ថ្មីៗនេះឯកត្ដម ឌិត ឌីណា ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សេចក្ដីទុកចិត្ដតែងតាំងជា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី ដើម្បីមើលការខុសត្រូវលើវិស័យដ៏សំខាន់នៅក្នុងប្រទេសកម្ពុជាមួយនេះ។ យ៉ាងណាបន្ទាប់ពីទទួលបានតំណែងដ៏សំខាន់នេះ ឯកត្ដម ឌិត ឌីណា ក៏បានប្ដេជ្ញាចិត្ដធ្វើរឿងសំខាន់ទាំង ២ នេះដើម្បីជួយដល់វិស័យកម្មនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន។
ថ្លែងក្នុងឱកាសទទួលមុខតំណែងជារដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្ម កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ឌិត ឌីណា បានប្ដេជ្ញាថា ប្រែក្លាយកសិកម្មកម្ពុជា ឱ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាបន្ន និងមាននិរន្តភាព ធន់នឹងបម្រែប្រម្រួលអាកាសធាតុ ហើយបម្រើឱ្យផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន និងលើកកម្ពស់ជីវភាពរបស់កសិករ។
ដោយឡែក ឯកត្ដមក៏បានប្ដេជ្ញាចិត្ដដោះស្រាយបញ្ហាប្រឈមរបស់វិស័យកសិកម្ម និងស្វែងរកទីផ្សារបន្ថែម សម្រាប់ផលិតផលកសិកម្ម តាមរយៈការខិតខំប្រឹងប្រែង រួមជាមួយថ្នាំដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម ព្រមទាំងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ជាពិសេសក្នុងពេលដែលប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយសារតែទឹកជំនន់៕
អត្ថបទ៖ កឹម ប៊ុនធឿន