ស្ថានភាពសេដ្ឋកិច្ច និងថាមពលនៅក្នុងប្រទេសគុយបា បានធ្លាក់ចូលទៅក្នុងវិបត្តិដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ប្រជាជនគុយបារាប់លាននាក់កំពុងរស់នៅក្នុងសភាពត្រដរខ្យល់ ដោយសារតែកង្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដែលមិនធ្លាប់មានពីមុនមក។
បច្ចុប្បន្ន ប្រជាជនគុយបាត្រូវបង្ខំចិត្តចំណាយពេលរាប់ម៉ោងរាល់ថ្ងៃ តម្រង់ជួរនៅតាមស្ថានីយប្រេងសាំងដើម្បីគ្រាន់តែបានចាក់សាំងបន្តិចបន្តួចប៉ុណ្ណោះ។ កង្វះខាតនេះបានរុញច្រានឱ្យរដ្ឋាភិបាលសម្រេចចិត្តតម្លើងថ្លៃសាំងរហូតដល់ ៥០០% កាលពីឆ្នាំ ២០២៤-២០២៥ កន្លងទៅ ក្នុងបំណងស្រោចស្រង់សេដ្ឋកិច្ច ប៉ុន្តែវាបានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងបង្កឱ្យមានអតិផរណាខ្ពស់កប់ពពក។
មិនត្រឹមតែវិបត្តិសាំងប៉ុណ្ណោះទេ ការដាច់ចរន្តអគ្គិសនី ក៏បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ ដែលជួនកាលមានរយៈពេលដល់ទៅ ១០-១២ ម៉ោងក្នុងមួយថ្ងៃ បង្កឱ្យអាជីវកម្ម និងមន្ទីរពេទ្យជួបការលំបាកយ៉ាងខ្លាំង។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថានភាពដែលអាក្រក់ស្រាប់នេះ បានរងការវាយប្រហារបន្ថែមដោយសារកត្តានយោបាយអន្តរជាតិ។ របាយការណ៍បានបង្ហាញថា ការខ្វះខាតប្រេងសាំងកាន់តែដុនដាបខ្លាំង បន្ទាប់ពីមានការដាក់ចេញនូវ ពន្ធគយថ្មី និងការរឹតបន្តឹងកាន់តែខ្លាំងពីរដ្ឋបាលលោក Donald Trump។
គោលនយោបាយថ្មីនេះមានគោលដៅ រារាំងក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ បង្កការភ័យខ្លាចដល់ក្រុមហ៊ុននាវាដឹកប្រេង កុំឱ្យបញ្ជូនប្រេងទៅកាន់កោះគុយបា និងកាត់ផ្ដាច់សរសៃឈាមសេដ្ឋកិច្ច ធ្វើឱ្យការនាំចូលប្រេងដែលនៅសេសសល់ចុងក្រោយត្រូវគាំងដំណើរការ។ ក្នុងនោះ អ្នកវិភាគបានលើកឡើងថា សកម្មភាពនេះប្រៀបដូចជាការបន្ថែមទម្ងន់លើសរសៃឈាមសេដ្ឋកិច្ចគុយបាដែលកំពុងតែចុះខ្សោយស្រាប់ ឱ្យកាន់តែឈានទៅរកចំណុចសូន្យ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



