កញ្ញា Domonique Brown (ដូម៉ូនិក ប្រោន) ធ្លាប់ធ្វើការឱ្យគេ ដោយចំណាយពាល ៨០ម៉ោងក្នុង១សប្តាហ៍ និងទទួលបានចំណូលជាង ជាង ១២ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែពេលនេះគាត់បានសម្រេចចិត្តចោលការងារ មកធ្វើជាអ្នកគូរគំនូរ ចំណាយពេល១ថ្ងៃតែ២ម៉ោង អាចរកចំណូលបានដល់ទៅ ជាង ២២,០០០ដុល្លារក្នុងមួយខែ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា កញ្ញា Domonique បានចាត់ទុក “ការបោះបង់ការងារមកធ្វើជាជាងគំនូរ ថាជាការវិនិយោគលើទេព្យកោសល្យរបស់ខ្លួនឯង”។ ដោយសារតែគាត់មានចំណូលចិត្តលើការគូររូប និងមានក្ដីសុខពេលបានដែលធ្វើអ្វីដែលខ្លួនចង់ធ្វើគាត់ ក៏សម្រេចចិត្តច្នៃវាឱ្យក្លាយជាប្រភពចំណូលមួយតែម្ដង។ ខាងក្រោមនេះជាវិធីសាស្រ្តសំខាន់៣ ដែលកញ្ញា Domonique បានប្រើ ដើម្បីអាចលក់ស្នាដៃរបស់ខ្លួននៅលើទីផ្សារបាន៖
១. ប្រើដោយខ្លួនឯង៖ គាត់បានគូរគំនូរ ដែលប្រកបដោយការច្នៃប្រឌិតប្លែកៗ រួចយកវាទៅព្រីនបិទលើរបស់ប្រើប្រាស់ប្រចាំថ្ងៃដែលគាត់មាន។ រាប់ចាប់តាំងពីកុំព្យូទ័រ ទូរស័ព្ទ ស្បែកជើង សម្លៀកបំពាក់ និងមិនលើកលែងសូម្បីតែស្រោមជើង។ នៅពេលដែលគាត់ប្រើប្រាស់រាល់ថ្ងៃបែបនេះ ចៀសមិនផុតពីការចាប់អារម្មណ៍ពីសំណាក់អ្នកស្គាល់ឡើយ ហេតុនេះបើមានអ្នកចង់បានដូចគាត់ គេនឹងក្លាយចាអតិថិជនរបស់គាត់។
២. ផ្សព្វផ្សាយលើបណ្ដាញសង្គម៖ សម័យនេះជាសម័យបច្ចេកវិទ្យា ដូច្នេះហើយមនុស្សគ្រប់គ្នាសុទ្ធតែអាចបង្ហាញពីអ្វីដែលខ្លួនមានទៅកាន់ពិភពលោក ដើម្បីឱ្យអ្នកដទៃបានស្គាល់ តាមរយៈការបង្ហោះលើហ្វេសប៊ុក, យូធូប, TikTok និង Instagram ជាដើម។ រូបគំនូររបស់ Domonique ចាប់ផ្ដើមល្បីល្បាញនៅលើសង្គម TikTok ធ្វើឱ្យមានមនុស្សជាច្រើនបញ្ជាទិញស្នាដៃរបស់គាត់។
៣. បង្កើតទំនាក់ទំនង៖ ទោះបីនេះជាសម័យជឿនលឿន ប៉ុន្តែយើងមិនអាចពឹងផ្អែកតែលើបណ្ដាញសង្គមតែមួយមុខឡើយ។ យើងត្រូវចេញក្រៅជួបគេ បង្ហាញពីស្នាដៃដែលខ្លួនមាន និងព្យាយាមចូលទៅស្គាល់អ្នកដែលធ្វើនៅវិស័យដូច ឬស្រដៀងយើងឱ្យបានច្រើន។ ដោយសារតែការចេញទំនាក់ទំនងខាងក្រៅនេះហើយ ទើបធ្វើឱ្យ Domonique មានឱកាសសហការជាមួយនឹងក្រុមហ៊ុនធំៗដូចជា Disney, Samsung, Lowe’s និង LA Lakers ជាដើម។
កញ្ញា Domonique បានគូសបញ្ជាក់ផងដែរថា មុនពេលដែលយើងចង់បោះបង់ការងារទៅចាប់យកជំនាញដែលយើងចូលចិត្ត លោកអ្នកត្រូវប្រាកដជាមុនសិនថា អ្នកពិតជាស្រលាញ់និងមានជំនាញមួយនោះច្បាស់លាស់ ហើយអ្នកបានត្រៀមវិធីរួចរាល់នៅក្នុងការនាំយកស្នាដៃរបស់អ្នកចូលទៅទីផ្សារឱ្យបាន។ សូមរំលឹកដែរថា គិតឱ្យច្បាស់សិនចាំធ្វើការសម្រេចចិត្ត៕
អត្ថបទដោយ៖ សូ សុខលី