Elon Musk បាននិយាយថា គាត់នឹងមិនផ្តល់ភាគហ៊ុនក្រុមហ៊ុនដល់កូនៗទាំង ១០នាក់របស់គាត់ដោយស្វ័យប្រវត្តិនោះទេ ទោះបីជាពេលនេះគាត់គឺជាអ្នកមានបំផុតលេខ១ក្នុងពិភពលោកក៏ដោយ។ គាត់ជឿជាក់ថា ការចែកទ្រព្យ ចែកហ៊ុនឱ្យកូនដោយស្រួលៗ វាជាកំហុសដ៏ធំមួយ ហើយវាជារឿងសំខាន់សម្រាប់កូនៗ ក្នុងការរកចំណូលផ្ទាល់ខ្លួនក្នុងជីវិតហើយពួកគេមិនគួរត្រូវបាន ប្រគល់ទ្រព្យសម្បត្តិដោយគ្រាន់តែពួកគេកើតក្នុងគ្រួសារអ្នកមានស្រាប់នោះទេ។
បើសិនជាកូនៗរបស់លោក មានលក្ខៈសម្បត្តិធំៗចំនួន២យ៉ាងគឺ៖ មានចំណង់ចំណូលចិត្តងុបងល់ជាមួយនឹងអាជីវកម្មណាមួយ ហើយគាត់ជាមនុស្សដែលមានសមត្ថភាពពិតៗអាចគ្រប់គ្រងអាជីវកម្មឱ្យរីកចម្រើនទៅមុខ ទើបគាត់អាចមានឱកាសទទួលបានចំណែកភាគហ៊ុនពី Elon Musk។ ផ្ទុយទៅវិញបើសិនជាមិនមាន លក្ខណៈសម្បត្តិ២នេះ កូនElon Musk ១០នាក់ នឹងគ្មានបានចំណែកក្រុមហ៊ុនសូម្បី១ហ៊ុន។
Musk បាននិយាយផងដែរថា គាត់ចង់ធានាថា ក្រុមហ៊ុនរបស់គាត់ត្រូវបានគ្រប់គ្រងដោយមនុស្សដែលមានសមត្ថភាពបំផុត ដោយមិនគិតពីទំនាក់ទំនងគ្រួសាររបស់ពួកគេ។ លោកជឿជាក់ថានេះជាមធ្យោបាយដ៏ល្អបំផុតដើម្បីធានាថាក្រុមហ៊ុនរបស់លោកបន្តជោគជ័យទៅថ្ងៃអនាគត។
ការពិតមានហេតុផលពីក្រោយខ្នងមួយចំនួន ដែលធ្វើឱ្យសេដ្ឋី Elon Musk មិនចង់ចែកភាគហ៊ុនក្រុមហ៊ុន ឱ្យកូនៗទាំង១០របស់លោកគឺ៖
១. លោកជឿលើគុណធម៌ដែលមនុស្សគួរត្រូវបានកសាងភាពជោគជ័យចេញពីកម្លាំងញើសឈាមខ្លួនឯង
២. គាត់ចង់ធានាថាក្រុមហ៊ុនរបស់គាត់ត្រូវបានគ្រប់គ្រងដោយមនុស្សដែលមានសមត្ថភាពបំផុត។
៣. Musk ចង់ឱ្យកូនៗរបស់គាត់ត្រូវតែខំប្រឹងដើម្បីលុយ ចិញ្ចឹមជីវិតដោយខ្លួនឯង ដែលការធ្វើបែបនេះនឹងបង្រៀនពួកគេពីតម្លៃនៃការខិតខំប្រឹងប្រែង និងការតស៊ូ។
គួរជម្រាបថាទស្សនៈរបស់ Musk ស្តីពីមរតកនេះ អាចនឹងត្រូវមនុស្សផ្សេងៗយល់ឃើញខុសពីនេះផងដែរ។ អ្នកខ្លះជឿថាវាសំខាន់សម្រាប់គ្រួសារអ្នកមានក្នុងការប្រគល់ទ្រព្យសម្បត្តិដែលខ្លួនខំកសាង ប្រគល់ដល់កូនៗរបស់ខ្លួនជួយថែរក្សា និងចាត់ចែងទ្រព្យសម្បត្តិ ឱ្យកាន់តែមានភាពរីកចម្រើន ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោផងដែរ៕