សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលបានដាក់គោលដៅអភិវឌ្ឍន៍ និងពង្រីករាជធានីភ្នំពេញទៅកាន់ទិសដៅចំនួន ៣ រួមមាន៖ ទិសខាងជើង ទិសខាងត្បូង និងទិសខាងកើតបន្ថែម។ ខណៈរាជរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នជាច្រើននៅនៅតំបន់ទាំងនោះ។
ថ្លែងនៅក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ” កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ការអភិវឌ្ឍនៅកោះនរានេះនឹងចូលរួមទៅដល់ការអភិវឌ្ឍឆ្ពោះទៅទិញខាងកើត។ ហើយការតភ្ជាប់ស្ពានបេតុងខ្សែកាប និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជាគម្រោងស្ពានពីភ្នំពេញទៅអរិយក្សត្រ (ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ) គម្រោងស្ពាននៅព្រែកប្រា ស្ពានមេង្គក្រោម និងផ្លូវល្បឿនលឿនភ្នំពេញ ក៏នឹងជំរុញកំណើនសេដ្ឋកិច្ចបន្ថែមផងដែរ ពិសេសនៅតំបន់ផ្លូវជាតិលេខ ៦A និងផ្លូវជាតិលេខ១។
សម្ដេចបន្ដថា ទៅថ្ងៃអនាគតគឺត្រូវធ្វើយ៉ាងឲ្យរាជធានីភ្នំពេញ និងខេត្ដដទៃទៀតឲ្យកាន់តែកៀកគ្នា។ ជាក់ស្ដែងដូចជាក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលបច្ចុប្បន្ននៅតំបន់នេះគឺមានការភិវឌ្ឍគម្រោងព្រលានយន្ដហោះថ្មី និងគម្រោងព្រែកជីកហ្វូណនតេជោ ក៏បានដាក់ឲ្យអភិវឌ្ឍន៍នៅទីនោះដែរ។
"...អ៊ីចឹងតំបន់ទាំងអស់ហ្នឹងហើយដែលយើងរីក។ ភ្នំពេញចំណុចកណ្ដាលហើយចាប់ផ្ដើមរីក យើងរីកទៅទិសខាងត្បូង យើងរីកទៅទិញខាងជើង ហើយរីកទៅទិញខាងកើត ហើយជំរុញបន្ថែមការអភិវឌ្ឍឆ្ពោះទៅទិញខាងកើតឲ្យកាន់តែច្រើន។ នេះគឺជាអ្វីដែលជាគោលដៅនៃការអភិវឌ្ឍរបស់យើង ហើយនេះជាគោលដៅនិងផែនការនៅក្នុងការអភិវឌ្ឍប្រទេសយើងដើម្បីឲ្យប្រទេសជាតិរីកចម្រើន ប្រជាពលរដ្ឋទាំងអស់គ្នានឹងទទួលបានផលលាភហ្នឹងហើយការអភិវឌ្ឍ"។ ប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
សូមជម្រាបថា ដោយសារការរីកចម្រើន និងកំណើនប្រជាពលរដ្ឋមានការកើនឡើង បានធ្វើឲ្យរាជធានីភ្នំពេញត្រូវបានពង្រីករីកកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ដោយបច្ចុប្បន្នមានគឺមានផ្ទៃដីសរុបប្រមាណជិត ៧០០ គីឡូម៉ែត្រការ៉េ ខណៈដែលជាង ១០ ឆ្នាំមុនគឺមានផ្ទៃដីតែជាង ៣០០ ម៉ែត្រការ៉េប៉ុណ្ណោះ៕