ជំនាញ Digital Marketing ត្រូវបានគេស្គាល់ថាជំនាញមួយដែលទីផ្សារត្រូវការ ចេះច្បាស់ចំណូលខ្ពស់។ ដូច្នេះចំពោះបងប្អូនសិស្សានុសិស្សដែលទើបប្រឡងចប់បាក់ឌុប ចង់រៀនជំនាញដែលជាតម្រូវការទីផ្សារនាពេលបច្ចុប្បន្នមួយនេះ លោក មាស សកល ស្ថាបនិក រង្វង់ - RONGVONG និងជាអ្នកជំនាញ Digital Marketing បទពិសោធន៍១៥ឆ្នាំលើវិស័យនេះបានឱ្យដឹងថា យុវជនដែលមានបំណងចង់រៀនជំនាញទីផ្សារ 4.០នេះត្រូវត្រៀមដំណាក់កាលសំខាន់ទាំង៣ចំណុចនេះ៖
ដំណាក់កាលទី១
លោក មាស សកល បានឱ្យដឹងថានៅក្នុងដំណាក់កាលដំបូងការចាប់ផ្ដើមពីមនុស្សគ្មានបទពិសោធន៍ សោះ យើងគួរតែត្រៀមខ្លួនលើ ៣ចំណុចសំខាន់ៗ៖
ទី១. ចេះប្រើទូរស័ព្ទ ឬ កុំព្យូទ័រ ដើម្បីងាយស្រួលប្រើ Tools និង Software មួយចំនួនសម្រួលដល់ការងារ។
ទី២. មូលដ្ឋានភាសាអង់គ្លេស គួរតែអាចអាន និងសរសេរភាសាអង់គ្លេសបានខ្លះ ដើម្បីងាយស្រួលស្រាវជ្រាវ។
ទី៣. ធ្លាប់លេងបណ្ដាញសង្គម យល់ដឹងពីជីវិតលើបណ្ដាញសង្គមខ្លះ ដើម្បីងាយស្រួលធ្វើទីផ្សារចំគោលដៅ។
ត្រង់ចំណុចនេះដែរអ្នកជំនាញរូបនេះបានឱ្យដឹងថាជំនាញទីផ្សារឌីជីថលគឺមានភាពទូលំទូលាយណាស់ ហើយនរណាៗក៏អាចរៀនជំនាញនេះបានដែរ ត្បិតអ្វីមានមនុស្សច្រើនណាស់ ចេញពីវិស័យផ្សេងៗគ្នាងាកមកចាប់ជំនាញមួយនេះ។ ក្នុងនោះមានដូចជានិស្សិតសកលវិទ្យាល័យ, ជាIT Support, ជាពលករ, ជាអាជីវករ, ជាគ្រូភាសាអង់គ្លេស, ជាអ្នកឌីសាញ, និងជំនាញផ្សេងទៀត ។ ជាក់ស្តែងសម្រាប់រូបលោក ផ្ទាល់ មុនពេលចាប់ជំនាញនេះលោកក៏ជាអ្នកជំនាញផ្នែកលក់ម្នាក់ដែរ។
ដំណាក់កាលទី២
ជាដំណាក់កាលដែលយើងត្រូវបុកគ្រឹះជំនាញមូលដ្ឋានជាច្រើនប្រភេទទៅតាមតម្រូវការរបស់ខ្លួនយើងងថាយើងខ្លួនឯងចង់ក្លាយទៅជាអ្នកឯកទេសអ្វីលើជំនាញ Digital Marketing នេះ។ ខណៈជំនាញគ្រឹះសំខាន់ៗដែលយើងត្រូវបំពាក់នៅក្នុងដំណាក់កាលទី២នេះ លោក មាស សកល បានគូសបញ្ជាក់ថាមានដូចជាជំនាញសរសេរមាតិកា, មូលដ្ឋានគ្រឹះក្នុងការចនារូបភាព, មូលដ្ឋានគ្រឹះបង្កើតវីដេអូខ្លី និងមូលដ្ឋានគ្រឹះក្នុងការផ្សព្វផ្សាយលើហ្វេសប៊ុក។
ដំណាក់កាលទី៣
អ្នកជំនាញរូបនេះបានបញ្ជាក់បន្ថែមថាក្រោយពីចេះច្បាស់អំពីការ២ដំណាក់កាលខាងលើហើយ យើងត្រូវបន្តរៀនបន្ថែមទៀត លើជំនាញបច្ចេកទេស ឬជំនាញគ្រប់គ្រងទីផ្សារបណ្តាញសង្គម។
ប្រសិនបើយើងចង់ធ្វើជា អ្នកជំនាញឯកទេស គឺត្រូវពង្រឹងជំនាញណាមួយក្នុងចំណោមជំនាញគោលទាំង៤ ដែលបានរៀបរាប់ខាងលើ ឲ្យមុតស្រួច។ មួយវិញទៀតប្រសិនបើយើងចង់ធ្វើជា អ្នកគ្រប់គ្រងទីផ្សារបណ្ដាញសង្គម គឺត្រូវច្បាស់ពីយុទ្ធសាស្រ្តទីផ្សារដែលគេនិយមប្រើនៅស្រុកខ្មែរ។
ទន្ទឹមនឹងនេះដែរអ្នកជំនាញរូបនេះបានឱ្យដឹងថាចំពោះការរៀនជំនាញទាំងនេះគឺប្រើពេលខ្លីប៉ុណ្ណោះឱ្យតែយើងមានចំណូលចិត្ត និងប្រឹងប្រែងធ្វើការលើវាខ្លាំង។ មួយវិញទៀតសម្រាប់អ្នកចេះវិស័យឌីជីថលម៉ាឃីតនេះទៅជាជំនាញណាមួយក្នុងសហគមន៍ឌីជីថលនេះ នឹងអាចរកចំណូលបានចន្លោះពី១៥០$-១៥០០$ ថែមទាំងអាចវិវត្តន៍ខ្លួនក្លាយជាអ្នកធ្វើការឯករាជ្យ បុគ្គលិកក្រុមហ៊ុន អ្នកលក់រាយអនឡាញឬជាម្ចាស់អាជីវកម្មខ្នាតតូចបាន (SME)។
បើយើងក្រឡេកមកមើលពីទីផ្សារបច្ចុប្បន្នបន្តិចយើងសង្កេតឃើញថា ម្ចាស់អាជីវកម្មមួយចំនួនសព្វថ្ងៃនេះមិនទាន់យល់ច្បាស់ពីរបៀបធ្វើទីផ្សារបែបឌីជីថល 4.0 ឬ 5.០ នៅឡើយទេ ខណៈពិភពលោកនឹងដើរដល់ទីផ្សារ 6.0 នាពេលដ៏ឆាប់រហ័ស។ ដូច្នេះហើយបានជាគេតែងត្រូវការអ្នកចេះធ្វើទីផ្សារលើប្រព័ន្ធឌីជីថលច្បាស់លាស់ ជំនាញខ្ពស់។
អាស្រ័យហេតុនេះសម្រាប់អ្នកទើបចប់បាក់ឌុប ហើយមិនច្បាស់ថាចាប់ជំនាញណាមួយ អាចជ្រើសរើសជំនាញណាមួយនៅវិទ្យាស្ថាន ឬសាកលវិទ្យាល័យសិន។
ក្នុងនោះ ស្ថាបនិក រង្វង់ - RONGVONG បានលើកទឹកចិត្តដល់អ្នកដែលចង់ហក់ចូលវិស័យ Digital Marketing គួរតែរៀនវគ្គខ្លីបន្ថែមជំនាញនេះក្នុងឆ្នាំទី១ស្របគ្នាជាមួយជំនាញនៅសកលវិទ្យាល័យបានផងដែរ ដើម្បីដឹងថាតើយើងស្រឡាញ់ជំនាញមួយណាហើយរំភើបជាមួយ Digital Marketing ដែរឬអត់។
គួរជម្រាបថា លោក មាស សកល ជាស្ថាបនិក រង្វង់ - RONGVONG ដែលជាវេទិកាបណ្តុះបណ្តាលជំនាញ Marketing ជាភាសាខ្មែរដ៏ពេញនិយមមួយរបស់អ្នកស្រឡាញ់វិស័យឌីជីថល ខណៈលោកក៏ជាអ្នកចែករំលែកមួយរូប និងជាគ្រូបង្រៀនឯកទេសលើជំនាញនេះផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង