ចង់ចេញពីបំណុលភ្លាមៗមិនមែនជារឿងងាយស្រួលទេ តែក៏មិនពិបាកហួសពីសមត្ថភាពរបស់អ្នកដែរ។ ប្រសិនបើបំណុលរបស់អ្នកមិនច្រើន អ្នកអាចសងបន្តិចម្តងៗតាមការកាត់ចំណាយ ។ ប៉ុន្តែបើអ្នកកំពុងជាប់បំណុលច្រើន វាអាចត្រូវការឱ្យអ្នកផ្លាស់ប្ដូររបៀបរស់នៅមួយចំនួនទើបអាចចេញពីបំណុលនោះលឿន។ ការផ្លាស់ប្ដូរទាំងនេះអាចធ្វើឱ្យពិបាកនៅពេលដំបូងៗ ប៉ុន្តែបើអ្នកមានការប្តេជ្ញាចិត្ត អ្នកអាចរួចផុតពីបំណុល និងឈានចូលជីវិតដែលមានសេរីភាពខាងផ្នែកហិរញ្ញវត្ថុបានលឿនជាងដែលអ្នកគិត។ ខាងក្រោមនេះគឺជារបៀបរស់នៅទាំង ៦ ដែលអ្នកគួរតែផ្លាស់ប្ដូរ៖
១. កាត់បន្ថយ ឬឈប់ប្រើរថយន្តដែលត្រូវការចំណាយច្រើន៖ មានរថយន្តធ្វើឱ្យជីវិតងាយស្រួល ប៉ុន្តែថ្លៃចំណាយលើវាគឺខ្ពស់ណាស់។ ដូច្នេះប្រសិនបើអ្នកកំពុងតែមានបំណុលជាប់ខ្លួនត្រូវបង់ការប្រាក់ជាប្រចាំខែផង អ្នកជំនងជាពិបាកទប់ទល់ ប្រាក់ខែត្រូវចំណាយប្រចាំថ្ងៃផង បង់ការគេផង ណាមួយត្រូវចំណាយលើរថយន្តទៀត។ កាត់បន្ថយរថយន្ត ជួយអ្នកកាត់បន្ថយថ្លៃសាំង ថ្លៃជួសជុល ថ្លៃធានារ៉ាប់រង និងថ្លៃបង់បំណុលយ៉ាងច្រើន។ បើអ្នកមិនអាចបោះបង់រថយន្តបានទេ សូមពិចារណាប្ដូរទៅរថយន្តតម្លៃទាប ឬស៊ីសាំងតិចជាងមុន។
២. រស់នៅក្នុងបន្ទប់រួម កុំនៅម្នាក់ឯង៖ បើអ្នកនៅតាមខេត្តមកធ្វើការងារនៅភ្នំពេញ ហើយត្រូវស្នាក់នៅក្នុងបន្ទប់ជួល ឬផ្ទះជួល អ្នកមិនគួរនៅម្នាក់ឯងទេ គួរតែមានគ្នា ១ ទៅ ២ នាក់បន្ថែម។ នេះជាវិធីមួយដែលអាចជួយអ្នកឱ្យកាត់បន្ថយការចំណាយថ្លៃផ្ទះ ហើយក៏ជួយអ្នកក្នុងការសន្សំដើម្បីយកទៅសងបំណុល។ វិធីនេះមិនត្រឹមតែអ្នកដែលនៅលីវទេ សូម្បីតែអ្នកដែលមានគូស្វាមីភរិយា ឬគ្រួសារខ្លះ ក៏អាចពិចារណាវិធីនេះបាន។
៣. ផ្លាស់ប្ដូរទៅនៅផ្ទះតូចជាងមុន៖ បើអ្នកកំពុងមានបំណុលជាប់ខ្លួនច្រើនហើយ ទោះបីជាអ្នករស់នៅក្នុងផ្ទះធំស្គើមស្កៃក៏មិនធ្វើឱ្យចិត្តអ្នករីករាយដែរ។ ផ្ទះធំត្រូវការចំណាយច្រើន ដូច្នេះបើអ្នកពិតចង់ចាកចេញពីបំណុលបានឆាប់ គួរតែពិចារណាផ្លាស់ទៅរស់នៅក្នុងផ្ទះដែលតូចជាងមុនបន្តិច។ វិធីនេះអាចជាការផ្លាស់ប្ដូរដ៏ធំមួយហើយពិតជាពិបាកក្នុងការសម្រេចចិត្ត តែសូមចងចាំថា អ្នកកំពុងជ្រើសរើសអនាគតដែលគ្មានបំណុល មិនមែនតាមស្តង់ដារសង្គមនោះទេ។
៤. កែប្រែជីវិតសង្គម៖ នេះមានន័យថាអ្នកត្រូវតែកាត់បន្ថយភាពហ៊ឺហារក្នុងសង្គម បើអ្នកអាចធ្វើបានវាជាផ្នែកដែលងាយកាត់បន្ថយបំផុត។ អ្នកគួរកាត់បន្ថយ ការធ្វើដំណើរ និងការញ៉ាំអាហារខាងក្រៅ។ ហើយអ្នកអាចសង្កេតមើលបានថា អ្នកបានចំណាយលើសកម្មភាពទាំងនេះញឹកញាប់ប៉ុន្មាន ហើយកាត់បន្ថយពាក់កណ្តាល។ ការកាត់បន្ថយនេះ នឹងផ្តល់ពេលវេលាទំនេរច្រើនសម្រាប់អ្នកធ្វើអ្វីដែលមានប្រយោជន៍ ដូចជាទៅរកការងារបន្ថែមធ្វើបានចំណូលមួយផ្នែកទៀត។
៥. ប្រើពេលទំនេរដើម្បីរកចំណូល៖ សព្វថ្ងៃនេះ មានវិធីរកលុយបន្ថែមជាច្រើន ដូចជា ធ្វើការបន្ថែមម៉ោង ឬបង្កើតអាជីវកម្មបន្ថែម។ ត្រង់ចំណុចនេះមិនបានន័យថាឱ្យអ្នកបង្ខាំងខ្លួនឯងមិនឱ្យដើរលេងសោះទេ ប៉ុន្តែដើម្បីសងបំណុល អ្នកត្រូវផ្លាស់ប្តូរទស្សនៈថា “ពេលវេលា គឺជាលុយ”។ រាល់នាទីទំនេរ គឺជាឱកាសបង្កើនចំណូល។ ការខិតខំធ្វើការច្រើនថ្ងៃនេះ នឹងធ្វើឱ្យជីវិតអ្នកសោយសុខនៅពេលអនាគត។
៦. ផ្ដោតឱ្យខ្លាំងលើបំណុល៖ បើមុននេះ អ្នកមិនសូវខ្វល់ពីបំណុលទេ ចង់សងបំណុលឱ្យលឿន ត្រូវការការផ្តោតខ្លាំងលើលេខ។ កុំអះអាងថា “ខ្ញុំមិនចេះគណិត” ត្រូវប្រើតារាង Excel បញ្ជី ឬកម្មវិធីលើទូរស័ព្ទ ដើម្បីតាមដានប្រាក់ដែលត្រូវសង បំណុលដែលនៅសល់ និងពេលវេលាសងចប់។ ការធ្វើបែបនេះនឹងជួយឱ្យអ្នកនៅជិតគោលដៅ ហើយក៏ធ្វើឱ្យអ្នកមានកម្លាំងចិត្តជាងមុនក្នុងការបន្តទៅមុខទៀត។
សរុបមក ការផ្លាស់ប្តូររបៀបរស់នៅទាំង ៦ អាចជាការលំបាកបន្តិចសម្រាប់អ្នកមួយចំនួន ប៉ុន្តែសេរីភាពហិរញ្ញវត្ថុ គឺមានតម្លៃសមនឹងការលះបង់។ សូមរក្សាការផ្តោតលើគោលដៅ អបអរសាទរជំហានតូចៗដែលអ្នកសម្រេចបាន ព្រោះការលះបង់ថ្ងៃនេះ នឹងនាំមកនូវរង្វាន់ធំនៅពេលឆាប់ៗខាងមុខ៕


