ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុត២របស់ឥណ្ឌា បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិកលោក Elon Musk ដើម្បីនាំយកសេវាអ៊ីនធឺណេតផ្កាយរណប Starlink ចូលប្រទេសឥណ្ឌា។
យោងតាមការចុះផ្សាយរបស់ CNN នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃអង្គារ ទី១១មីនា ថាក្រុមហ៊ុនទូរគមនាគមន៍ធំៗពីររបស់មហាសេដ្ឋីឥណ្ឌា ដែលមានឈ្មោះថា Reliance Jio ជាកម្មសិទ្ធិរបស់លោក Mukesh Ambani និងក្រុមហ៊ុន Bharti Airtel ជាកម្មសិទ្ធិរបស់មហាសេដ្ឋី Bharti Telecom បានសម្រេចចុះកិច្ចសន្យារកស៊ីជាមួយ SpaceX ។
ក្រុមហ៊ុនទាំងពីរនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាច់ដោយឡែកចំនួន២ផ្សេងគ្នា ជាមួយមហាសេដ្ឋី Elon Musk ដើម្បីទិញសិទ្ធិនិងនាំយកសេវាអ៊ីនធើណេត Starlink ដាក់ឱ្យប្រជាជនក្នុងប្រទេសឥណ្ឌាប្រើប្រាស់ ស្របពេលដែលតំបន់ដាច់ស្រយោលខ្លះ ពុំមានអ៊ីនធើណេតប្រើប្រាស់គ្រប់គ្រាន់។
យ៉ាងណាមិញគេសង្កេតឃើញថា ការប្រកាសលើកិច្ចព្រមព្រៀងជាមួយ SpaceX គឺធ្វើឡើងបន្ទាប់ពីជំនួបរបស់ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ជាមួយមហាសេដ្ឋី Elon Musk នៅឯ Washington, DC សហរដ្ឋអាមេរិក កាលពីខែមុន។ ខណៈយោងតាមការបង្ហោះនៅលើ X របស់លោក Modi នាយករដ្ឋមន្រ្តីឥណ្ឌាបានបញ្ជាក់ថា ពួកគេបានពិភាក្សាអំពីអវកាស បច្ចេកវិទ្យា និងការច្នៃប្រឌិត។
សូមជម្រាបថាជាការពិតនាពេលកន្លងមកក្រុមហ៊ុន SpaceX មានបំណងចូលទៅរកស៊ីនិងចាប់ផ្តើមសេវាកម្មអ៊ីនធើណេតផ្កាយរណប Starlink នៅប្រទេសឥណ្ឌាតាំងពីឆ្នាំ២០២១មកម៉្លេះ ប៉ុន្តែដោយសារឧបសគ្គផ្នែកច្បាប់ កិច្ចការនេះត្រូវបានពន្យារមកដល់ពេលនេះ៕
អត្ថបទដោយ៖ ពីង ជូអេង