide ត្រូវបានទិញដោយភ្នាក់ងារទីផ្សារ Rogers & Cowan ចំណែកឯតម្លៃមិនត្រូវបានដាក់បង្ហាញនោះឡើយ។ ក្នុងឆ្នាំដដែល Emma Grede បានសហការបង្កើតម៉ាកសម្លៀកបំពាក់ Skims ដែលមានមូលដ្ឋាននៅ Culver City រដ្ឋ California អ្នកស្រីបានប្រាប់កាសែត New York Times កាលពីចុងឆ្នាំ២០២៣ថា ក្រុមហ៊ុននេះមានតម្លៃ ៤ ពាន់លានដុល្លារឯណោះ។
បច្ចុប្បន្ននេះ Emma Grede ក៏ជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Good American ដែលមានមូលដ្ឋាននៅទីក្រុង Los Angeles ដែលជាម៉ាកយីហោដ៏ល្បីល្បាញដែលអ្នកស្រីបានលួចបើកដំណើរការជាមួយ Khloé Kardashian តាំងពីឆ្នាំ ២០១៦។ អ្នកស្រី Emma Grede ក៏ជាស្ត្រីមួយរូបឈរលើមុខតំណែងជាក្រុមប្រឹក្សាភិបាលនៃ 15 Percent Pledge ដែលជាអង្គការមិនរកប្រាក់ចំណេញ ហើយកាលពីខែមុននេះ អ្នកស្រីបានក្លាយជាអ្នកវិនិយោគស្ត្រីស្បែកខ្មៅដំបូងគេដែលបង្ហាញខ្លួនក្នុងកម្មវិធី “Shark Tank” របស់ ABC ផងដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម https://t.me/hangchhengH24


