សាលារៀន ដាយមិនដ៍ បើកសម្ពោធអគារសិក្សាថ្មី និងបង្ហាញមហិច្ឆតា បណ្តុះបណ្តាលកូនសិស្ស ប្រកបដោយគុណភាព
Sopheak PichMAY 19 2024

(ភ្នំពេញ)៖ នាយកសាលារៀន ដាយមិនដ៍ លោក គង់ សុខុម បានមានប្រសាសន៍ នៅក្នុង ពិធីសម្ពោធអគារសិក្សាថ្មីនៃសាលារៀន ដាយមិនដ៍ថា ការរៀបចំបើកដំណើរការ សាលារៀន ដាយមិនដ៍ នៅបរិវេណឃុំភ្នំបាតនេះ គឺដើម្បីរួមចំណែក ក្នុងការកសាងអភិវឌ្ឍធនធានមនុស្ស នៅតំបន់នេះ ប្រកបដោយគុណភាព ដោយចាប់ផ្ដើមការអប់រំដំបូង តាំងពីថ្នាក់ មតេ្តយ្យឡើងទៅ ដែលជាការកសាងមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់សម្រាប់ ការអភិវឌ្ឍមូលធនបញ្ញារបស់កុមារា កុមារី ដើម្បីឱ្យពួកគេក្លាយខ្លួនជាកោសិកាសង្គមប្រកបដោយសក្តានុពល ។
នៅក្នុង «ពិធីសម្ពោធអគារសិក្សាថ្មី នៃសាលារៀន ដាយមិនដ៍» ដែលមានទីតាំង នៅភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មានវត្តមានគណៈអធិបតី លោក អៀម សុខពេញ ប្រធានការិយាល័យ អប់រំយុវជន និងកីឡា ស្រុកពញាឮ , លោក ឡុង សេរីរ័ត្ន អនុប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកពញាឮ, លោក គង់ សុគន្ធ ប្រធានក្រុមប្រឹក្សា ឃុំ ភ្នំបាត លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស សិស្សានុសិស្ស និងវត្តមានភ្ញៀវកិត្តិយសជាច្រើនទៀត បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករនៅក្នុងពិធី ។

Photo 2024 05 18 09 49 39លោក អៀម សុខពេញ ប្រធានការិយាល័យ អប់រំយុវជន និងកីឡា ស្រុកពញាឮ បានមានប្រសាសន៍នៅក្នុងកម្មវិធី បើកសម្ពោធអគារសិក្សាថ្មី នៃសាលារៀន ដាយមិនដ៍ «ការបើកសាលា ដាយមិនដ៍ នៅពេលនេះ ស្របពេលដែលតម្រូវការធនធានមនុស្ស ក៏ដូចជាមូលធនមនុស្សដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតធនធានមនុស្ស ចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដោយសាលាបើកនៅពេលនេះគឺចំពេលវេលា ស្របពេលដែលយើងចង់បានដោយសារពេលវេលា របស់យើងមានរយៈពេលខ្លី៦ឆ្នាំទៀត គឺដល់ឆ្នាំ២០៣០ហើយ ច្នឹងការផលិតធនធានមនុស្សចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើង ត្រូវតែបង្កើនអោយបានលឿន ជាពិសេស សាលាដាយមិនដ៍ គឺជាសាលាមួយដោយមានភាពទំនើប ហើយអាចមានការសិក្សាភាសាច្រើន ហើយនេះជាការចូលរួមបានយ៉ាងលឿនឆាប់រហ័ស ដើម្បីជួយអភិវឌ្ឍធនធានមនុស្សស្រុកពញ្ញាឭ។ ហើយមួយវិញទៀតលោកក៏បានបន្តថា នៅក្នុងស្រុកពញ្ញាឭគឺមានការខ្វះខាតចំពោះសាលារៀន ដូចជារៀនភាសាបរទេសជាដើម ហើយខ្ញុំជឿជាក់ថាសាលារៀនដាយមិនដ៍ គឺជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ដែលមានកូនអាចមករៀននៅសាលានេះបាន ដោយសាលាដាយមិនដ៍ មានគ្រូដែលមានបទពិសោធន៍ខ្ពស់ និងមានហេដ្ឋារចនាស្អាត ដូចជាអាគារធំទូលាយជាដើម»។

Photo 2024 05 18 09 47 03លោក គង់ សុខុម នាយកសាលារៀន ដាយមិនដ៍ បានមានប្រសាសន៍ថា លោកមានការប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងការយកចិត្តទុកដាក់ទៅលើ ការរស់នៅ និងការសិក្សារៀនសូត្ររបស់សិស្សនៅទីនេះ លោកខិតខំធ្វើឱ្យសាលារៀន ដាយមិនដ៍ ក្លាយជាបរិវេណដែលផ្ដល់ នូវផាសុកភាព ធានាបាននូវគុណភាពនៃការអប់រំសម្រាប់សិស្ស ទាំងភាសាជាតិ និងភាសាបរទេស ជាពិសេសភាសាអង់គ្លេស។ ទន្ទឹមនឹងនេះ សាលារៀន ដាយមិនដ៍ ក៏បានយកចិត្តទុកដាក់គិតគូ ដល់បញ្ហាសុខភាពរបស់សិស្សនៅទីនេះ ដោយមានការកំណត់តឹងរឹង អំពីការលក់ដូរក្នុងបរិវេណសាលា ដោយមិនអនុញ្ញាតឱ្យមានការលក់ដូរ អាហារ ឬភេសជ្ជៈ ដែលមិនមានអនាម័យ និងមានផលមិនល្អដល់សុខភាព របស់សិស្សានុសិស្សនោះឡើយ ដែលនេះក៏ជាកត្តាចាំបាច់ណាស់ សម្រាប់ជួយអភិវឌ្ឍសម្បទា ក៏ដូចជាសមត្ថភាព និងទម្លាប់របស់កុមារឱ្យមានការរីកចម្រើនទាំងផ្នែករាងកាយនិងបញ្ញាស្មារតី ។

Photo 2024 05 18 09 50 00

Photo 2024 05 18 09 49 43លោកបន្តថា ក្នុងន័យនេះ ការរៀបចំកសាងអគារសិក្សាថ្មីនៃសាលារៀន ដាយមិនដ៍ ពិតជានឹងអាចឆ្លើយតបទៅនឹងតម្រូវការចាំបាច់សម្រាប់ការអប់រំ បណ្ដុះបណ្ដាលកុមារ ពិសេសលើជំនាញទាំងភាសាខ្មែរ និងភាសាបរទេស ដោយមានការបង្ហាត់បង្រៀន ជាមួយគ្រូជាជនជាតិខ្មែរនិង គ្រូជាជនជាតិបរទេស ដែលមានជំនាញគរុកោសល្យត្រឹមត្រូវ។ លើសពីនេះទៅទៀតសាលាមានអាគារសិក្សាផ្ទាល់ខ្លួន និងបន្ទប់រៀនធំទូលាយ និងបំពាក់ដោយម៉ាស៊ីនត្រជាក់ កង្ហារ និង LED និងកាំម៉េរាសុវត្ថិភាពគ្រប់បន្ទប់ដើម្បីប្រើឲ្យការសិក្សា របស់សិស្សានុសិស្ស ប្រកបដោយគុណភាព។

Photo 2024 05 18 09 49 53

Photo 2024 05 18 09 46 51

Photo 2024 05 18 09 50 03ជាមួយគ្នានោះផងដែរ សាលារៀន ដាយមិនដ៍ ក៏បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំ និងចូលរួមសម្រេចឲ្យបាននូវគោលដៅជាមួយរាជរដ្ឋាភិបាល សាលារៀន ដាយមិនដ៍ នឹងខិតខំយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មវិធីសិក្សា ដែលអាចជួយឱ្យកុមារទទួលបាន នូវគុណវុឌ្ឍិមួយចំនួនដូចខាងក្រោម៖

១-អាចយល់ដឹងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ
២-មានគំនិតច្នៃប្រឌិត
៣-មានសមត្ថភាពទំនាក់ទំនងជាមួយអ្នកដទៃនិងអាចចូលរួមធ្វើការងារជាក្រុម
៤-អាចសម្តែងចេញនូវអារម្មណ៍របស់ខ្លួនតាមរយៈពាក្យសំដី និងចេះស្តាប់ក៏ដូចជាយល់អំពីអារម្មណ៍របស់អ្នកដទៃ
៥-ចេះគោរពនិងចេះប្រើពាក្យសំដីនិងអាកប្បកិរិយាគួរសម
៦-ចេះស្រឡាញ់ខ្លួនឯង គ្រួសារ និងអ្នកដទៃ
៧-ចូលចិត្តសកម្មភាពដែលនាំមកនូវសុខភាពល្អ និងការរីកចម្រើនទាំងផ្នែករាងកាយនិងបញ្ញា
និងទី៨-អាចធ្វើសុភវិនិច្ឆ័យនិងការសម្រេចចិត្តដ៏ត្រឹមត្រូវ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia