អាយុក្រោម ៣៦ឆ្នាំមិនទាន់សល់អីសោះកុំអស់សង្ឃឹម CEO ម្នាក់ប្រាប់ឱ្យធ្វើរឿង ៣នេះបានអាចផ្លាស់ប្តូរជីវិតអ្នកនឹកស្មានមិនដល់
Pov SaruFEBRUARY 19 2026951 views

ការខំប្រឹងប្រែងរកប្រាក់ផ្គត់ផ្គង់ជីវភាព ឬកសាងទ្រព្យសម្បត្តិនៅក្នុងវ័យខ្ទង់២០ឆ្នាំ គឺជាអ្វីដែលមនុស្សភាគច្រើនកំពុងតែធ្វើ។ ទន្ទឹមនឹងនេះដែរ ការប៉ងប្រាថ្នាចង់បានការងារមួយ ដែលមានស្ថេរភាព ដែលអាចផ្ដល់នូវចំណូលមានស្ថេរភាព សម្រាប់ចិញ្ចឹមជីវិត ក៏ជាអ្វីដែលមនុស្សភាគច្រើនកំពុងតែប្រាថ្នាចង់បានផងដែរ។

 

ស្របពេលដែលលោក Eyal N. Danon គឺជាគ្រូបង្វឹកអំពីជីវិត ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុម Ignite Advisory Group បែរជាលើកឡើងថា សម្រាប់អ្នកដែលមានវ័យចន្លោះពី ១៨ ដល់ ៣៦ឆ្នាំ ទោះបីមិនទាន់មានចំណូលច្រើន ឬមិនទាន់មានការងារដែលមានស្ថេរភាព ក៏មិនជាបញ្ហាអ្វីដែរ សំខាន់ឱ្យតែអាចធ្វើរឿងសំខាន់ៗ ៣ នេះបាន៖ 

 

១. គួរសាកល្បងការងារ ឬអាជីពផ្សេងៗឱ្យបាន ៣ជំនាញ៖ លោក Eyal N. Danon លើកទឹកចិត្តឱ្យមនុស្សក្រោមអាយុ ៣៦ឆ្នាំគួរប្រឡូកការងារ ឬអាជីពដែលយើងចាប់អារម្មណ៍យ៉ាងតិចឱ្យបាន ៣ ព្រោះវ័យនេះ គឺជាវ័យត្រូវស្វែងរកគោលដៅពិតរបស់ខ្លួនឯង ថាស្រលាញ់ចូលចិត្តអ្វីពិតប្រាកដ។ ឧ. ប្រសិនបើអ្នកមានក្ដីស្រមៃចង់ក្លាយជាតន្ត្រីករ អាចចាប់ផ្ដើមប្រឡូកវាឱ្យបានស៊ីជម្រៅ ដើម្បីរកឱ្យឃើញថាវាត្រូវនឹងអ្នកឬអត់។ ប្រសិនបើគិតថាមិនត្រូវទេ អ្នកអាចសាកល្បងអ្វីផ្សេងទៀតជាបន្តបន្ទាប់បាន។ ប៉ុន្តែសូមចាំថា ត្រូវខំរកគោលដៅឱ្យឃើញកាន់តែលឿនកាន់តែល្អ ព្រោះការសាកល្បងច្រើនពេក ក៏ធ្វើឱ្យអ្នកអាចខ្ជះខ្ជាយពេលវេលាផងដែរ។

 

២. ស្វែងរកអ្នកណែនាំ៖ អ្នកណែនាំមិនត្រឹមតែផ្តល់ដំបូន្មាន និងការតភ្ជាប់ឱកាសមួយចំនួនសម្រាប់អ្នកតែប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏អាចប្រាប់អ្នកអំពីរឿងគួរធ្វើ និងមិនគួរធ្វើ ព្រមទាំងអាជីពដែលមានសក្តានុពលនាពេលអនាគតផងដែរ។ អ្នកណែនាំដ៏ល្អបំផុត គឺបានចូលរួមយ៉ាងសកម្មក្នុងដំណើរការរបស់អ្នក ដោយផ្តល់ការលើកទឹកចិត្ត បំផុសគំនិត និងជូនដំណឹងផ្សេងៗដល់អ្នក។

 

៣. កុំខ្វល់ពីអ្វីដែលអ្នកដទៃគិតអំពីអ្នក៖ ពេលខ្លះការស្វែងរកក្តីសុបិនរបស់អ្នកទាមទារឱ្យអ្នកជឿជាក់លើខ្លួនឯង ហើយភ្លេចអំពីអ្វីដែលអ្នកដទៃគិតអំពីដំណើររបស់អ្នក។ សូមចងចាំថា ដោយសារតែអ្នកកំពុងដើរលើផ្លូវដែលខុសប្លែកពីគេ មិនមែនមានន័យថាអ្នកកំពុងសម្រេចចិត្តខុស ឬមិនខិតខំប្រឹងប្រែងនោះទេ។ មនុស្សជោគជ័យបំផុតហ៊ានប្រថុយប្រថាន ប្រឈមនឹងហានិភ័យផ្សេងៗ ហើយពួកគេហ៊ានធ្វើវាកាន់តែឆាប់ នោះគាត់ក៏នឹងសម្រេច គោលដៅកាន់តែឆាប់ផងដែរ។

 

ជារួមមកវិញ ប្រសិនបើអ្នកអាចចាប់យកឱកាស អាចកសាងសមត្ថភាព និងភាពរីកចម្រើនបានលឿនតាំងពីវ័យខ្ទង់ ២០ឆ្នាំ គឺជារឿងល្អបំផុត។ ប៉ុន្តែប្រសិនបើអ្នកមិនទាន់អាចរកចំណូលបានច្រើន ឬមិនទាន់មានការងារដែលមានស្ថេរភាពទេ ក៏កុំទាន់អស់សង្ឃឹមដែរ ប៉ុន្តែអ្នកគួរតែផ្ដោតលើរឿងសំខាន់ៗ ៣យ៉ាងខាងលើ នោះអ្នកអាចនឹងទទួលបានភាពរីកចម្រើនលឿននាពេលអនាគត៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia