ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានអបអរសាទរខួប៥ឆ្នាំនៃភាពជាដៃគូ និងបានចុះកិច្ចព្រមព្រៀងបន្តកិច្ចសហការអាជីវកម្មប៊េងកាសួរេនរយៈពេលវែង។ កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ក្នុងការពង្រីកលទ្ធភាពទទួលបានការការពារហិរញ្ញវត្ថុ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ រយៈពេល ៥ឆ្នាំកន្លងមកនេះ កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរបានផ្តល់ការការពារដល់អតិថិជនជាង ២២,០០០នាក់ រួមទាំងក្រុមគ្រួសារ ដែលមានទំហំការពារសរុបជាង ១៤០លានដុល្លារអាមេរិក។ លទ្ធផលនេះបង្ហាញពីទំនុកចិត្តរបស់អតិថិជន និងឆ្លុះបញ្ចាំងអំពីការយល់ដឹងកាន់តែប្រសើរអំពីសារសំខាន់នៃការមានធានារ៉ាប់រងអាយុជីវិតក្នុងការការពារអនាគត។
ផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ក្រុមហ៊ុនទាំងពីរនឹងបន្តពង្រីកការផ្សព្វផ្សាយអំពីធានារ៉ាប់រងអាយុជីវិតទៅកាន់សហគមន៍នៅទូទាំងប្រទេស តាមរយៈបណ្តាញសាខាទូទាំងខេត្តក្រុង របស់ អេ អឹម ខេ អមជាមួយនឹងឯកទេសខាងដំណោះស្រាយធានារ៉ាប់រងជីវិតរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍។ បេសកកម្មនេះក៏ស្របគ្នាទៅនឹងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុ និងជំរុញអភិវឌ្ឍវិស័យហិរញ្ញវត្ថុឲ្យកាន់តែមានបរិយាបន្ន។
លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងបន្តភាពជាដៃគូនេះបញ្ជាក់ពីការប្តេជ្ញាចិត្ត និងគោលបំណងរបស់យើងក្នុងការសហការជាមួយ អេ អឹម ខេ ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាពសម្រាប់ក្រុមគ្រួសារនៅកម្ពុជា។ ដោយផ្អែកលើសេវាកម្មបែបស្តង់ដារជប៉ុន (Omotenashi) របស់ ដាយ អុិឈិ ឡាយហ្វ៍ យើងតែងនាំយកនូវដំណោះស្រាយដែលឆ្លើយតបទៅនឹងតម្រូវការយ៉ាងពិតប្រាកដរបស់អតិថិជន និងផ្ដល់សេវាកម្មប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ រួមគ្នាជាមួយ អេ អឹម ខេ យើងនឹងកែប្រែគោលបំណងនេះឲ្យទៅជាសមិទ្ធផល និងផ្តល់សេវាកម្មប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ជូនអតិថិជន។»
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបន្ថែមថា៖ «ការបន្តកិច្ចសហការជាមួយ ដាយ អុិឈិ ឡាយហ្វ៍ គឺដើម្បីពង្រឹងបេសកកម្មរួមរបស់យើងក្នុងការគាំទ្រសុខុមាលភាពហិរញ្ញវត្ថុរបស់ក្រុមគ្រួសារនៅកម្ពុជា។ ក្នុងរយៈពេល ៥ឆ្នាំមកនេះ យើងឃើញថា ធានារ៉ាប់រងអាយុជីវិតអាចជួយអតិថិជនរបស់យើងឲ្យត្រៀមខ្លួនបានប្រសើរជាងមុនក្នុងករណីមានហានិភ័យណាមួយកើតឡើងក្នុងជីវិត។ ជាមួយគ្នានេះដែរ យើងប្តេជ្ញានឹងបន្តពង្រីកការការពារអាយុជីវិតទៅកាន់សហគមន៍ឲ្យកាន់តែមានភាពទូលំទូលាយជាងមុន ដើម្បីចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដែលមានភាពធន់ និងរីកចម្រើនប្រកបដោយភាពយូរអង្វែង។»
ក្នុងការអបអរឱកាសដ៏ពិសេសនេះ ក្រុមហ៊ុនទាំង២បានបង្កើតគំនិតផ្តួចផ្តើមគាំទ្រសហគមន៍។ ដាយ អុិឈិ ឡាយហ្វ៍ និង អេ អឹម ខេ នឹងបរិច្ចាគថវិកា ៥ពាន់រៀល រាល់ពេលអតិថិជនទិញបណ្ណសន្យារ៉ាប់រងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ អតិថិជនមិនត្រឹមតែទទួលបានការការពារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរួមចំណែកជួយដល់សហគមន៍ថែមទៀតផង។

នៅក្នុងការបោះជំហានចូលទៅកាន់ទំព័រថ្មីនេះ ក្រុមហ៊ុនទាំងពីរបន្តប្តេជ្ញាក្នុងការពង្រីកលទ្ធភាពរបស់ខ្លួនសម្រាប់អតិថិជន អេ អឹម ខេ និងសហគមន៍ទូទាំងប្រទេស ដើម្បីទទួលបានការការពារហិរញ្ញវត្ថុ កាន់តែប្រសើរ។ នេះជាការរួមបញ្ចូលគ្នារវាងសេវាហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តរបស់ អេ អឹម ខេ និងដំណោះស្រាយធានារ៉ាប់រងអាយុជីវិតជាច្រើនប្រភេទរបស់ ដាយ អុិឈិ ឡាយហ្វ៍ ដែលផ្តល់ជូនតាមតម្រូវការផ្សេងៗរបស់អតិថិជន។ ការបន្តភាពជាដៃគូនេះនឹងនាំយកនូវសំណាញ់សុវត្ថិភាពការពារហិរញវត្ថុកាន់តែប្រសើរជូនអតិថិជនកាន់តែច្រើនបន្ថែមទៀត។
ក្នុងនោះដែរ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ទើបតែសម្ពោធផលិតផលថ្មី CREDITCare កាលពីពេលថ្មីៗនេះ ជាដំណោះស្រាយការពារឥណទានដែលមានភាពបត់បែន និងផ្តល់ការការពារសម្រាប់គ្រប់ទំហំឥណទាន។ ខណៈពេលដែលទីផ្សារឥណទានកំពុងរីកចម្រើនជាបន្តបន្ទាប់នៅកម្ពុជា គម្រោង CREDITCare បង្កើនសុវត្ថិភាពនិងសេចក្តីស្ងប់ចិត្តកាន់តែប្រសើរសម្រាប់អតិថិជន និងក្រុមគ្រួសារ៕
អំពី ដាយ អុិឈិ ឡាយហ្វ៍៖
ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៥ឆ្នាំប៉ុណ្ណោះ ហើយយើងទទួលបានពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង២០២៤។ ដាយ អុិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Daiichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនដែលមានបទពិសោធន៍ជាង ១២៣ឆ្នាំ។
ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ១៩០២មក ដាយ អុិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកសាងអនាគតកាន់តែប្រសើរសម្រាប់គ្រប់គ្នា។ ក្រុមហ៊ុនក៏បាននាំយកការប្តេជ្ញាចិត្តដូចគ្នាមកកាន់ប្រទេសកម្ពុជា ដោយនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុដែលសមស្របតាមតម្រូវការលោកអ្នក។ ដាយ អុិឈិ ឡាយហ្វ៍ គឺជាដៃគូដែលគាំទ្រដល់សុខមាលភាពហិរញ្ញវត្ថុរបស់លោកអ្នកជានិច្ច។
នៅ ដាយ អុិឈិ ឡាយហ្វ៍ «យើងគិតគូរ យើងធ្វើអ្វីដែលត្រូវ យើងច្នៃប្រឌិតថ្មី» គឺជាតម្លៃស្នូល ដែលណែនាំគ្រប់ការសម្រេចចិត្តទាំងអស់របស់ក្រុមហ៊ុន។
*ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង អុីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤៤៥.០៨ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៩.៧១ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៤) ៕
អំពី អេ អឹម ខេ៖
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ មានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខា ១៤៣ និងភ្នាក់ងារទូទាំងប្រទេស។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានសេវាប្រាក់កម្ចី សេវាប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស សេវាធានារ៉ាប់រងខ្នាតតូច សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស ធនាគារចល័ត AMK Mobile ដែលអាចធ្វើប្រតិបត្តិការស្កេនទូទាត់តាម KHQR ប្រចាំថ្ងៃ និងសេវាផ្សេងៗជាច្រើនទៀត។



