ជំពាក់បំណុល មិនដឹងដោះតាមវិធីណា តស់មកស្គាល់ផ្លូវដោះបំណុលចំនួន២ដែលមនុស្សភាគច្រើនតែងប្រើ
Toeuy HongAPRIL 28 20242.4 K views

មានហេតុផលជាច្រើនដែលអូសមនុស្សឱ្យធ្លាក់ចូលទៅក្នុងរណ្ដៅបំណុល ប៉ុន្តែមិនថាអ្នកបង្កើតបំណុលដោយហេតុផលអ្វីឡើយ ទិសដៅតែមួយដែលអ្នកកំពុងជំពាក់លុយគេគួរមានគឺ ត្រូវធ្វើយ៉ាងណាឱ្យសងគេឆាប់អស់។ ហេតុនេះដើម្បី​ជួយជាគំនិតដល់លោកអ្នក Business Cambodia សូមលើកយកផ្លូវដោះបំណុលល្បីបំផុត២ ដែលមនុស្សរាប់លាននាក់ធ្លាប់អនុវត្តន៍បានផលលឿន។

ទី១ ដោះបំណុលតាមក្បួនដុំព្រិល

ដើម្បីប្រើក្បួនដុំព្រិល លោកអ្នកត្រូវចាប់ផ្ដើមពីការកត់ត្រារាល់បំណុលទាំងអស់ដែលអ្នកមាន ដោយរៀបតាមលំដាប់ពីការប្រាក់ខ្ពស់ជាងគេ មកការប្រាក់ទាបបំផុត។ បន្ទាប់មកខំប្រឹងរកចំណូលបន្ថែម និងចាប់ផ្ដើមសងពីបំណុលដែលមានការប្រាក់ខ្ពស់ជាងគេមុន ហើយនៅក្នុងចំណោមបំណុលដែលមានការប្រាក់ខ្ពស់នោះ លោកអ្នកអាចសងពីបំណុលទាបជាងគេមុន (ក្នុងករណីមានម្ចាស់បំណុលការប្រាក់ខ្ពស់លើសពី២នាក់)។

ការប្រើក្បួនដុំព្រិល អាចជួយឱ្យលោកអ្នកមានឱកាសផ្ដោតលើការខំប្រឹងដោះបំណុលម្ដងមួយៗ ដោយមិនមានអារម្មណ៍តានតឹង ឬរញ៉េរញ៉ៃជាមួយនឹងបំណុលច្រើនក្នុងពេលតែមួយ។ វាអាចជួយឱ្យសម្ពាធកាន់តែស្រាល ប៉ុន្តែអាចនឹងពិបាកប្រសិនបើចរចារជាមួយនឹងម្ចាស់បំណុលមិនបាន ព្រោះថាក្បួននេះតម្រូវឱ្យលោកអ្នកចរចារនឹងម្ចាស់បំណុលសុំពេលផ្ដាច់កម្ចីម្ដងមួយៗ។ សូមបញ្ជាក់ផងដែរថា ក្បួនដុំព្រិលមិនសក្តិសមសម្រាប់ការផ្ដាច់កម្ចីទិញផ្ទះឡើយ។

ទី២ យកបំណុលថ្មីផ្ដាច់កម្ចីមចាស់

ដោយឡែកចំពោះក្បួនយកបំណុលថ្មីផ្ដាច់បំណុលចាស់ លោកអ្នកក៏ត្រូវកត់ត្រារាល់បំណុលទាំងអស់ដែអ្នកមាន បន្ទាប់មកខ្ចីលុយពីធនាគារផ្សេង ឬមិត្តភក្ដិបងប្អូន ដែលមានលទ្ធភាពយកអត្រាការប្រាក់ទាបជាងបំណុលចាស់។ លោកអ្នកអាចអាចយកលុយដែលខ្ចីបាននោះ ទៅផ្ដាច់បំណុលដែលមានការប្រាក់ខ្ពស់ជាងគេមុន រួចហើយបណ្ដោះតាមលំដាប់ជាបន្តបន្ទាប់។ វិធីសាស្រ្តមួយនេះ អាចជួយឱ្យលោកអ្នកចំណេញទាំងអត្រាការប្រាក់ ព្រមទាំងរយៈពេលសងថែមទៀតផង។

លោកអ្នកប្រហែលជាចង់ដឹងហើយមែនទេថា ក្បួនទាំង២នេះ គួរជ្រើសរើសប្រើមួយណាល្អជាង?

សូមជម្រាបថា វាអាស្រ័យលើស្ថានភាពរបស់បុគ្គលម្នាក់ៗ ជាពិសេសផ្លូវចិត្តតែម្ដង ព្រោះថាមនុស្សមានគំនិតមិនដូចគ្នាឡើយ។ អ្នកខ្លះយល់ថាការដែលបានរំដោះបំណុលតូចៗដាច់មុនធ្វើឱ្យគាត់មានកម្លាំងចិត្តបន្តសងគេ ឯអ្នកខ្លះទៀតយល់ថាការដែលបានកាត់បន្ទុកធំៗចេញមុននឹងធ្វើឱ្យគាត់ឆាប់ស្រាលខ្លួន និងមានកម្លាំងចិត្តបន្តដោះបំណុលផ្សេង។ ចំណែកមនុស្សមួយចំនួនទៀតគាត់យល់ឃើញថា ការដែលបង្កើតបំណុលថ្មីអាចជួយឱ្យគាត់ចំណេញការប្រាក់ ហើយថែមទាំងពេលវេលាទៀត ហើយស្របពេលដែលគាត់មានក្រេឌីតល្អដែលនោះ គាត់ក៏សម្រេចចិត្តខ្ចីបំណុលថ្មីតែម្ដង។

អាស្រ័យហេតុនេះហើយសូមលោកអ្នកធ្វើការជ្រើសរើសទៅតាមស្ថានភាពផ្ទាល់ខ្លួន បើយល់ថាមួយណាល្អសម្រាប់អ្នកសូមជ្រើសយកមួយហ្នឹងចុះ។ ហើយគួរចងចាំផងដែរថា មូលហេតុដ៏ធំបំផុតដែលនាំឱ្យមនុស្សធ្លាក់ក្នុងបំណុលធ្ងន់ធ្ងរគឺជាការខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដូច្នេះចាប់ពីពេលនេះទៅត្រូវខិតខំទាញយកចំណេះដឹងដាក់ខ្លួន ដើម្បីឆាប់រួចផុតពីរណ្ដៅបំណុល និងលែងធ្លាក់ចូលរណ្ដៅមួយនេះម្ដងទៀត៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia