ធនាគារ DGB Bank Plc. បានសហការជាមួយ iM Financial Group ក្នុងការអនុវត្តសកម្មភាពទំនួលខុសត្រូវសង្គម ដើម្បីរួមចំណែកកែលម្អបរិយាកាសសិក្សា និងពង្រឹងជំនាញឌីជីថលសម្រាប់កុមារមកពីគ្រួសារងាយរងគ្រោះនៅកម្ពុជា។
ធនាគារ DGB Bank Plc. បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ អគ្គនាយកធនាគារ រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិក ព្រមទាំងថ្នាក់ដឹកនាំពី iM Financial Group បានចូលរួមក្នុងពិធីគាំទ្រការបង្កើតមជ្ឈមណ្ឌល «The Good Child Center» និងពិធីប្រគល់សម្ភារៈអប់រំ។
មជ្ឈមណ្ឌល «The Good Child Center» ដែលនឹងត្រូវបង្កើតឡើងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលសិក្សាក្រៅម៉ោងសិក្សា សម្រាប់កុមារអាយុពី ១០ ដល់ ១៥ ឆ្នាំ មកពីគ្រួសារដែលមានប្រាក់ចំណូលទាប ដោយផ្តល់ការបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រដោយឥតគិតថ្លៃ។ តំបន់នេះកំពុងប្រឈមនឹងបញ្ហាថ្លៃសិក្សាខ្ពស់ និងការខ្វះខាតធនធានអប់រំ រួមទាំងកុំព្យូទ័រផងដែរ ដែលធ្វើឱ្យកុមារត្រូវការការគាំទ្រផ្នែកសិក្សាក្រៅម៉ោងរៀន។
គម្រោងនេះត្រូវបានអនុវត្តតាមរយៈកិច្ចសហការរវាងធនាគារ DGB Bank Plc., iM Financial Group និងអង្គការហ្គូដណេប៊ឺសកម្ពុជា (Good Neighbors Cambodia)។ ក្នុងគម្រោងនេះ ធនាគារ DGB Bank Plc. បានបរិច្ចាគកុំព្យូទ័រ និងសម្ភារៈអប់រំផ្សេងៗ ខណៈដែល iM Financial Group បានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការកែលម្អបរិក្ខារអប់រំ និងការដំណើរការមជ្ឈមណ្ឌល ដើម្បីជួយឱ្យកុមារអាចសិក្សាក្នុងបរិយាកាសកាន់តែប្រសើរ។
នៅពេលមជ្ឈមណ្ឌលចាប់ផ្តើមដំណើរការពេញលេញ គេរំពឹងថា កុមារប្រមាណ ២៤០ នាក់ក្នុងមួយឆ្នាំ មកពីតំបន់ជើងឯក ព្រៃស និងស្ពានថ្ម ក្នុងរាជធានីភ្នំពេញ នឹងទទួលបានការអប់រំដោយឥតគិតថ្លៃ។ តាមរយៈការសិក្សាភាសាអង់គ្លេស និងកុំព្យូទ័រ កុមារនឹងអាចអភិវឌ្ឍជំនាញឌីជីថលដែលមានប្រយោជន៍ក្នុងជីវភាពប្រចាំថ្ងៃ ដូចជា ការរៀបចំឯកសារ។ ជាពិសេស គម្រោងនេះមានគោលដៅឱ្យកុមារីមានចំនួនយ៉ាងតិច ៥០% នៃអ្នកទទួលផលសរុប ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងឱកាសទទួលបានការអប់រំដោយស្មើភាព។
អគ្គនាយកធនាគារ DGB Bank Plc. បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា ការគាំទ្រនេះនឹងរួមចំណែកយ៉ាងជាក់ស្តែងក្នុងការផ្តល់បរិយាកាសសិក្សាដែលមានសុវត្ថិភាព និងឱកាសអប់រំថ្មីៗដល់កុមារ។ យើងនឹងបន្តសហការជាមួយ iM Financial Group ក្នុងការអនុវត្តសកម្មភាពទំនួលខុសត្រូវសង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ និងតបស្នងចំពោះទំនុកចិត្ត និងការគាំទ្រពីអតិថិជន និងដៃគូរបស់យើង»។


