រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន foodpanda បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន (Ministry of Public Works and Transport) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មវិស័យដឹកជញ្ជូននៅកម្ពុជា ការជំរុញឱ្យមានការកាត់បន្ថយការបំភាយជាតិកាបូន និងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា។

គណៈគ្រប់គ្រងក្រុមហ៊ុន foodpanda ដឹកនាំដោយ លោក Zeyar Mynn នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា លោកស្រី Angelique Tan អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន foodpanda ប្រចាំប្រទេសកម្ពុជា រួមទាំងលោក Andreas Krause នាយកផ្នែកច្បាប់នៃក្រុមហ៊ុន Delivery Hero SE។

ក្នុងកិច្ចពិភាក្សានេះ គណៈគ្រប់គ្រងក្រុមហ៊ុន foodpanda បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតភាពក្នុងការកាត់បន្ថយការបំភាយជាតិកាបូន ដែលរួមមានទាំងការដាក់ឱ្យប្រើប្រាស់យានយន្តអគ្គិសនី (EVs) ផងដែរ។ ដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងដល់យុទ្ធសាស្ត្រជាតិនេះ ក្រុមហ៊ុន foodpanda បានជម្រាបជូនអំពីគោលបំណងរបស់ខ្លួនក្នុងការដាក់ឱ្យប្រើប្រាស់យានយន្តអគ្គិសនីក្នុងចំណោមយានយន្តដឹកជញ្ជូនរបស់ខ្លួន នៅត្រឹមបំណាច់ឆ្នាំ២០២៧។ គំនិតផ្តួចផ្តើមបៃតងនេះ មានគោលបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីប្រតិបត្តិការរបស់ក្រុមហ៊ុន និងជួយបង្កើនប្រាក់ចំណូលប្រចាំថ្ងៃរបស់ដៃគូដឹកជញ្ជូន តាមរយៈការកាត់បន្ថយចំណាយលើប្រេងឥន្ធនៈ។

នៅក្នុងកិច្ចពិភាក្សាក៏បានគូសបញ្ជាក់ផងដែរអំពីអាទិភាពរួមជុំវិញការកាត់បន្ថយថ្លៃដើមនៃភស្តុភារកម្មជាតិ និងការធ្វើសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ។ គណៈគ្រប់គ្រងក្រុមហ៊ុន foodpanda បានបង្ហាញអំពីបច្ចេកវិទ្យាទំនើបរបស់ខ្លួន រួមមានប្រព័ន្ធឆ្លាតវៃសម្រាប់ដាក់ការបញ្ជាទិញច្រើនជាក្រុម ដើម្បីដឹកតាមផ្លូវតែមួយ (intelligent route-batching systems) ដែលជួយបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន ក៏ដូចជារួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង។

លើសពីនេះទៅទៀត គណៈគ្រប់គ្រងបានផ្តល់ព័ត៌មានបច្ចុប្បន្នភាពអំពីតួនាទីរបស់ក្រុមហ៊ុន foodpanda ក្នុងនាមជាកាតាលីករសម្រាប់សេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យារបស់ព្រះរាជាណាចក្រកម្ពុជា។ តួនាទីទាំងនេះរួមមានទាំង ការជម្រុញការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធឌីជីថលដោយមិនប្រើសាច់ប្រាក់ តាមរយៈការតភ្ជាប់ជាមួយអុីវ៉ាឡេតរបស់ក្រុមហ៊ុនក្នុងស្រុក។ ក្រុមហ៊ុន foodpanda ក៏បានជួយដៃគូអាជីវកម្មក្នុងស្រុករាប់ពាន់ក្នុងវិស័យម្ហូបអាហារ ភេសជ្ជៈ និងលក់រាយ ឱ្យដាក់លក់ទំនិញតាមប្រព័ន្ធអនឡាញដោយជោគជ័យ ដើម្បីឱ្យអាជីវកម្មរបស់ពួកគេអាចផ្ដល់ជូនអតិថិជនកាន់តែច្រើន។
កិច្ចពិភាក្សានេះបានបញ្ចប់ទៅក្រោមបរិយាកាសវិជ្ជមាន ដោយភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន នាពេលអនាគត អនុលោមតាមចក្ខុវិស័យរួម ឈានទៅសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ជម្រុញដោយថ្នាលបច្ចេកវិទ្យានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
អំពីក្រុមហ៊ុន foodpanda
ក្រុមហ៊ុន foodpanda គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្តល់សេវាកម្មដឹកជញ្ជូនដែលឈានមុខគេនៅកម្ពុជា ដែលប្តេជ្ញានាំយកនូវជម្រើសអាហារ គ្រឿងទេស និងទំនិញជាច្រើនប្រភេទទៀត ជូនដល់អតិថិជនប្រកបដោយភាពរហ័សទាន់ចិត្ត និងងាយស្រួលបំផុត។
ដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប រួមជាមួយនឹងប្រតិបត្តិការដ៏ល្អ ក្រុមហ៊ុន foodpanda កំពុងតែជម្រុញកំណើនពាណិជ្ជកម្មរហ័ស (Q-commerce) នៅទូទាំងតំបន់។ តាមរយៈបណ្ដាញដៃគូអាជីវកម្មលក់រាយរបស់ខ្លួន ក្រុមហ៊ុន foodpanda ផ្តល់ជូនអតិថិជននូវជម្រើសទិញទំនិញតាមតម្រូវការកាន់តែសម្បូរបែប បន្ថែមពីលើសេវាកម្មដឹកជញ្ជូនអាហារដែលមានរាប់លានជម្រើស។
បច្ចុប្បន្ន ក្រុមហ៊ុន foodpanda កំពុងមានប្រតិបត្តិការនៅក្នុងទីក្រុងជាង ៤០០ នៃទីផ្សារចំនួន ១០ ក្នុងតំបន់អាស៊ី រួមមាន៖ សិង្ហបុរី ហុងកុង ម៉ាឡេស៊ី ប៉ាគីស្ថាន តៃវ៉ាន់ ហ្វីលីពីន បង់ក្លាដែស ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា។ ក្រុមហ៊ុន foodpanda គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Delivery Hero SE ដែលជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកផ្នែកសេវាកម្មដឹកជញ្ជូនអាហារ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://www.foodpanda.com.kh/ ។


