ការដឹកនាំប្រកបដោយក្បួនខ្នាត គឺជាគន្លឹះក្នុងការទទួលបាននូវភាពជោគជ័យ ក្នុងស្ថាប័ន១ព្រោះមេដឹកនាំដែលខ្លាំងពូកែ នឹងអាចគាស់រើនូវសក្ដានុពល អាចកែប្រែផ្នត់គំនិតមនុស្ស និងធ្វើឱ្យពួកគេ ដាក់ចិត្តកាយជាមួយកិច្ចការងារ ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។
"មួយជីវិតនេះមិនបានជួយអ្នកដទៃគឺគ្មានន័យឡើយ ស្លាប់ឱ្យមានឈ្មោះរស់ឱ្យមានន័យ" សម្រង់សម្តី១ឃ្លា ក្នុងចំណោមបណ្តាំរាប់សិបឃ្លានៃ បិតាស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា លោកតា បណ្ឌិត កុល ផេង ជាអតីតទេសរដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងអប់រំ ព្រមទាំងជាអ្នកដឹកនាំ១រូប ដែលបានលះបង់កម្លាំងកាយចិត្តឱ្យវិស័យអប់រំនៅកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំមកហើយ។
ក្នុងថ្ងៃនេះដែរយើងសូមលើកយកនូវក្បួនដឹកនាំដែលជាកំណប់ទ្រព្យជាង៣០ឆ្នាំ របស់ លោកតា បណ្ឌិត កុល ផេង យ៉ាងដូច្នេះថា អ្នកដឹកនាំអស្ចារ្យ តែងមានមុខ៤ ធ្វើឱ្យកូនៗចៅៗស្រឡាញ់អស់ពីពោះពុង។ យ៉ាងណាមិញមនុស្សមានមុខ៤ នេះគឺមាន "មេត្តា ករុណា មុទិតា ឧបេក្ខា" ពោលគឺព្រហ្មវិហារធម៌ដ៏ត្រជាក់ទាំង៤ របស់ព្រះព្រហ្ម ដែលមានមុខ៤។
មានប្រសាសន៍ភ្ជាប់ជាមួយស្នាមញញឹមដ៏មុតមាំ ប្រាប់ក្រុមការងារ Business Cambodia លោកតាបានគូសបញ្ជាក់ថា “អ្នកដឹកនាំមានមេត្តាគឺប្រើក្តីស្រឡាញ់ទៅច្នៃដុំពេជ្រ១គ្រាប់ដោយ ភ្ជាប់នឹងចិត្តករុណាគឺចិត្តសណ្តោសប្រណី បង្ហាញផ្លូវ ឃើញខុសអប់រំ ឃើញត្រូវសរសើរ ហើយប្រើមុទិតាទៅកាន់អ្នកផង បើគេបានសុខផង ក៏មានចិត្តជួយអរ សម្រាប់ខ្ញុំជាអ្នកដឹកនាំម្នាក់ ខ្ញុំប្រកាន់គោលការណ៍១ថា មកនៅក្បែរខ្ញុំ បើយកអ្វីពីខ្ញុំបានក៏យកទៅចុះ ដោយមានឧបេក្ខាគឺធ្វើយ៉ាងណានៅជាកណ្តាល បើតឹងកុំខ្លាំង បើធូរកុំឱ្យរលុងពេក”។
ជាការពិតណាស់ គេថារូបល្អអាចទាក់ភ្នែកមនុស្សទាំងផង សណ្តានចិត្តល្អផងអាចទាក់ចិត្តទេវតា។ ពាក្យមួយឃ្លានេះចង់បង្ហាញឱ្យយើងដឹងថា រូបកាយល្អស្អាតអាចទាក់ភ្នែកអ្នកដទៃឱ្យសម្លឹងតាមយើងដោយមិនរុញរា ចំណែកឯបេះដូងល្អផងអាចទាក់ចិត្តទេវតា ពោលបើយើងជាអ្នកដឹកនាំសម្បូរដោយយុទ្ធសាស្រ្ត មនុស្សនឹងតាមយើងដោយសារតួនាទីត្រូវតែដើរតាម ប៉ុន្តែបើយើងមានបេះដូងល្អភ្ជាប់មកផង គេនឹងតាមយើងព្រោះយើងជាយើង អស់ពីពោះពីពុង៕
អត្ថបទដោយ៖ ពីង ជូអេង