តើអ្នកធ្លាប់ឲ្យលុយ មិត្តភក្តិ មនុស្សជិតដិត សមាជិតគ្រួសារ ឬនរណាម្នាក់ខ្ចី ហើយស្ងាត់បាត់ឈឹងបន្ទាប់ពីប៉ុន្មានខែក្រោយមកដែរឬទេ? រឿងដែលគួរឲ្យឈឺចាប់ មិនហ៊ានហាមាត់ទារបំណុលគេទៀត ព្រោះខ្លាចកើតរឿងអន់ចិត្ត បែកបាក់ទំនាក់ទំនង។ ខាងក្រោមនេះ គឺជារឿងធំៗ៣ ដែលអ្នកគួរធ្វើ ដើម្បីទារលុយបានហើយ សប្បាយចិត្តទាំងសងខាង៖
១/. សួរដោយសមរម្យ៖ មិត្ត ឬបុគ្គលម្នាក់នោះបានមកពឹងពាក់សុំខ្ចីលុយពីអ្នកមុន ដូច្នេះវាពុំមានអ្វីខុសទាស់ទេដែលពួកគេត្រូវសងនូវអ្វីដែលខ្លួនជំពាក់មកអ្នកវិញ មិនថាក្នុងនាមជាមិត្តភក្តី ឬបងប្អូនឡើយ។ អ្នកអាចសាកសសួរដោយគួរសមដូចជា «ខ្ញុំកំពុងតែមានបញ្ហាលុយដែរនៅពេលនេះ តើអ្នកអាចរកវិធីសងលុយដែលអ្នកខ្ចីពីខ្ញុំបានទេ?»។
២/. ជួយកូនបំណុលរកលុយបន្ថែម៖ ប្រសិនបើពួកគេមានបញ្ហាក្នុងការប្រមូលថវិកាគ្រប់គ្រាន់ ដើម្បីសងអ្នកនោះ អ្នកក៏អាចផ្តល់យោបល់ពីវិធីផ្សេងៗដែលអាចឲ្យពួកគេរកលុយសងអ្នកបានលឿនដែរ។ លើសពីនេះ តើមានកិច្ចការណាដែលពួកគេអាចធ្វើដើម្បីជួយឲ្យអ្នកសន្សំថវិកាបានទេ? ឧទាហរណ៏ដូចជា ប្រសិនបើពួកគេជាអ្នក Design នោះពួកគេអាចជួយច្នៃម៉ូដឲ្យអ្នកដោយមិនគិតថ្លៃហើយអ្នកអាចកាត់ថ្លៃខ្ចីតាមនោះជាដើម ។
៣/. សម្រួលដល់កូនបំណុល៖ បើករណីគេកំពុងតែជំពាក់អ្នក តែពុំមានលទ្ធភាពសងវិញឱ្យបានគ្រប់គ្រាន់ឬទាន់ពេលវេលា អ្នកគួរតែពិចារណាចំពោះការសម្របសម្រួល។ យ៉ាងហោចណាស់អ្នកអាចសម្រួលការប្រាក់ ឬចែកចំនួនលុយដែលត្រូវបង់ប្រចាំខែឱ្យមកនៅទាបជាងមុន។ ការធ្វើបែបនេះមិនមែនគ្រាន់តែអាចសម្រួលដល់កូនបំណុលទេ យ៉ាងហោចណាស់អ្នកបានលុយខ្លះយកមកទប់ការចំណាយ វាប្រសើរជាមិនបានអ្វីទាំងអស់។
យ៉ាងណាមិញ ស្របពេលដែលមនុស្សកំពុងតែធ្លាក់ក្នុងស្ថានភាពលំបាក ការទារលុយពួកគេអាចបង្កជាវិវាទ ឬការទម្លាក់បន្ទុកលើកូនបំណុលធ្វើឱ្យគេមានសម្ពាធមិនអាចប្រឈមមុខជាមួយនឹងអ្នកបាន។ ដូច្នេះហើយដើម្បីទារលុយត្រឡប់មកវិញ អ្នកគួរតែត្រៀមយុទ្ធសាស្រ្តឱ្យបានត្រឹមត្រូវ ហើយការប្រឹក្សាជាមួយអ្នកជំនាញ ឬប្រគល់តួនាទីនេះឱ្យអ្នកជំនាញ គឺជាផ្លូវចេញដ៏ល្អមួយ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook