បញ្ហាដែលអ្នកផ្សព្វផ្សាយ និងអ្នកលក់អនឡាញជាច្រើនបានជួបក្នុងពេលបច្ចុប្បន្ននេះ គឺខំថតវីដេអូ ខំសរសេរ ផុសរូបចូលផេកដូចគេដែរ ប៉ុន្ដែដូចជាមិនមាន like គ្មាន Share និងលក់មិនដាច់សោះ។ ហើយប្រសិនបើអ្នកកំពុងតែជួបបញ្ហាខាងលើនេះ អ្នកគួរតែប្រញ៉ាប់ឆែកមើលរឿងទាំង៣ដូចខាងក្រោម៖
១. ផុសលក់ច្រើនពេក៖ ផុសលក់ច្រើន មិនមែនមានន័យថា អាចលក់ដាច់ច្រើនតាមផុសនោះទេ តែផ្ទុយទៅវិញប្រសិនបើអ្នកគិតតែផុសលក់ផលិតផលសុទ្ធ និងធ្វើឱ្យផេករបស់អ្នកធ្លាក់ការមើលឃើញ (Reach) ទៅវិញទេ។ ដោយហេតុថាមនុស្សមិនសូវចូលចិត្តមើលពាណិជ្ជកម្មត្រង់ៗនោះទេ ប្រសិនបើអ្នកគិតតែពីផុសលក់សុទ្ធ ហើយអ្នកតាមដានផេករបស់អ្នកឧស្សាហ៍អូសរំលងផុសរបស់អ្នក ខាងរ៉ូបូតរបស់ហ្វេសប៊ុកនឹងគិតថា មាតិកានៅលើផេករបស់អ្នកគួរឱ្យធុញ និងអាចធ្វើឱ្យមនុស្សបិទហ្វេសប៊ុកទៅប្រើកម្មវិធីផ្សេង ហើយហ្វេសប៊ុកនឹងទម្លាក់ការមើលឃើញទៅលើផុសលើផេករបស់អ្នក។
យ៉ាងណាមិញ ជាដំណោះស្រាយសម្រាប់ អ្នកគួរតែរៀបប្រើច្បាប់ ៨០/២០ ដោយផុសពីចំណេះដឹងផ្សេងៗជុំវិញផលិតផលរបស់អ្នក ឬផុសចែករំលែកបទពិសោធន៍ និងផុសបែបសំណួរចម្លើយឱ្យបាន៨០% និងផុសលក់២០% អីបានហើយ។
២. ផុសមាតិកាប្រឆាំងនឹងហ្វេសប៊ុក ៖ ការផុសមាតិមួយចំនួន ក៏អាចក្លាយជាដើមហេតុធ្វើឱ្យផេករបស់អ្នកធ្លាក់ការមើលឃើញបានដែរ ប្រសិនបើអ្នកផុសមាតិកាដែលប្រឆាំងទៅនឹងច្បាប់ហ្វេសប៊ុកដោយមិនដឹងខ្លួន ដូចជាផុសនិយាយអួតហួសពីការពិត សរសេរផុស ប្រៀបធៀបដៃស ខ្មៅ អួតពីផលិតផលតែនិយាយអវិជ្ជមានខ្លាំងពេកជាដើម។ហេតុនេះអ្នកគួរតែចំណាយពេលសិក្សាមើកថា តើមាតិកាប្រភេទណាខ្លះ ប្រឆាំងនិងហ្វេសប៊ុក ដើម្បីជៀសវាងពីកំហុសដោយមិនដឹងខ្លួន។
៣.មាតិកាគ្មានគុណភាព៖ ក្រៅពីការផុសខុសច្បាប់របស់ Facebook បញ្ហាមួយទៀតនោះគឺការផុសដែលខ្វះភាពច្នៃប្រឌិត ពោលគឺរូបភាព វីដេអូ ក៏ដូចជា Caption មិនសូវទាក់ទាញ ដែលធ្វើឱ្យមនុស្សអូសរំលង ដែលហ្វេសប៊ុកចាត់ទុកថាមាតិកាបែបនេះជាមាតិកាដែលខ្វះគុណភាពនិងគួរឱ្យធុញទ្រាន់ ដែលអាចធ្វើឱ្យអ្នកប្រើបិទកម្មវិធីហ្វេសប៊ុកទៅធ្វើអីផ្សេងបាន៕