ប្រយ័ត្នជាប់បំណុលរើសខ្លួនមិនរួច! បើមិនទាន់មានចំណូលច្បាស់លាស់ កុំប្រថុយធ្វើរឿង ៥ នេះឱ្យសោះ
Pov SaruJANUARY 23 202613 views

ជឿជាក់ថាមនុស្សគ្រប់គ្នាសុទ្ធតែមានបំណងប្រាថ្នាដូចគ្នាគឺចង់បានជីវិតមួយដែលមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ មានផ្ទះ មានឡាន និងមានគ្រួសារមួយដែលពោរពេញដោយសុភមង្គល និងសេចក្ដីសុខ។ ប៉ុន្តែបើសិនជាចំណូលរបស់អ្នកនៅមិនទាន់មានស្ថិរភាពទេ សូមកុំទាន់លោតហក់ធ្វើរឿងដែលហួសពីសមត្ថភាព ព្រោះការសម្រេចចិត្តខ្លះរបស់អ្នកអាចនាំឱ្យអ្នករបស់អ្នកផុងខ្លួនងើបលែងរួច។ នេះគឺជារឿង ៥ អ្នកគួរកុំប្រថុយប្រសិនបើហិរញ្ញវត្ថុនៅមិនទាន់មានស្ថិរភាព៖ 

 

១. បង់រំលស់ដី៖ ការវិនិយោគលើដី តែងតែត្រូវគេពិចារណាថាជាជម្រើសល្អក្នុងរយៈពេលវែង។ ទោះជាយ៉ាងណា ដីជាទ្រព្យមានតម្លៃខ្ពស់ ហើយមនុស្សភាគច្រើនត្រូវបង់ជាដំណាក់កាល។ បើចំណូលអ្នកទៀង វាមិនមែនជាបញ្ហាធំទេ ប៉ុន្តែបើចំណូលរបស់នៅមិនទាន់មានស្ថិរភាព អ្នកអាចជួបការលំបាក ព្រោះដីជាទ្រព្យដែលអ្នកមិនអាចបោះបង់ចោកបានងាយៗឡើយ។

 

២. បង់រំលស់ឡាន៖ សម្រាប់អ្នកដែលមានជីវភាពត្រឹមមធ្យម មានចំណូលតិចតួចការគ្មានឡានជិះមិនមែនជាបញ្ហាធំនោះទេ។ ឡានអាចជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកបាន ប៉ុន្តែការទិញឡានដោយបង់រំលស់គឺត្រូវពឹងផ្នែកលើចំណូលប្រចាំខែជាចម្បង។ បើប្រាក់ខែរបស់អ្នកមិនទៀងទាត់ ខែណាមួយចំណូលធ្លាក់ អ្នកអាចជួបបញ្ហាហិរញ្ញវត្ថុយ៉ាងងាយស្រួល ដោយសារតែការបង់ប្រាក់មិនអាចពន្យាពេលបាន។

 

៣. បង់រំលស់ផ្ទះ៖ ផ្ទះជាទីជម្រកដែលមនុស្សយើងមិនអាចខ្វះបាន ហើយការមានផ្ទះជារបស់ខ្លួនឯងនោះគឺជាក្ដីស្រមៃរបស់មនុស្សជាច្រើន ព្រោះវានឹងផ្ដល់ឱ្យអ្នកនូវអារម្មណ៍ដែលកក់ក្ដៅ។ ប៉ុន្តែបើអ្នកបង់រំលស់ផ្ទះ ខណៈដែលចំណូលមិនទៀងទាត់ វាអាចជាសម្ពាធដ៏ធំមួយ។ នៅពេលចំណូលធ្លាក់ ឬបើថ្ងៃណាមួយអ្នកបាត់បង់ការងារ អ្នកអាចប្រឈមជាមួយបញ្ហាធំនិងបង់ប្រាក់ប្រចាំខែបានទាន់ពេល។

 

៤. ចាប់ផ្តើមអាជីវកម្មធំពេក៖ ការចាប់ផ្តើមអាជីវកម្មតាមក្តីស្រមៃ គឺជារឿងគួរឱ្យសរសើរ ប៉ុន្តែការចាប់ផ្តើមធំពេក អាចនាំមកនូវហានិភ័យខ្ពស់។ បើអ្នកមិនមានចំណូលបម្រុងគ្រប់គ្រាន់ សម្ពាធហិរញ្ញវត្ថុអាចធ្វើឱ្យអាជីវកម្មបរាជ័យឆាប់រហ័សបំផុត។ ដូច្នេះ ចាប់ផ្តើមពីតូច សន្សឹមៗរៀន និងលូតលាស់ទៅមុខ ដើម្បីបង្កើតមូលដ្ឋានរឹងមាំ។

 

៥. វិនិយោគលើអ្វីដែលខ្វះចំណេះដឹង៖ ការវិនិយោគអាចជួយបង្កើតចំណូលអកម្មបានពិតប្រាកដ ប៉ុន្តែបើវិនិយោគដោយគ្មានចំណេះដឹង និងជំនាញ វាអាចនាំឱ្យខាតបង់។ មិនថាវិនិយោគលើមាស ផ្សារហ៊ុន ឬវិស័យណាមួយឡើយ អ្នកត្រូវសិក្សា និងយល់ឱ្យច្បាស់សិន មុននឹងដាក់លុយចូល។


សរុបមកវិញ បើចំណូលរបស់អ្នកមិនទៀងទាត់ ត្រូវតែប្រុងប្រយ័ត្នបន្តិច មុនសម្រេចចិត្តធ្វើអ្វីមួយត្រូវតែគិតឱ្យបានវែងឆ្ងាយ។ ចង់សម្រេចក្ដីស្រមៃត្រូវដោយសន្សឹមៗតាមលទ្ធភាព កុំហក់លោតលើសពីសមត្ថភាពរបស់ខ្លួនអាចនាំឱ្យជីវិតហិរញ្ញវត្ថុរបស់អ្នកធ្លាក់ក្នុងគ្រោះថ្នាក់នៅថ្ងៃក្រោយនិងរយៈពេលវែង៕ 


Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia