ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ដាក់វិន័យក្រោមរូបភាព បន្ថយមួយថ្នាក់ និងបន្ថយឋានន្តរស័ក្តិ ចំពោះចៅក្រមចំនួន ៥រូប នៃក្របខ័ណ្ឌចៅក្រម។ នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១១២៥/១៤២៧ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
ចៅក្រមទាំង ៥ រូប ដែលរងការដាក់វិន័យនោះរួមមាន៖
១/. ឯកឧត្តម ឃុន លាងម៉េង៖ ឧត្តមចៅក្រម ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ៦។
២/. លោក ភូ ពៅស៊ុន៖ ឧត្តមចៅក្រម ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ៦។
៣/. លោកស្រី យិច ឈាណារី៖ ឧត្តមចៅក្រម ថ្នាក់លេខ ៦ មកជាវរៈចៅក្រម ថ្នាក់លេខ ១។
៤/. ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ៖ វរៈចៅក្រម ថ្នាក់លេខ ២ មកជាថ្នាក់លេខ ៣។
៥/. លោកស្រី ទិត ដាលីន៖ វរៈចៅក្រម ថ្នាក់លេខ ៤ មកជាអនុចៅក្រម ថ្នាក់លេខ ១។
គួរជម្រាបផងដែរថា ការសម្រេចដាក់វិន័យខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាសម័យប្រជុំថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។
ក្នុងព្រះរាជក្រឹត្យដដែលនោះ ព្រះមហាក្សត្របានចាត់ឱ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះព្រះហស្តលេខានេះតទៅ៕



