ចង់ក្លាយជាអ្នកមាន មិនមែនជារឿងចៃដន្យ ឬពឹងទាំងស្រុងលើ "សំណាង" តែវាគឺជាលទ្ធផលដែលកើតចេញពី "ទម្លាប់" និង "វិន័យ" ក្នុងការរស់នៅប្រចាំថ្ងៃ។ ដោយយល់ឃើញបែបនេះលោក Dave Ramsey ដែលជាអ្នកជំនាញផ្នែកហិរញ្ញវិត្ថុដ៏ល្បីល្បាញ និងជាមហាសេដ្ឋីល្បីឈ្មោះមួយរូបបានណែនាំថា ប្រសិនបើអ្នកចង់ផ្លាស់ប្តូរជីវភាពឱ្យកាន់តែប្រសើរឡើង អ្នកគួរតែអនុវត្តតាមច្បាប់មាសទាំង ៥ នេះ៖
១. សិល្បៈនៃការចាយវាយឱ្យតិចជាងចំណូល៖ ច្បាប់គ្រឹះដំបូងដែលមិនអាចខ្វះបាន គឺត្រូវចេះ "ចាយឱ្យសល់"។ ភាពមានបានមិនមែនវាស់វែងលើចំនួនលុយដែលអ្នករកបាន ប៉ុន្តែវាត្រូវបានវាស់លើចំនួនលុយដែលអ្នកនៅសល់។ លោក Dave Ramsey បាននិយាយថា មិនថាអ្នករកចំណូលបានច្រើនកម្រិតណាទេ តែបើអ្នកចាយវាយតាមតែចិត្តចង់ នោះអ្នកនឹងនៅតែរស់ក្នុងភាពខ្វះខាតដដែល។ លោកសង្កត់ធ្ងន់ថា ចង់ឱ្យជីវិតឆាប់ធូរធា ត្រូវដាក់វិន័យឱ្យខ្លួនឯង ចាប់ផ្ដើមពីការសន្សំយ៉ាងតិចណាស់ ១០ ទៅ ២០% នៃចំណូលសរុប មុននឹងចាត់ចែងលុយទៅលើការចំណាយផ្សេងៗ។
២. រស់កុំពឹងលើចំណូលតែមួយច្រក៖ លោក Dave Ramsey បាននិយាយថា ការពឹងផ្អែកលើប្រាក់ខែតែមួយមុខ គឺជាហានិភ័យដ៏ធំមួយសម្រាប់ហិរញ្ញវត្ថុ។ អ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ តែងតែមានវិធីសាស្ត្របង្កើតចំណូលពីប្រភពផ្សេងៗគ្នា។ ក្រៅពីប្រាក់ខែដែលអ្នកកំពុងធ្វើ ក៏អាចឆ្លៀតពេល លក់ដូរខ្នាតតូចតាមអនឡាញ, យកជំនាញឯកទេសទៅធ្វើការងារជា Freelance ឬ យកប្រាក់សន្សំទៅវិនិយោគដើម្បីឱ្យ "លុយបង្កើតលុយ"ជាដើម។
៣. វិនិយោគលើ "ខួរក្បាល" ដើម្បីបង្កើនតម្លៃខ្លួនឯង៖ ចំណេះដឹងគឺជាទ្រព្យជាប់ខ្លួនដែលគ្មាននរណាអាចលួចយកបាន ហើយវាគឺជាការវិនិយោគដែលផ្តល់ផលចំណេញខ្ពស់បំផុត។ មុននឹងចង់រកលុយបានច្រើន អ្នកត្រូវបង្កើនសមត្ថភាពខ្លួនឯងជាមុនសិន។ ការចំណាយពេលអានសៀវភៅ ចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗ ឬរៀនជំនាញថ្មីៗដែលទីផ្សារត្រូវការ នឹងជួយឱ្យអ្នកមើលឃើញឱកាសរកលុយដែលអ្នកដទៃមើលមិនឃើញ។
៤. ចេះប្រើប្រាស់បំណុលដោយភាពឆ្លាតវៃ៖ អ្នកត្រូវបែងចែកឱ្យច្បាស់រវាង "បំណុលល្អ" និង "បំណុលអាក្រក់"។ បំណុលអាក្រក់ គឺជាបំណុលដែលខ្ចីមកដើម្បីទិញសម្ភារៈនិយម និងមិនបង្កើតចំណូល។ បំណុលល្អ ជាបំណុលដែលខ្ចីមកសម្រាប់តែការវិនិយោគ ឬពង្រីកអាជីវកម្មដែលអាចបង្កើតផលចំណេញត្រឡប់មកវិញច្រើនជាងការប្រាក់ដែលត្រូវសង។
៥. ត្រូវចេះគ្រប់គ្រងពេលវេលា ឱ្យដូចគ្រប់គ្រងមាសប្រាក់៖ លោក Dave Ramsey និយាយថា អ្នកដែលជោគជ័យ គឺជាអ្នកដែលចេះបែងចែកពេលវេលាច្បាស់លាស់ មិនចំណាយពេលច្រើនលើរឿងឥតប្រយោជន៍។ លោកបានណែនាំ ឱ្យយកពេលទំនេរទាំងនោះមកផ្តោតលើការរៀបចំផែនការហិរញ្ញវត្ថុ និងការអភិវឌ្ឍខ្លួនឯង ព្រោះថាការដើរឱ្យទាន់សម័យកាល គឺជាគន្លឹះដែលនាំឱ្យអ្នកសម្រេចគោលដៅបានឆាប់បំផុត។ ដូចជាបច្ចុប្បន្ន គឺជាពេលដែលបច្ចេកវិទ្យា AI កំពុងរីកចម្រើនដូច្នេះអ្នកគួរយកពេលទៅសិក្សបន្ថែមលើជំនាញថ្មីៗពាក់ពន្ធនឹងបច្ចេកវិទ្យា ការប្រើប្រាស់ AI ជាដើមទើបអ្នកអាចប្រកួតប្រជែងនៅក្នុងជីផ្សារការងារបានទាន់គេ៕


