សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត យូនីវេស៊ីធី (DE MONTFORT UNIVERSITY) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជានាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះ។ ដោយកម្មវិធីសម្ពោធនេះក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
តាមការបញ្ជាក់ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត យូនីវេស៊ីធី ជាប់ឈ្មោះក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតទាំង ២០ របស់ចក្រភពអង់គ្លេស លើការជួយដល់និស្សិតឱ្យទទួលបានការងារធ្វើ។ ហើយក៏ស្ថិតក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ២០ នៅលើពិភពលោក លើនិរន្តរភាព និងជាសាកលវិទ្យាល័យតែមួយគត់នៅក្នុងចក្រភពអង់គ្លេសដែលត្រូវបានអង្គការសហប្រជាជាតិ ផ្តល់ឋានៈជាមជ្ឈមណ្ឌលសាកលសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សូមជម្រាបថា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត យូនីវេស៊ីធីនះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧០ និងមានប្រវត្តិនៃការបង្រៀនជាង ១៥០ ឆ្នាំ មាននិស្សិតប្រមាណ ៣៥,០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងក្រៅប្រទេស។ មានកម្រិតស្តង់ដារអន្តរជាតិពិតៗ មានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុយបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ (កម្ពុជា)។ បុគ្គលិក និងនិស្សិតមកពីជាង ១៤០ ប្រទេស និងមានកិច្ចព្រមព្រៀងសហការ ដៃគូ (Progression and Articulation Agreements) ជាមួយនឹងស្ថាប័នជាង ១០០ នៅទូទាំងពិភពលោក។ QS បានដាក់ចំណាត់ថ្នាក់ DMU ជាស្ថាប័ន “ល្អឥតខ្ចោះ” លំដាប់ផ្កាយ ៥ ផងដែរ។
ការបើកដំណើរការនៅក្នុងប្រទេសកម្ពុជានាពេលនេះ ដឹ ម៉ុងហ្វត យូនីវេស៊ីធី នឹងផ្តល់ជូននូវសមិទ្ធផលគម្រោងអប់រំថ្មីមួយដែលនឹងជួយគាំទ្រដល់យុទ្ធសាស្ត្រវិស័យអប់រំដែលមានស្រាប់ និងនាំមកនូវផលប៉ះពាល់ជាប្រយោជន៍ដល់បទដ្ឋានអប់រំ ការផ្តល់សេវា និងកំណែទម្រង់នៅក្នុងប្រទេសកម្ពុជា៕