អស់រយៈពេល៣០ឆ្នាំមកនេះ Danone ដែលជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិឈានមុខគេផ្នែកអាហារូបត្ថម្ភពីប្រទេសបារាំង បានក្លាយជាផ្នែកមួយក្នុងការជួយគាំទ្រដល់ក្រុមគ្រួសារកម្ពុជា តាមរយៈការនាំមកនូវអាហារូបត្ថម្ភដែលមានគុណភាពខ្ពស់ ជាច្រើនជម្រើស រួមមានទឹកដោះគោ DUMEX Dugro, DUMEX Super Gold Kid, Aptamil Kid និង Hi-Q។
ក្នុងជំនួបសម្តែងការគួរសមរវាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូ Danone គ្រុប ដែលដឹកនាំដោយ លោក Christian STAMMKOETTER, នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី មជ្ឈិមបូព៌ា និងអាហ្វ្រិក។ លោក Christian STAMMKOETTER បានគូសបញ្ជាក់បន្ថែម អំពីភាពជាដៃគូដ៏យូរអង្វែង និងគោលជំហរជាក់លាក់ របស់ក្រុមហ៊ុន ក្នុងការបន្តរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។ កិច្ចពិភាក្សានេះផ្តោតទៅលើ កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ការធ្វើទីផ្សារប្រកបដោយទំនួលខុសត្រូវ និងរួមចំណែកអភិវឌ្ឍ សង្គមជាតិកម្ពុជាតាមរយៈអាហារូបត្ថម្ភដែលមានគុណភាព និងសុវត្ថិភាពខ្ពស់។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា “ក្រសួងស្វាគមន៍ចំពោះការបន្តវិនិយោគ របស់ក្រុមហ៊ុន Danone ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិនៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងនេះ លើកស្ទួយការអនុវត្ត ទីផ្សារប្រកបដោយទំនួលខុសត្រូវ ការផ្តល់ជូននូវអាហារូបត្ថម្ភ ក៏ដូចជាការសហការលើក្របខ័ណ្ឌបទប្បញ្ញត្តិស្របតាមចក្ខុវិស័យ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបន្តការពារអ្នកប្រើប្រាស់”។
ជាមួយវត្តមានអាជីវកម្មជាង៣០ឆ្នាំ ក្រុមហ៊ុន Danone បានបង្កើតឱកាសការងារដោយផ្ទាល់ និងប្រយោលប្រមាណ ៣០០កន្លែង ដែលមាន៩៥% នៃនិយោជិតរបស់យើងជាជនជាតិខ្មែរ។ ក្រុមហ៊ុន ក៏បានជាប់ចំណាត់ថ្នាក់លេខ៣៦ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានវិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងបួនឆ្នាំជាប់ៗគ្នា។
លោក Christian STAMMKOETTER ក៏បានលើកឡើងទៀតថា “ប្រទេសកម្ពុជា គឺជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់ Danoneគ្រុប ដែលជាក្រុមហ៊ុន FMCG ដំបូងគេ ដែលសម្រេចបានវិញ្ញាបនបត្រ B-Corp™ កាលពីឆ្នាំ២០២៣ ដោយអនុលោមតាមស្តង់ដារខ្ពស់បំផុតនៃការអនុវត្តផ្នែកសង្គម និងបរិស្ថាន។ យោងទៅតាមគំនិតផ្តួចផ្តើមដែលមានគោលដៅរួមពីរ សង្គម និងសេដ្ឋកិច្ច បានជំរុញឱ្យយើងទទួលជោគជ័យក្នុងអាជីវកម្ម ស្របជាមួយនឹងការចូលរួមចំណែកផ្នែកសង្គម ជាពិសេសលើផ្នែកសុខភាព”។
ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនបានរួមចំណែកថវិកាសរុបរហូតដល់ ៥៦០០០០ ដុល្លារអាមេរិក តាមរយៈកិច្ចសហប្រតិបតិ្តការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារក្រោម៥ឆ្នាំ និងតាមរយៈ និងអង្គការដៃគូផ្សេងៗ ក្នុងការគំាទ្រដល់ក្រុមគ្រួសារភៀសសឹកដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែន។
ក្រុមហ៊ុនដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមនូវកិច្ចពិភាក្សា ផ្សេងៗទាក់ទងនឹងការបង្តើតនូវបទប្បញ្ញត្តិដោយប្រកបដោយភាពយុត្តិធម៌ និងតម្លាភាព ជាមួយអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំក្រសួងពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ការអនុវត្តទីផ្សារប្រកបដោយអនុលោមភាព។
Danone នៅតែបន្តធ្វើការជាមួយក្រសួងពាណិជ្ជកម្ម និងដៃគូពាក់ព័ន្ធនានា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិនៅកម្ពុជា។