ចង់់ចាកចេញពីបំណុលឱ្យបានឆាប់ មិនមែនជារឿងងាយស្រួលទេ ប៉ុន្តែក៏មិនមែនជារឿងមិនអាចធ្វើបានដែរ ប្រសិនបើមានការតាំងចិត្ត មានផែនការច្បាស់លាស់ និងប្រើវិធីសាស្ត្រត្រឹមត្រូវ។ ជាក់ស្តែង តាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ស្ត្រីវ័យ ៤៤ ឆ្នាំម្នាក់ឈ្មោះ McElroy ដែលជាគិលានុបដ្ឋាយិកា បានធ្លាប់ជាប់បំណុលគេសរុបជិត ១លានដុល្លារ។ ប៉ុន្តែដោយសារតែការប្រើវិធីសាស្ត្រដោះបំណុលត្រូវ នាងអាចដោះបំណុលអស់ក្នុងរយៈពេលមិនដល់ ៣ ឆ្នាំ។ ក្បួនដែលនាងបានប្រើគឺវិធីសាស្ត្រដ៏ល្បីមួយមានឈ្មោះថា Debt Snowball។ ខាងក្រោមនេះជាការពន្យល់លម្អិតតាមចំណុចគោលធំៗនៃ Debt Snowball។
១. រៀបចំបញ្ជីបំណុលទាំងអស់ពីតូចទៅធំ៖ ជំហានដំបូងបំផុតនៃ Debt Snowball គឺត្រូវស្គាល់ស្ថានភាពបំណុលរបស់ខ្លួនឱ្យច្បាស់។ អ្នកត្រូវរៀបចំបញ្ជីបំណុលទាំងអស់ បន្ទាប់មករៀបតាមលំដាប់ពីតូចទៅធំ ដោយមិនរាប់បញ្ចូលការប្រាក់។ មូលហេតុដែល Debt Snowball មិនផ្ដោតលើការប្រាក់ ព្រោះវិធីនេះចង់ឱ្យអ្នកឃើញលទ្ធផលលឿន។ នៅពេលបំណុលតូចមួយត្រូវបានដោះអស់ អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងបានឈ្នះជំហានមួយ ហើយអារម្មណ៍ជោគជ័យនេះនឹងជួយឱ្យអ្នកមានទឹកចិត្តបន្តដោះបំណុលធំៗបន្ទាប់ទៀត។
២. ត្រូវមានទំនួលខុសត្រូវលើការបង់ប្រាក់ កុំឱ្យយឺតពេល៖ នៅក្នុង Debt Snowball អ្នកមិនអាចបោះបង់បំណុលណាមួយឡើយ។ បំណុលទាំងអស់ត្រូវបង់តាមចំនួនអប្បបរមាដែលបានកំណត់។ មានន័យថា អ្នកកំពុងរក្សាកាតព្វកិច្ចរបស់ខ្លួន មិនឱ្យមានការពិន័យ គេបន្ថែមការប្រាក់ ឬប៉ះពាល់ដល់ប្រវត្តិឥណទាន។ វាក៏ជាវិធីមួយក្នុងការបង្កើតវិន័យហិរញ្ញវត្ថុផងដែរ ព្រោះអ្នកត្រូវរៀបចំថវិកាប្រចាំខែឱ្យមានចំណែកសម្រាប់បំណុលទាំងអស់។ ទោះបីជាអ្នកផ្ដោតខ្លាំងទៅលើបំណុលតូចមួយក៏ដោយ បំណុលធំៗផ្សេងទៀតក៏មិនត្រូវទុកចោលដែរ។
៣. ផ្ដោតលើបំណុលតូចបំផុតជាចម្បង៖ បន្ទាប់ពីបង់អប្បបរមាទៅលើបំណុលទាំងអស់ហើយ លុយដែលនៅសល់ត្រូវយកទៅបង់បំណុលដែលតិចជាងគេឱ្យអស់។ នេះជាចំណុចស្នូលនៃ Debt Snowball។ នៅពេលអ្នកអាចបិទបំណុលតូចមួយបានក្នុងរយៈពេលខ្លី អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងគ្រប់គ្រងស្ថានភាពបាន។ អារម្មណ៍នេះធ្វើឱ្យការដោះបំណុលមិនមើលទៅជាភារកិច្ចធ្ងន់ធ្ងរ ប៉ុន្តែជាការប្រកួតប្រជែងជាមួយខ្លួនឯង ដែលម្តងមួយៗអាចឈ្នះបាន។
៤. បង្កើត “Snowball Effect” ដោយបន្តទៅបំណុលបន្ទាប់៖ ពេលបំណុលតូចៗត្រូវបានដោះអស់ អ្នកនឹងមានប្រាក់មួយចំនួនដែលធ្លាប់យកទៅបង់បំណុលនោះ។ ប្រាក់ចំនួននេះមិនត្រូវយកទៅចំណាយផ្សេងៗទេ ប៉ុន្តែត្រូវយកទៅបូកបញ្ចូលក្នុងការបង់បំណុលទីពីរ (បំណុលដែលតូចបន្ទាប់)។ ឧទាហរណ៍ ប្រសិនបើអ្នកធ្លាប់បង់ 50 ដុល្លារក្នុងមួយខែសម្រាប់បំណុលទីមួយ ពេលបំណុលនោះអស់ អ្នកអាចយក 50 ដុល្លារនេះទៅបូកជាមួយប្រាក់ដែលត្រូវបង់អប្បបរមារបស់បំណុលទីពីរ។ ដូចនេះការបង់បំណុលទីពីរនឹងលឿនជាងមុន ហើយវានឹងបន្តទៅបំណុលទីបី ទីបួន រហូតដល់បំណុលទាំងអស់ត្រូវបានដោះអស់។
៥. ផ្ដោតលើចិត្តវិជ្ជា និងកម្លាំងចិត្តជាងតួលេខ៖ ក្បួន Debt Snowball មានលក្ខណៈពិសេសត្រង់ថា វាយកចិត្តវិជ្ជារបស់មនុស្សមកធ្វើជាគន្លឹះសំខាន់។ មនុស្សភាគច្រើនបោះបង់ការដោះបំណុលមិនមែនព្រោះគ្មានលុយទេ ប៉ុន្តែព្រោះគ្មានកម្លាំងចិត្ត។ ពេលឃើញបំណុលធំៗមិនថយចុះ អារម្មណ៍អស់សង្ឃឹមនឹងកើតឡើង។ Debt Snowball ដោះស្រាយបញ្ហានេះដោយបែងចែកបំណុលធំៗទៅជាជំហានតូចៗ ។ រាល់ពេលបំណុលមួយត្រូវបានបិទ អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងកំពុងជិតឈានទៅរកសេរីភាពហិរញ្ញវត្ថុ។ អារម្មណ៍នេះជាកម្លាំងចិត្តដ៏សំខាន់ក្នុងការបន្តផែនការរយៈពេលវែង។
៦. បង្កើតវិន័យ និងទម្លាប់ហិរញ្ញវត្ថុថ្មី៖ ការអនុវត្ត Debt Snowball មិនមែនជាការដោះបំណុលប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតទម្លាប់ថ្មីក្នុងការគ្រប់គ្រងលុយ។ អ្នកត្រូវរៀបចំថវិកា បែងចែកប្រាក់ចំណូលឱ្យច្បាស់ថា ប៉ុថាន្មានសម្រាប់ចំណាយ ប៉ុន្មានសម្រាប់សន្សំ និងប៉ុន្មានសម្រាប់បំណុល។ វាជាការបង្ហាត់ខ្លួនឯងឱ្យរស់នៅតាមសមត្ថភាព និងមិនបង្កើតបំណុលថ្មីក្នុងអំឡុងពេលកំពុងដោះបំណុលចាស់។ នៅពេលបំណុលទាំងអស់ត្រូវបានដោះអស់ ទម្លាប់វិន័យនេះនឹងនៅជាមួយអ្នក ហើយអ្នកអាចយកប្រាក់ដែលធ្លាប់បង់បំណុលទៅសន្សំ ឬវិនិយោគ ដើម្បីបង្កើតអនាគតហិរញ្ញវត្ថុដែលមានស្ថិរភាពជាងមុន។
គួរបញ្ជាក់ថា ក្បួនដោះបំណុល Debt Snowball គឺជាវិធីសាស្ត្រមួយដែលមានប្រជាប្រិយភាពខ្លាំងក្នុងការគ្រប់គ្រងបំណុលផ្ទាល់ខ្លួន ព្រោះវាមិនត្រឹមតែផ្អែកលើការគណនាផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែផ្អែកលើចិត្តវិជ្ជារបស់មនុស្ស និងការបង្កើនកម្លាំងចិត្តក្នុងការដោះបំណុលជាបន្តបន្ទាប់។ វាមានគោលការណ៍សំខាន់គឺ “ដោះបំណុលតូចមុន ដើម្បីមានកម្លាំងចិត្តបន្តដោះបំណុលធំ”។ ទោះបីជាវាមិនមែនជាវិធីដែលសន្សំការប្រាក់ច្រើនបំផុតក៏ដោយ ប៉ុន្តែវាជាវិធីដែលធ្វើឱ្យមនុស្សភាគច្រើនអាចបន្តធ្វើបានរហូតដល់ជោគជ័យ។ ដូច្នេះបើអ្នកកំពុងមានបំណុលច្រើន ចង់ដោះអស់លឿនអាចសាកល្បងវិធីនេះបាន៕


