អាជីវកម្មតូចធំសុទ្ធតែត្រូវប្រើប្រាស់បំណុល មិនថាក្នុងរូបភាពជាកម្ចី ឬជាមូលបត្របំណុលក៏ដោយ ដូច្នេះហើយការអាជីវកម្មមួយមានបំណុលជារឿងធម្មតាមិនមានអ្វីប្លែកទេ។ ប៉ុន្តែបំណុលនឹងក្លាយជារឿងមិនធម្មតានៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ បាត់បង់ចំណូល រកលុយសងគេលែងទាន់។
ប្រសិនបើអ្នកជាអ្នករកស៊ីដែលកំពុងមានបំណុល នៅក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះ Business Cambodia សូមណែនាំនូវរឿងសំខាន់៥យ៉ាង ដែលអ្នកគួរធ្វើជាបន្ទាន់ ដើម្បីការពារកុំឱ្យអាជីវកម្មធ្លាក់ក្នុងវិបត្តិ៖
១. ពិនិត្យ Case Flow៖ ពិនិត្យរាល់បញ្ចីចំណូលចំណាយ ដើម្បីឱ្យបានដឹងថា តើលុយចេញទៅច្រកណាខ្លះ តើវាមានហៀរចេញទៅច្រកណាដែលមិនសំខាន់ឬទេ? ច្រកចេញនៃលុយក្នុងអាជីវកម្មសំខាន់ៗមានដូចជា ចំណាយលើការផលិត (វត្ថុធាតុដើម ឬទិញពីអ្នកផ្គត់ផ្គង់), ចំណាយលើបុគ្គលិក, ចំណាយប្រតិបត្តិការ ឬចំណាយលើការធ្វើទីផ្សារ និងចំណាយថ្លៃទីតាំងអាជីវកម្មជាដើម។
២. កាត់ចំណាយថ្លៃដើម៖ ក្នុងដំណាក់កាលសេដ្ឋកិច្ចមិននឹងនរចំណូលធ្លាក់ចុះ អ្នកត្រូវរកវិធីកាត់ចំណាយថ្លៃដើមនៃផលិតផល។ ជាអ្នករកស៊ីអ្នកប្រាកដជាដឹងហើយថា ដើម្បីបានផលិតផលមួយត្រូវចំណាយថ្លៃដើមលើកត្តាជាច្រើន ទាំងវត្ថុធាតុដើម កម្លាំងពលកម្ម ថ្លៃទឹក ថ្លៃភ្លើង រួមទាំងថ្លៃដឹកជញ្ជូនជាដើម។ ដូច្នេះដើម្បីកាត់បន្ថយថ្លៃដើម អ្នកត្រូវចាប់ផ្ដើមពីការកាត់បន្ថយខ្ទង់ចំណាយលើកត្តារួមផ្សំទាំងអស់នោះ។
៣. ពិនិត្យផលិតផលឡើងវិញ៖ ពេលដែលលក់លែងសូវដាច់ ក៏គួរជាពេលដែលអ្នកត្រូវសួរឡើងវិញថា តើផលិតផលសព្វថ្ងៃនេះត្រូវនឹងតម្រូវការរបស់សង្គមដែរទេ? តើមានចំណុចណាដែលយើងអាចកែប្រែបានដើម្បី ឱ្យបត់ស្របតាមតម្រូវការរបស់សង្គម? តើគួរបង្កើតចំណុចពិសេសអ្វីដើម្បីទាក់ទាញអតិថិជនជាងមុន?
៤. ប្រើក្បួនធ្វើទីផ្សារ 0៛៖ ការធ្វើទីផ្សារគឺជាចំណុចសំខាន់ដើម្បីឱ្យអាជីវកម្មអ្នករស់ ប៉ុន្តែក៏មិនមានន័យថាទាល់តែជះលុយច្រើនធ្វើទីផ្សារ ទើបអាចទទួលបានលទ្ធផលល្អនោះទេ។ លោកអ្នកអាចប្រើប្រាស់ក្បួនធ្វើទីផ្សារ ០៛ ដែលវាអាចជួយកាត់បន្ថយការចំណាយបានច្រើន ដោយគ្រាន់តែប្រើប្រាស់នូវធនធានដែលអ្នកមានឱ្យអស់លទ្ធភាព។ ធនធានមានដូចជាហ្វេសប៊ុកផេក កុំខំតែបញ្ចូលលុយប៊ូតស៍ តែត្រូវព្យាយាមបង្កើតមាតិកា (Content) ឱ្យទាក់ទាញជំនួសវិញ រៀនធ្វើវីដេអូ ព្រោះមនុស្សឥឡូវចូលចិត្តមើលវីដេអូ។ វិធីទាំងអស់នោះមិនត្រឹមតែកាត់បន្ថយចំណាយទេ ប៉ុន្តែវាអាចជួយឱ្យម្ចាស់អាជីវកម្មដូចជាអ្នកទទួលបាននូវចំណេះដឹងថ្មីៗថែមទៀតផង។
៥. សរុបបំណុលដែលមាន៖ រឿងសំខាន់បំផុតដែលមិនរំលងទាល់តែសោះនោះគឺត្រូវធ្វើយ៉ាងណាឱ្យយើងអាចស្គាល់ស្ថានភាពរបស់ខ្លួនឯងច្បាស់។ បើដឹងថាខ្លួនមានបំណុល ត្រូវកត់ត្រាបំណុលទាំងអស់នោះចូលក្នុងបញ្ជីឱ្យបានច្បាស់លាស់។ រួចពិនិត្យមើលថាតើបំណុលណាបន្ទាន់ បំណុលណាមិនបន្ទាន់ និងរកវិធីដោះស្រាយវាតាមចំណាត់ថ្នាក់ ត្រូវដឹងថាគួរបង្កើតលុយពីប្រភពណាដើម្បីអាចដោះបំណុលបាន។ តាមដានជាប្រចាំកុំភ្លេចខ្លួនឱ្យសោះ ព្រោះអ្នកអាចភ្លេចបំណុលតែការប្រាក់មិនភ្លេចអ្នកទេ៕
អត្ថបទដោយ៖ សូ សុខលី


