ប្រយ័ត្នទឹកភ្នែក!! ពេលចាប់ផ្តើមចេញរកស៊ីដំបូងបើមិនចង់ខាតឡុងចុង កុំសាងកំហុសទាំង ៦ នេះ
ធី ស្រីល័ក្ខAUGUST 23 2026168 views

នៅពេលដែលចេញរកស៊ីដំបូងៗការខាតការចំណេញជារឿងធម្មតា ប៉ុន្តែបើរកស៊ីយូរហើយនៅតែខាតទើបជារឿងដែលត្រូវយកចិត្តទុកដាក់ ព្រោះបើនៅតែបណ្តែតបណ្តោយអាចនឹងនាំឱ្យការរកស៊ីខាត ដួលបះជើង ខាតលុយខាតកាក់ទៅទទេៗ។ ហើយដើម្បីចៀសវាងការខាតអស់គូទខោម្ចាស់អាជីវកម្មដែលទើបនឹងរកស៊ីដំបូងគួរកុំសាងកំហុសទាំង ៦ ខាងក្រោមនេះ ៖

 

១.គ្មានផែនការអាជីវកម្មច្បាស់លាស់

ការចាប់ផ្តើមអាជីវកម្មមួយមិនមែនគ្រាន់តែមានដើមទុនហើយក៏អាចចាប់ផ្តើមទៅបានដោយគ្មានការរៀបចំផែនការនោះទេ ពោលគឺម្ចាស់អាជីវកម្មត្រូវរៀបផែនការជាមុនថា របរដែលយើងនឹងបើករកស៊ីនេះត្រូវចំណាយប៉ុនា្មនដើម្បីបើក ហាងទំហំប៉ុនណា អតិថិជនគោលដៅយើងជានរណា ត្រូវការបុគ្គលិកប៉ុន្មាននាក់ ពេលបើកហាងទៅតើត្រូវចាត់ចែងចំណូលចំណាយបែបណា រំពឹងការលក់បានបែបណាជាដើម សុទ្ធតែជាចំណុចដែលត្រូវកត់ទៅក្នុងផែនការអាជីវកម្មទាំងអស់ ទើបពេលបើកហាងរកស៊ីទៅមិនសូវហានិភ័យ។

 

២.មិនកំណត់អតិថិជនគោលដៅ

រកស៊ីមិនមែនបើកឱ្យល្អមើលឃើញគេលក់ដាច់លក់តាមគេគិតថាខ្លួនឯងបើកទៅនឹងមានភ្ញៀវដូចគេនោះទេ​ អ្វីដែលត្រូវគិតមុនបើកគឺ បើកលក់ឱ្យអ្នកណា អ្នកណាជាអតិថិជនគោលដៅដែលយើងគិតថាបើកទៅពួកគាត់នឹងមកទទួលសេវាកម្ម មិនមែនអាងមានទុនច្រើនបើកឱ្យតែបានៗនោះទេ ត្រូវដឹងសិនថានៅកន្លែងដែលយើងប្រុងនឹងបើកហាងឬសេវាកម្មនោះជាទីប្រជុំជន មានមនុស្សឆ្លងកាត់ច្រើន មានសាលារៀន មានក្រុមហ៊ុនបុគ្គលិកគេធ្វើការច្រើនអត់ ចំណុចទាំងអស់នេះហើយដែលបងប្អូនអ្នករកស៊ីដំបូងត្រូវដឹងព្រោះកន្លងមកមានអាជីវកម្មច្រើនហើយដែលបរាជ័យព្រោះចំណុចនេះ។

 

៣.រើសដៃគូរកស៊ីខុស

ការរើសដៃគូរកស៊ីមិនខុសពីការរើសគូជីវិត បើរើសត្រូវការរកស៊ីក៏ចម្រុងចម្រើន បើរើសខុសនាំទឹកភ្នែកហើយខាតលុយ ខូចទាំងមិត្តភាពទៀត។ ដូច្នេះនៅពេលចេញរកស៊ីប្រសិនបើខ្វះទុនហើយចង់រកដៃគូសហការគ្នាគួរមើលឱ្យបានល្អិតល្អន់ មើលសិនថាដៃគូយើងមានក្តីស្រមៃតែមួយជាមួយនឹងយើងឬអត់ មានជំនាញអ្វីដែលអាចជួយការងាររកស៊ីបានក្រៅពីទុនឬទេ ជាពិសេសត្រូវមើលថាតើដៃគូយើងមានកម្រិតនៃការទទួលខុសត្រូវបានប៉ុនណាឬចង់ចូលគ្រាន់តែចង់បានប្រាក់ចំណេញ លើសពីនេះទៅទៀតបើរកស៊ីចូលហ៊ុនគ្នាត្រូវមានកិច្ចសន្យាជាមួយគ្នាឱ្យបានច្បាស់លាស់ចៀសវាងមានបញ្ហាទៅថ្ងៃក្រោយ។

 

៤.មិនកំណត់ចំណូលចំណាយ

ចំណុចសំខាន់ក្នុងការរកស៊ីគឺហិរញ្ញវត្ថុ ហើយបើមិនចង់ឱ្យការរកស៊ីមានបញ្ហាត្រូវកំណត់ចំណូលចំណាយឱ្យបានច្បាស់ លៃលកយ៉ាងណាកុំឱ្យចំណាយធំជាងចំណូល កុំរកស៊ីគ្រាន់តែល្អមើលហើយរកប្រាក់ចំណេញមិនឃើញ នេះហើយជាចំណុចគ្រោះថ្នាក់បំផុតដែលម្ចាស់អាជីវកម្មត្រូវគិតត្រូវគូរមួយកាក់មួយសេនសម្រាប់អ្នករកស៊ីគឺពិតជាសំខាន់ណាស់មិនអាចខ្ជះខ្ជាយបាននោះទេ។

 

៥.ខុសលើធនធានមនុស្ស

ជាការពិតធនធានមនុស្សជាសរសៃឈាមក្នុងអាជីវកម្មហេតុនេះការប្រើប្រាស់ធនធានមនុស្សត្រូវច្បាស់ ប្រើឱ្យត្រូវជំនាញមនុស្ស និងរើសធនធានមនុស្សឱ្យត្រូវតាមតម្រូវការការរកស៊ី កុំរើសបុគ្គលិកគ្មានជំនាញ គ្មានចិត្តចង់រីកចម្រើនចូលធ្វើការគិតតែប្រាក់ខែ។ មូលហេតុចម្បងដែលត្រូវរើសបុគ្គលិកជំនាញគឺដើម្បីអាចជំនួសការងារក្នុងការរកស៊ីបានល្អជាងបុគ្គលិកគ្មានជំនាញ ហើយងាយយល់ការជាងបុគ្គលិកធម្មតា។

 

៦.ពង្រីកលឿនពេក

ការពង្រីកសាខាច្រើនជារឿងល្អតែបើពង្រីកមិនមើលពីស្ថានភាពនឹងក្លាយជារឿងអាក្រក់វិញ ព្រោះថាការបើកសាខាមួយៗម្ចាស់អាជីវកម្មត្រូវគិតគូរល្អិតល្អន់ ព្រោះចាយលុយបើកសាខានីមួយៗត្រូវចំណាយថវិកាច្រើន ហើយក៏ត្រូវរៀបចំអ្វីៗថ្មីៗទាំងអស់ ហើយបើការរកស៊ីនៅមិនទាន់នឹងទឹងទេគួរកុំពង្រីកបន្ថែម ព្រោះកាលណាបើហាងដើមមិនទាន់ដើរស្រួលទៅបើកបន្ថែមអាចនាំឱ្យបញ្ហាទាំងពីរបានផងដែរ។

គួរបញ្ជាក់ផងដែរថា ចំណុចទាំង៦ខាងលើនេះ គ្រាន់ជាគំនិតបន្ថែមខ្លះៗសម្រាប់អ្នកចង់រកស៊ីនិងទើបចេញរកស៊ី ដើម្បីត្រៀមលក្ខណៈនិងពិនិត្យមើលឡើងវិញដើម្បីបង្ការហានិភ័យខាតឬក្ស័យធន៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia