តំបន់សេដ្ឋកិច្ចពិសេសចំនួន ២ ដែលវិនិយោគដោយក្រុមហ៊ុន កាណាឌីយ៉ា និងក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. នឹងលេចរូបរាងនៅក្នុងខេត្ដកំពង់ស្ពឺនៅពេលឆាប់ខាងមុន ខណៈគម្រោងនេះអភិវឌ្ឍន៍លើផ្ទៃដីសរុបជិត ១ ពាន់ហិកតា។ ពេលលេចរូបរាង តំបន់សេដ្ឋកិច្ចទាំងនេះនឹងជួយស្រូបទាញគម្រោងវិនិយោគថ្មីៗបន្ថែមទៀតពីក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ឲ្យមកបណ្ដាក់ទុននៅខេត្ដដ៏មានសក្ដានុពលមួយនេះ។
១. តំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១
យោងតាមអនុត្រឹត្យចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ សម្រេចឲ្យ បង្កើតតំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១ ដែលមានទីតាំងស្ថិតនៅ ភូមិអង្គតាឡឹក ភូមិក្រាំងលាវ ភូមិត្រពាំងវែង១ ភូមិត្រពាំងវែង២ ភូមិគរ ឃុំសំបូរ ស្រុកសំរោងទង និងភូមិរោងដំរី ភូមិអង្គតាឯក ភូមិពន្នរ ភូមិត្រពាំងកំបោះ ភូមិព្រៃតាទ្រូ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

នៅក្នុងអនុត្រឹត្យដដែលបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១ នេះមានទំហំ ៥១៨ ហិកតា ៤០ អា និង ១៧ សង់ទីអា។
២. តំបន់សេដ្ឋកិច្ចពិសេសសៀងហៃ (SHANGHAI SPECIAL ECONOMIC ZONE)
កាលពីដើមឆ្នាំ២០២៦ ក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគមានប្រភពមកពី ទីក្រុងសៀងហៃ ប្រទេសចិន បានស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនថ្មី១ដែលមានឈ្មោះ តំបន់សេដ្ឋកិច្ចពិសេសសៀងហៃ (SHANGHAI SPECIAL ECONOMIC ZONE) មានទីតាំងស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អភិវឌ្ឍន៍លើផ្ទៃដីទំហំប្រមាណ ៤៥៥ហិកតា៕



