ថ្មីៗនេះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនឹងដាក់ពន្ធថ្មីចំនួន ១០% បន្ថែមទៀតលើទំនិញនាំចូលពីប្រទេស ដាណឺម៉ាក និងប្រទេសនៅអឺរ៉ុបចំនួន ៧ ផ្សេងទៀត រហូតដល់មាន “កិច្ចព្រមព្រៀងទិញយក Greenland ដោយពេញលេញ និងជាស្ថាពរ”។ ហើយប្រទេសដែលរងផលប៉ះពាល់រួមមានប្រទេស ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់។ លោក ត្រាំ បញ្ជាក់ថា ប្រសិនបើមិនមានកិច្ចព្រមព្រៀងត្រឹមថ្ងៃទី ១ ខែមិថុនា ពន្ធនឹងត្រូវបង្កើនឡើងដល់ ២៥%។
ក្នុងសារបង្ហោះលើ Truth Social លោក ដូណាល់ អះអាងថា ចិន និងរុស្ស៊ីកំពុងចង់បាន Greenland ហើយដាណឺម៉ាក “មិនអាចធ្វើអ្វីបាន” ដើម្បីទប់ស្កាត់ឡើយ។ លោកថា មានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអាច “ចូលលេងហ្គេមនេះបានដោយជោគជ័យ”។ លោកក៏បានរិះគន់សន្តិសុខរួមនៅជុំវិញ Greenland រវាងដាណឺម៉ាក និងសម្ព័ន្ធមិត្តអឺរ៉ុប ដោយអះអាងថា វាជាស្ថានការណ៍គ្រោះថ្នាក់ចំពោះ “សុវត្ថិភាព និងការរស់រានមានជីវិតរបស់ពិភពលោក” ហើយថា ត្រូវការវិធានការខ្លាំងៗ ដើម្បីរក្សាសន្តិភាពពិភពលោក។
យោងតាមសារព័ត៌មាន NBC មេដឹកនាំពីប្រទេស ដាណឺម៉ាក បន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់ បានចេញសេចក្ដីថ្លែងការណ៍រួម ដោយព្រមានថា ការគំរាមដាក់ពន្ធនេះ “បំផ្លាញទំនាក់ទំនងអន្តរអាត្លង់ទិក និងអាចនាំទៅរកស្ថានការណ៍គ្រោះថ្នាក់”។ ពួកគេបញ្ជាក់ថា នឹងឈររួមគ្នា និងការពារអធិបតេយ្យភាពរបស់ខ្លួន។
សហភាពអឺរ៉ុប (EU) ក៏បង្ហាញការគាំទ្រយ៉ាងពេញលេញចំពោះដាណឺម៉ាក និងប្រជាជន Greenland។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក António Costa ថ្លែងថា ពន្ធថ្មីទាំងនេះគឺ “មិនអាចទទួលយកបានទេ” និងអាចបង្កើតភាពតានតឹងធ្ងន់ធ្ងរ។ មេដឹកនាំសភាអឺរ៉ុបខ្លះ ក៏បានអំពាវនាវឱ្យផ្អាកការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងអឺរ៉ុប ហើយអាចប្រើ “អាវុធពាណិជ្ជកម្ម” របស់ EU ដើម្បីឆ្លើយតប។
ផលប៉ះពាល់សេដ្ឋកិច្ច និងនយោបាយអ្នកវិភាគព្រមានថា ការដាក់ពន្ធលើសម្ព័ន្ធមិត្តអឺរ៉ុប អាចនាំឱ្យតម្លៃទំនិញនៅអាមេរិកឡើងថ្លៃ រួមមានថ្នាំពេទ្យ និងគ្រឿងបន្លាស់យន្តហោះ ជាពិសេសពីអាល្លឺម៉ង់ ដែលជាប្រភពនាំចូលសំខាន់។ សមាជិកព្រឹទ្ធសភាអាមេរិកទាំងពីរគណបក្ស បានរិះគន់ការសម្រេចចិត្តនេះ ដោយថា វាធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម អ្នកប្រើប្រាស់ និងបំបែកភាពរួបរួមរបស់ NATO ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ប្រទេសគូប្រជែងដូចជា រុស្ស៊ី និងចិន។
ការគំរាមដាក់ពន្ធរបស់លោក ដូណាល់ ត្រាំ ជុំវិញបញ្ហា Greenland បានបង្កើតភាពតានតឹងខ្លាំងរវាងអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប។ ក្នុងខណៈដែលអឺរ៉ុបអះអាងការពារអធិបតេយ្យភាព និងច្បាប់អន្តរជាតិ ធ្វើឱ្យសំណួរធំមួយលេចឡើងថា តើវិធានការនេះនឹងនាំទៅរកការចរចា ឬនាំទៅរកជម្លោះពាណិជ្ជកម្មធ្ងន់ធ្ងរជាងមុន?


