ប្រេងត្រូវបានគេប្រៀបប្រដូចទៅនឹងសរសៃឈាមនៃសេដ្ឋកិច្ចពិភពលោក ដោយសារវាមានសារៈសំខាន់មិនអាចខ្វះបានក្នុងជីវភាពរស់នៅ និងការអភិវឌ្ឍ។ ហើយថ្ងៃនេះដែរយើងនឹងប្រិយមិត្ដមកស្គាល់ប្រទេសដែលមានទុនបម្រុងប្រេងច្រើនជាងគេនៅលើពិភពលោក។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera និង GO Market ប្រទេសដែលមានប្រេងបម្រុងច្រើនជាងគេនៅលើពិភពលោកបច្ចុប្បន្នរួមមាន៖
១. វេណេស៊ុយអេឡា (Venezuela) មាន ៣០៣ ពាន់លានបារ៉ែល៖ ប្រទេសនេះ មានទុនបម្រុងច្រើនជាងគេ ពោលគឺមាន ១៨% នៃប្រេងពិភពលោក ប៉ុន្តែភាគច្រើនជាប្រេងឆៅធុនធ្ងន់ដែលពិបាកចម្រាញ់។ បច្ចុប្បន្នផលិតកម្មធ្លាក់ចុះខ្លាំង ហើយការនាំចេញភាគច្រើនគឺដើម្បីសងបំណុលប្រទេសចិន។
២. អារ៉ាប៊ីសាអូឌីត (Saudi Arabia) មាន ២៦៧ ពាន់លានបារ៉ែល៖ ប្រទេសនេះជាអ្នកនាំមុខគេក្នុងការនាំចេញ ដោយសារមានប្រេងគុណភាពខ្ពស់ និងថ្លៃដើមចម្រាញ់ទាប។ ប្រទេសអារ៉ាប៊ីសាអូឌីត មានឥទ្ធិពលបំផុតក្នុងការកំណត់តម្លៃប្រេងលើទីផ្សារអន្តរជាតិ។
៣. អ៊ីរ៉ង់ (Iran) មាន ២០៩ ពាន់លានបារ៉ែល៖ ប្រទេសនេះ គឺមានទុនបម្រុងមហាសាល ប៉ុន្តែរងសម្ពាធពីទណ្ឌកម្មសេដ្ឋកិច្ច ដែលបង្ខំឱ្យលក់ប្រេងក្នុងតម្លៃទាបទៅឱ្យប្រទេសចិន និងរារាំងការអភិវឌ្ឍសមត្ថភាពផលិត។
៤. កាណាដា (Canada) មាន ១៦៣ ពាន់លានបារ៉ែល៖ ទុនបម្រុងភាគច្រើនជាប្រភេទខ្សាច់ប្រេង (Bitumen) ដែលត្រូវការទុនវិនិយោគខ្ពស់។ កាណាដាគឺជាប្រភពផ្គត់ផ្គង់ប្រេងដ៏មានស្ថិរភាព និងធំបំផុតសម្រាប់សហរដ្ឋអាមេរិក។
៥. អ៊ីរ៉ាក់ (Iraq) មាន ១៤៥ ពាន់លានបារ៉ែល៖ សេដ្ឋកិច្ចប្រទេសនេះគឺពឹងផ្អែកលើប្រេងស្ទើរតែទាំងស្រុង ពេលគឺ ៩០% នៃចំណូលរដ្ឋ។ ទោះបីមានបញ្ហាសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធចាស់ៗ ប៉ុន្តែអ៊ីរ៉ាក់នៅតែជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ទីផ្សារអាស៊ី។
៦. សហព័ន្ធអារ៉ាប់រួម (UAE) មាន ១១៣ ពាន់លានបារ៉ែល៖ ប្រទេសនេះលេចធ្លោលើការនាំចេញប្រេងតម្លៃខ្ពស់ និងទទួលបានជោគជ័យក្នុងការប្រើប្រាស់ចំណូលពីប្រេង ដើម្បីអភិវឌ្ឍវិស័យផ្សេងៗដូចជា ទេសចរណ៍ និងហិរញ្ញវត្ថុ។
៧. គុយវ៉ែត (Kuwait) មាន ១០១,៥ ពាន់លានបារ៉ែល៖ ប្រទេសនេះមានចំណុចខ្លាំងត្រង់ថ្លៃដើមនៃការទាញយកទាបបំផុត គឺត្រឹមតែ ៨-១០ ដុល្លារ/បារ៉ែល ហើយបរិមាណបម្រុងបច្ចុប្បន្ន អាចអនុញ្ញាតឱ្យគេបន្តផលិតបានជាង ៨០ ឆ្នាំទៅមុខទៀត។
៨. រុស្ស៊ី (Russia) មាន ៨០ ពាន់លានបារ៉ែល៖ ទោះជាប់លេខ ៨ ផ្នែកទុនបម្រុង ប៉ុន្តែរុស្ស៊ីជាអ្នកផលិតធំជាងគេទី ៣ ក្នុងពិភពលោក។ បច្ចុប្បន្ន រុស្ស៊ីបានបង្វែរគោលដៅនាំចេញពីអឺរ៉ុប មកកាន់អាស៊ី (ចិន និងឥណ្ឌា) ដោយសារទណ្ឌកម្ម។
៩. សហរដ្ឋអាមេរិក (USA) មាន ៧៤,៤ ពាន់លានបារ៉ែល៖ ទោះបីមានទុនបម្រុងតិចជាងគេក្នុងចំណោមទាំង ៩ ប្រទេសនេះ ប៉ុន្តែអាមេរិកគឺជា "អ្នកផលិតប្រេងលេខ ១ លើលោក" តាមរយៈបច្ចេកវិទ្យាប្រេងថ្មសែល (Shale Oil) និងជាអ្នកនាំចេញដ៏ធំមួយ។
១០. លីប៊ី (Libya) មាន ៤៨ ពាន់លានបារ៉ែល៖ ទីផ្សារនាំចេញប្រទេសប្រទេសនេះភាគច្រើនគឺអឺរ៉ុប ដែលមានចន្លោះពី៧០% ទៅ ៨០% ក្រៅពីនោះទីផ្សារអាស៊ី និងអាមេរិក៕



