ស្នាដៃបទចម្រៀងថ្មីបែបប្រវត្តិសាស្ត្រខ្មែរដ៏ធំមិនធ្លាប់មានរបស់អ្នកនាង ទេព បូព្រឹក្ស ដែលមានចំណងជើងថា “ទេវរាជ” បានដាក់សម្ពោធជាផ្លូវការហើយ កាលពីយប់ម្សិលមិញនេះ ដោយមានការចូលរួមពីសំណាក់សិល្បករខ្មែរ និងបរទេសជាច្រើនរូប រួមទាំងទស្សនិកជនរាប់ពាន់នាក់។
យ៉ាងណាមិញ នៅពីក្រោយទស្សនីយភាពដ៏អស្ចារ្យនៃបទចម្រៀងខាងលើ ត្រូវចំណាយពេលផលិតអស់រយៈពេលជាង៤ខែ ចាប់តាំងពីថ្ងៃចាប់ផ្តើមពិធីប្រុងពលីនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លើដែនដី យសោធបុរៈ ដែលជាអតីតរាជធានីទីពីរនៃអាណាចក្រខ្មែរ អំឡុងចុងសតវត្សទី៩ ឆ្នាំ៨៩៣។
មិនតែប៉ុណ្ណោះ ក្នុងដំណើរការនៃការផលិតបទចម្រៀងនេះ ត្រូវចំណាយទឹកប្រាក់រហូតដល់ទៅប្រមាណជាង ៣០ម៉ឺនដុល្លារ ជាមួយកម្លាំងមនុស្សរាប់សិបនាក់ឯណោះ។ នេះបើយោងតាមការឲ្យដឹងពីទំព័រហ្វេសប៊ុកផេករបស់អ្នកនាង ទេព បូព្រឹក្ស។
គួរជម្រាបផងដែរថា បទ “ទេវរាជ” គឺជាចម្រៀងមួយដែលមានអត្ថន័យជ្រាលជ្រៅ រៀបរាប់អំពីភាពរុងរឿងនៃអាណាចក្រខ្មែរ តាំងពីសម័យនគរភ្នំ រហូតដល់សម័យអង្គរ មានរំលេចតាំងពីក្បួនទ័ព ការធ្វើសឹកចម្បាំង អក្សរសាស្ត្រ អក្សរសិល្បិ៍ កេរ្តិ៍ដំណែលរបស់បុព្វបុរសខ្មែរជាច្រើនទៀត។ ការថតចម្រៀងមួយបទនេះ លើទឹកដីអង្គរ គឺពិតជាស័ក្ដិសមទៅនឹងអត្ថន័យ និងក្លាយជាចំណែកមួយជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅកាន់ពិភពលោកផងដែរ៕