ការវិនិយោគបែបណាក៏ដោយគឺទាមទារឲ្យអ្នកទិញត្រូវមានភាពច្បាស់លាស់ និងធ្វើការសម្រេចចិត្តវិនិយោគជាមួយអចលនទ្រព្យដ៏ត្រឹមត្រូវមួយ។ ប៉ុន្តែប្រសិនបើអ្នកវិនិយោគខុសគោលដៅ អ្នកមិនមែនត្រឹមតែខាតបង់ប្រាក់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងពេលវេលា និងកម្លាំងកាយចិត្តផងដែរ។ ដូច្នេះតើអ្នកត្រូវយល់ដឹងអ្វីខ្លះ អំពីការវិនិយោគ ដែលចាត់ទុកថាជាវិនិយោគដែលអាចធានាបានផលចំណេញ?
យោងតាមការដកស្រងចេញពីសារព័ត៌មាន Modest Money បានបង្ហាញពីគន្លឹះ ៥យ៉ាងជាមុនសិនប្រសិនបើចង់ទទួលបានផលចំណេញពីការវិនិយោគ៖
១. ទិញរស់នៅ ឬទិញវិនិយោគ
ទិញសម្រាប់រស់នៅ និងទិញទុកលក់វិញមានលក្ខណៈខុសគ្នា។ ទិញផ្ទះ ឬទិញដីសម្រាប់សាងសង់ផ្ទះរស់នៅគឺត្រូវទាមទារការគិតគូរកត្តាមួយចំនួនដែលជះឥទ្ធិពលរយៈពេលវែង ក្នុងនោះទីតាំងគឺជាកត្តាសំខាន់ ប៉ុន្តែវាក៏អាស្រ័យគោលបំណងនៃការរស់នៅរបស់អ្នកផងដែរ ថាតើអ្នកចង់បានការរស់នៅបែបគ្រួសារ ដែលមានស្ងប់ស្ងាត់ ឬរស់នៅផង និងធ្វើអាជីវកម្មផង។
ចំណែកទិញទុកវិនិយោគមានលក្ខណៈពិសេសមួយគឺអ្នកអាចជ្រើសរើសតំបន់ណាមួយក៏បាន (ទិញឆ្ងាយពីក្រុង ឬជិតក្រុង) សំខាន់ឲ្យមានសក្តានុពលដែលអាចលក់ចំណេញច្រើន។ ជាទូទៅការទិញអចលនទ្រព្យនៅតាមតំបន់ជាយក្រុង ឬក្រៅក្រុងមានឱកាសចំណេញច្រើនព្រោះអ្នកអាចទិញបានក្នុងតម្លៃទាប។ ប៉ុន្តែការរង់ចាំជាអ្វីដែលអ្នកត្រូវពិចារណា។
តែទោះយ៉ាងណាសម្រាប់អ្នកដែលមានដើមទុនច្រើន ការវិនិយោគនៅតំបន់កណ្តាលក្រុងគឺអាចទទួលបានផលចំណេញជាទីគាប់ចិត្ត។
២. អចលនទ្រព្យស្របច្បាប់
អចលនទ្រព្យស្របច្បាប់ គឺសំដៅដល់អចលនទ្រព្យដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ (ប្លង់រឹង)។ នេះជាចំណុចដំបូងគេបង្អស់ ដែលអ្នកត្រូវតែទទួលបាន។ វិនិយោគអចលនទ្រព្យស្របច្បាប់ គឺចំណេញលើសពីហិរញ្ញវត្ថុ។
៣. មើលពីអនាគតនៃតំបន់
ជាធម្មតាតំបន់អភិវឌ្ឍន៍នីមួយៗតែងតែងត្រូវបានកំណត់ទៅតាមផែនការមេនៃការអភិវឌ្ឍរបស់ ខេត្ត/ក្រុង។ ផែនការមេ ឬប្លង់មេទាំងនេះអាចប្រាប់អ្នកអំពីអនាគតនៃអចលនទ្រព្យនៃតំបន់ដែលអ្នកចង់ទិញ។ ចំណុចនេះមានន័យថា អ្នកត្រូវសិក្សាពាក់ព័ន្ធទៅនឹងសកម្មភាពសេដ្ឋកិច្ច ទំនោរនៃការរស់នៅ តំបន់ឧស្សាហកម្ម គម្រោងលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងលំហូរអ្នកចំណូលថ្មីទៅកាន់តំបន់នេះ។
៤. ស្គាល់តំបន់ឲ្យច្បាស់មុនសម្រេចចិត្តទិញ
ដឹងពីតំបន់ច្បាស់ទើបអ្នកអាចដឹងអំពីសក្តានុពលពិតប្រាកដ ឬបញ្ហាប្រឈមនានាដែលមាននៅទីតាំងនោះក្នុងពេលបច្ចុប្បន្ន។
ការស្គាល់តំបន់បានច្បាស់លាស់ អ្នកនឹងដឹងពីស្ថានភាពទូទៅដូចជា៖ ដីមានជម្លោះ ដីកម្មសិទ្ធិរដ្ឋ ដីសម្បទាន អសន្តិសុខ និងតំបន់មានទឹកជំនន់ជាដើម។ ដូចគ្នាដែរសម្រាប់សក្តានុពលវិញ អ្នកអាចដឹងពីចំនួនប្រជាសាស្ត្រ តម្លៃដី សកម្មភាពសេដ្ឋកិច្ច ឬភាពងាយស្រួលនៃការរស់នៅ និងធ្វើដំណើរជាដើម។
៥. ត្រូវដឹងថា នរណានឹងជួលអចលនទ្រព្យរបស់អ្នក
បើអ្នកចង់ទិញអចលនទ្រព្យទុកដាក់ជួលដើម្បីបានប្រាក់ចំណូលប្រចាំខែដំបូងអ្នកត្រូវដឹងថា តើអ្នកចង់បានអតិថិជនប្រភេទណាជាអ្នកចំណូលទាប កម្មកររោងចក្រ សិស្សនិស្សិត អ្នកប្រកបអាជីវកម្ម បុគ្គលិកក្រុមហ៊ុន ឬជនបរទេស។ មនុស្សទាំងនេះមានតម្រូវការខុសគ្នា ហើយការចំណាយរបស់ពួកគេក៏មានកម្រិតខុសគ្នាផងដែរ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត