ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែកឈ្លានពានបូរណភាពទឹកដីកម្ពុជា ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជា ស្លាប់ និងរបួស ព្រមទាំងជនភៀសសឹករាប់ម៉ឺននាក់បានភៀសខ្លួន។ ខណៈទង្វើយ៉ាងគឃ្លើនរបស់ថៃនេះគឺបានរំលោភទៅលើសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ។

យ៉ាងណាក្នុងនាមជាសាក្សីនៃកិច្ចព្រមព្រៀងសន្ដិភាពខាងលើ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាស់ ត្រាំ នឹងចូលខ្លួនមកដោះស្រាយបញ្ហានេះម្ដងទៀត។ ដោយលោកមានគម្រោងទូរស័ព្ទជួបជាមួយមេដឹកនាំកម្ពុជា និងថៃ ដោយផ្ទាល់ បន្ទាប់ពីជម្លោះព្រំដែនបានផ្ទុះឡើងសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃទី១០ ខែធ្នូ នេះ។
ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានមានប្រសាសន៍បញ្ជាក់ដូច្នេះថា៖ «នៅថ្ងៃស្អែក (ថ្ងៃពុធ ម៉ោងនៅសហរដ្ឋអាម៉េរិក) ខ្ញុំនឹងទូរស័ព្ទជួបជាមួយមេដឹកនាំប្រទេសទាំងពីរ។ ខ្ញុំនឹងបើកកិច្ចពិភាក្សាតាមទូរស័ព្ទ ដើម្បីបញ្ឈប់សង្រ្គាមរវាងប្រទេសពីរ»៕




