ដូចដែលបងប្អូនបានដឹងរួចមកហើយថាប័ណ្ណបេឡាសន្តិសុខសង្គម (ប.ស.ស) បានផ្តល់នូវអត្ថប្រយោជន៍ជា ច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការធានាបាននូវសង្គតិភាព សមធម៌និងសាមគ្គីធម៌សង្គម និងដើម្បីលើកកម្ពស់សុខុមាលភាពនិងជីវភាពរបស់ប្រជាពលរដ្ឋ ដោយធានានូវសន្តិសុខប្រាក់នៅពេលជួបហានិភ័យសង្គម រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម។
មិនតែប៉ុណ្ណោះ ប័ណ្ណបេឡាសន្តិសុខសង្គមនេះក៏បានផ្តល់នូវអត្ថប្រយោជន៍ធំៗមួយចំនួនទៀតទៅដល់អ្នកប្រើប្រាស់ដូចជា ៖ ថែទាំសុខភាពសេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ ហានិភ័យការងារដោយទទួលបានការគាំពារពេលជួប គ្រោះថ្នាក់ដោយចៃដន្យ និងភ្លាមៗនៅក្នុងពេលធ្វើការងារ និកម្មភាពការងារតាមរយៈការផ្តល់ជាជំនួយបណ្តោះអាសន្ន ពេលជួបនូវបាតុភូតសេដ្ឋកិច្ចនៅក្នុងសង្គមជាដើម។
ជាមួយគ្នានេះដែរក៏មានសេវានិងការព្យាបាលមួយចំនួនមិនត្រូវបានដាក់បញ្ចូលទៅក្នុងរបបថែទាំសុខភាពរបស់ប័ណ្ណ ប.ស.ស ដែលរួមមាន ៖
១.ការព្យាបាលទាំងឡាយដែលមិនគិតថ្លៃ ដែលមានចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ
២.ការថែទាំធ្មេញ (ការសម្អាតធ្មេញ ការប៉ះធ្មេញ និងការដាក់ធ្មេញ)
៣.ការព្យាបាល និងការវះកាត់ប្តូរភេទ
៤.ការផ្សាំ ឬប្តូរសរីរាង្គផ្សេងៗ
៥.សេវាបង្កកំណើតដោយសិប្បនិម្មិត
៦.ការព្យាបាលដោយខ្លួនឯង
៧.ការព្យាបាល ឬវះកាត់កែសម្ផស្ស
៨.ឧបករណ៍ជំនួយភ្នែកសិប្បនិម្មិត និងការព្យាបាលដោយកាំរស្មីឡាស៊ែរ
៩.ការព្យាបាលញៀនសុរា និងផ្តាច់គ្រឿងញៀន
១០.ការព្យាបាលអសមត្ថភាពផ្តល់កំណើត
១១.ការវះកាត់ដោយដាក់គ្រាប់ភ្នែកសិប្បនិម្មិត
១២.ការវះកាត់បេះដូង និងសសៃឈាមបេះដូង
១៣.ការលាងឈាម
១៤. ការពិនិត្យសុខភាពទូទៅ ៕