រដ្ឋបាលអាមេរិកដែលដឹកនាំដោយលោកប្រធានាធិបតី ដូ ណាល់ត្រាំ បានប្រកាសពីផែនការដកប្រទេសអាហ្វ្រិកខាងត្បូង (South Africa) និងប្រទេសរវ៉ាន់ដា (Rwanda) ចេញពីកម្មវិធីស្ដីពីកំណើន និងឱកាសសេដ្ឋកិច្ចអាហ្វ្រិក (AGOA) នៅដើមឆ្នាំ២០២៧ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ។
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បានជូនដំណឹងទៅកាន់សភាអាមេរិកថា ប្រទេសទាំងពីរនឹងដកចេញពីកម្មវិធី AGOA ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ។ ខណៈការសម្រេចចិត្តនេះធ្វើឡើងដោយសារតែប្រទេសទាំងពីរមិនបានអនុវត្តតាមលក្ខខណ្ឌតម្រូវ ឬមានគោលនយោបាយដែលមិនស្របតាមបទដ្ឋានកំណត់របស់កម្មវិធីពាណិជ្ជកម្មខាងលើ។

សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង ភាគីទីក្រុងវ៉ាស៊ីនតោនបានបង្ហាញក្តីបារម្ភពាក់ព័ន្ធនឹងឧបសគ្គនានាចំពោះពាណិជ្ជកម្ម និងការវិនិយោគរបស់សហរដ្ឋអាមេរិក បញ្ហាអំពើពុករលួយ ក៏ដូចជាការគំរាមកំហែងដល់ផលប្រយោជន៍សន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។
ចំពោះប្រទេសរវ៉ាន់ដាវិញ អាមេរិកក៏បានលើកឡើងពីបញ្ហាទាក់ទងនឹងការអនុវត្តគោលនយោបាយពាណិជ្ជកម្ម និងកត្តាផ្សេងទៀតដែលនាំឱ្យមានការសម្រេចចិត្តផ្អាកសិទ្ធិទទួលបានអនុគ្រោះពន្ធនេះផងដែរ។

សូមជម្រាបថា AGOA គឺជាកម្មវិធីដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យប្រទេសនៅតំបន់អាហ្វ្រិកជាច្រើន អាចនាំចេញទំនិញាប់រាប់ពាន់មុខចូលទីផ្សារសហរដ្ឋអាមេរិកដោយមិនបាច់បង់ពន្ធនាំចូល ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងតំបន់។ ការណ៍ដែលអាហ្វ្រិកខាងត្បូង និងរវ៉ាន់ដា ត្រូវគេរំពឹងថានឹងត្រូវដកចេញពីបញ្ជីនេះ ត្រូវបានគេមើលឃើញថា គឺជាការផ្លាស់ប្តូរដ៏ធំមួយដែលអាចប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរជាមួយសហរដ្ឋអាមេរិក៕


