បេសសកម្មបាញ់បង្ហោះរ៉ុក្កែតទៅកាន់ភពអង្គាររបស់ មហាសេដ្ឋីពិភពលោក Elon Musk ម្សិលមិញនេះ ត្រូវបានធ្លាក់ចុះមកវិញចូលក្នុងទៅសមុទ្រ បន្ទាប់ពីហោះផុតពីដីបាន៣៩គីឡូម៉ែត្រ ដែលតម្លៃនៃរ៉ុក្តែតនេះត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃចន្លោះពី២-៣ ពាន់លានដុល្លារ សម្រាប់គម្រោងនៃការបាញ់សាកល្បង នៅថ្ងៃទី២០មេសា នារដ្ឋធានីតិចសាស់ សហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍របស់ CNN Business។
ក្នុងដំណើរការធ្វើតេស្តបាញ់សាកល្បងនេះគឺត្រូវចំណាយលុយទៅបូករួមទាំង ការសាងសង់គំរូរ៉ុក្កែត ការរៀបចំទីកន្លែងសាកល្បង ថ្លៃប្រេងឥន្ធនៈដ៏ច្រើន និងបុគ្គលិកជំនាញៗ និងធ្វើយ៉ាងណាឱ្យរ៉ុក្កែត Starship នេះជាយានអវកាសដែលអាចប្រើប្រាស់ឡើងវិញបានច្រើនដងបន្ទាប់ពីបានហោះទៅកាន់ទីអវកាស។
សម្រាប់គោលបំណងធំបំផុតរបស់មហាសេដ្ឋីរូបនេះគឺ នាំមនុស្សទៅបង្កើតភពផ្សេងៗក្រៅពីភពផែនដី និងអភិវឌ្ឍបច្ចេកវិទ្យារ៉ុក្កែតដែលមានតម្លៃថោក ជាងអវកាសរបស់រដ្ឋាភិបាលអាមេរិក ពោលគឺអង្គការ NASA ។
សម្រាប់រ៉ុក្កែតនេះមាន២ផ្នែកធំៗសម្រាប់បាញ់បង្ហោះឡើងលើគឺ Booster ដ៏ធំនិង Starship ដែលជាដំណាក់កាលតួខ្លួន នៃយានអវកាស។ Starship ត្រូវបានគេរំពឹងថាជាយានបាញ់បង្ហោះដ៏មានឥទ្ធិពលបំផុតមិនធ្លាប់មាន ដែលមានសមត្ថភាពផ្ទុកមនុស្សបានរហូតដល់ ១០០ នាក់ និងទំនិញជាង ១០០ តោនទៅកាន់ឋានព្រះច័ន្ទឬភពព្រះអង្គារ។
គួរជម្រាបថា SpaceX របស់មហាសេដ្ឋីចិត្តសឿងរូបនេះ ធ្លាប់បាញ់បង្ហោះបរាជ័យជាច្រើនលើក ច្រើនសាររួចមកហើយ ប៉ុន្តែទោះបីជាការបង្ហោះយានដ៏ធំលើកនេះត្រូវបានបរាជ័យម្តងទៀត ក៏លោក Elon Musk មិនបានបោះបង់នោះដែរ ដោយលោកបានបង្ហោះសារនៅលើ Twitter ទៅកាន់បុគ្គលិកទាំងអស់ថា “បទពិសោធន៍ថ្ងៃនេះ គឺសម្រាប់ការបាញ់បង្ហោះសាកល្បងនៅប៉ុន្មានខែក្រោយទៀត”៕
អត្ថបទដោយ៖ ពីង ជូអេង