ខ្សែភាពយន្តភាគបុរាណចិនគឺជាតថភាពដែលឆ្លុះបញ្ចាំង អំពីជីវភាពរស់នៅរបស់ប្រជាជនចិននិ ងបានជះឥទ្ធិពលដល់ការរស់នៅរបស់មនុស្សជំនាន់ក្រោយ ព្រមទាំងក្លាយទៅចំណែកនៃមេរៀនសម្រាប់ប្រើប្រាស់ក្នុងការអនុវត្តលើជីវិតជាក់ស្តែងទៅ តាមសម័យកាលរបស់ប្រភេទរឿងនីមួយៗ។ ជាក់ស្តែងដូចជារឿងបុរាណចិនមួយដែលសម្តែងដោយលោក Dicky Cheung និងត្រូវបានគេស្គាល់ថាជាតួអង្គលោក សិន វ៉ាន់សាន ក្នុងខ្សែភាពយន្ត “The Magic bowl“ បង្ហាញអំពីការធ្វើជំនួញ និងងើបចេញអំពីភាពក្រីក្ររបស់យុវជនដែលជាកូនកសិករតជំនាន់ ដែលមិនព្រមធ្វើស្រែចិញ្ចឹមជីវិត ហើយចង់ក្លាយជាអ្នករកស៊ីល្បីឈ្មោះ រហូតអាចសម្រេចនូវក្ដីស្រមៃខ្លួន ហើយកសាងបានទ្រព្យស្តុកស្តម្ភទៀតផង។
ជាងនេះផងដែរតួអង្គមហាសេដ្ឋី សិន វ៉ាន់សាន ដែលមានឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្បៈមានទេពកោសល្យល្បីល្បាញថែមទៀតនោះបាននាំឱ្យលោកគឺជាមហាសេដ្ឋីលាក់មុខមួយរូបដែលមានលំហូរទ្រព្យសម្បត្តិបានមកអំពីការសម្តែងសិល្បៈ។
ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបរបស់តួអង្គមហាសេដ្ឋី សិន វ៉ាន់សាន ដែលមិនត្រឹមតែពូកែនៅក្នុងសាច់រឿងនោះទេ ថែមទំាងជាសេដ្ឋីលាក់ខ្លួនទៀតផង។
តារាសម្តែងប្រុសសម្បូរវេហាស័ព្ទលោក Dicky Cheung (张卫健) មានដើមកំណើតជាជនជាតិចិនហុងកុងនិងជាតារាចម្រៀងកើតនៅថ្ងៃទី ០៨ ខែកុម្ហៈ ឆ្នាំ១៩៦៥ នាប្រទេសចិន។ ក្រឡេកមកកាន់អតីតកាលបន្តិច កុមារភាពរបស់លោក Cheung ហាក់ឯកាបន្តិចនៅពេលដែលលោកធំធាត់នៅក្នុងគ្រួសារដែលមានឪពុកម្តាយលែងលះគ្នា និងរស់នៅជាមួយឪពុកដែលតែងប្រើអំពើហិង្សាលើរាងកាយនៅពេលដែលលោកមានអាយុ១៤ ឆ្នាំ។ ប៉ុន្តែជាសំណាងល្អលោកបានទទួលការសិក្សាអប់រំចប់ចុងចប់ដើមនៅទីក្រុងហុងកុងផ្ទាល់និងបានរកឃើញទេពកោសល្យរបស់ខ្លួនជាតារាសម្តែងនៅពេលដែលលោកចូលចិត្តសង្កេតអាប្បកិរិយារបស់មនុស្សនិងការច្រៀងចម្រៀង។
មុននឹងឈានដល់ភាពជាកំពូលតារា បុរសវ័យកណ្តាលរូបនេះមានប្រវត្តិនិងការតស៊ូក្រាញ់ននៀលនៅលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំដោយដំបូងឡើយគ្មាននរណាទទួលស្គាល់សមត្ថភាពរបស់រូបលោកឡើយ។ នៅឆ្នាំ១៩៨៤ លោកបានចូលប្រឡូកក្នុងការប្រឡងចម្រៀងរបស់កម្មវិធីទូរទស្សន៍របស់ចិនមួយ ប៉ុន្តែវាមិនមែនជាការចាប់ផ្តើមដ៏ល្អនោះទេ ក៏ធ្វើឱ្យលោកផ្លាស់អាជីពមកចូលសម្តែងម្តង ក្នុងរយៈពេល៨ឆ្នាំហាក់គ្មានពន្លឺអ្វីអំពីការសម្តែងជាតួឯកនោះទេ ពោលគឺបានត្រឹមជាតួអង្គបន្ទាប់បន្សំប៉ុណ្ណោះ ។ រហូតដល់ឆ្នាំ១៩៩១ លោកបានទទួលឱកាសគ្រងតំណែងជាតួសំខាន់ជាលើកដំបូងក្នុងខណៈពេលដែលលោកមានអាយុ ២៦ឆ្នាំ។ ផ្ទុយមកវិញខ្សែភាពយន្ដដំបូងនេះហាក់មិនសូវមានការគាំទ្រដូចជាខ្សែភាពយន្តភាគដែលលោកសម្តែងជាតួអង្គស្តេចស្វាតួឯកក្នុងរឿង Journey to the West នោះទេ ដែលធ្វើឱ្យគាត់ទទួលសន្ទុះគាំទ្រច្រើននៅហុងកុងជាលើកដំបូង។ ពិសេសជាងនេះទៅទៀតនោះរឿង អ្នកជំនួញចិន សិន វ៉ានសាន ដែលរៀបរាប់អំពីការតស៊ូរបស់យុវជនក្រីក្រ ធ្វើបដិវត្តន៍ខ្លួនពីកូនកសិករក្រតជំនាន់មកជាអ្នកជំនួញដែលមានឥទ្ធិពលមួយរូបក្នុងទីក្រុងដោយផ្អែកទៅលើរឿងពិតក្នុងរជ្ជកាលរាជវង្សមីង ដែលផលិតក្នុងឆ្នាំ២០០៣ ធ្វើឱ្យលោកកាន់តែមានកិត្យានុភាពមួយកម្រិតទៀត។
នៅចុងឆ្នាំ ១៩៩៧ Cheung បានជួបប្រពន្ធរបស់គាត់ Jess Zhang ដែលជាតារាសម្តែងនៅក្នុងប្រទេសចិននៅពេលពួកគេថតនៅទីតាំងតែមួយតែតាមផលិតកម្មដាច់ដោយឡែក។ បន្ទាប់មកទំនាក់ទំនងរបស់ពួកគេកាន់តែរីកចម្រើននៅពេលដែល Cheung តែងតែទិញទឹកសុទ្ធសម្រាប់ប្រពន្ធរបស់លោកជារឿយៗដើម្បីតាមចែចង់នាង ហើយនៅក្នុងឆ្នាំ ២០០៧ពួកគេក៏បានសម្រេចចិត្តរៀបការនឹងគ្នានៅទីក្រុងប៉េកាំង។
យ៉ាងណាមិញតារាសម្តែងវ័យ ៥៧ឆ្នាំ រូបនេះធ្លាប់បានលើកឡើងអំពីបំណងរបស់លោកជាចុងក្រោយនៅពេលណាដែលលោកលាឈប់ពីមុខជំនួញសម្ដែង នឹងគិតពិចារណាធ្វើអ្វីដែលមានន័យបន្តទៀតក្នុងជីវិត ដូចជាការស្ម័គ្រចិត្តលះបង់ដើម្បីសង្គមជាដើមខណៈពេលបច្ចុប្បន្នលោកមានទ្រព្យសម្បត្តិប្រមាណ ២លានដុល្លារ និងត្រូវបានគេទទួលស្គាល់ថាជាសេដ្ឋីមួយរូបនៅក្នុងពិភពសិល្បៈចិននៅក្នុង ឆ្នាំ២០២២នេះ។
ខាងក្រោមនេះគឺជាសម្រង់ទស្សនៈរបស់តួអង្គមហាសេដ្ឋី សិន វ៉ាន់សាន៖
១/.បទពិសោធន៍គឺជាដើមទុននៃការធ្វើជំនួញហើយនេះជារឿងធម្មជាតិ និងចាំបាច់ត្រូវបូកសរុបបទពិសោធន៍ក្នុងការបរាជ័យ ។
២/.ខ្វល់ខ្វាយចំពោះអ្វីដែលមនុស្សត្រូវការ និងអ្វីដែលពួកគេត្រូវការ នេះបង្ហាញពីសីលធម៌មូលដ្ឋានរបស់អ្នកជំនួញ ៕
អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រចៀកកាំ )