ស្ដេចបាល់ទាត់ Cristiano Ronaldo ត្រូវបានគេស្គាល់ថាជាបុគ្គលម្នាក់ដែលមានភាពល្បីល្បាញបំផុតក្នុងវិស័យបាល់ទាត់និងជាអតីតកីឡាករលេងឱ្យក្លឹប Manchester United ផងដែរ។ មិនត្រឹមតែល្បីល្បាញក្នុងអាជីពបាល់ទាត់ ប៉ុន្តែសមត្ថភាពរកស៊ីវិញ លោកក៏ជាអ្នកជំនួញទ្រព្យវាល់លានដុល្លារជាមួយនឹងមុខជំនួញគ្រាក់ៗជាច្រើនប្រភេទផងដែរ។
កីឡាករឆ្នើម ដែលមានកិត្តនាមល្បីល្បាញ បោះសំឡេងពេញផែនដីរូបនេះ ក៏ធ្លាប់រងសម្ពាធគ្រួសារ បាក់ទឹកចិត្តជាច្រើនលើកច្រើនសា ប៉ុន្តែអ្វីដែលធ្វើឱ្យលោកអាចល្បីល្បាញក្លាយជាអត្តពលិករឹងមាំ រហូតមានអ្វីៗគ្រប់យ៉ាង និងតែងតែក្នុងដួងចិត្តរបស់អ្នកគាំទ្រគ្រប់ស្រទាប់គឺ ព្រោះតែអាជីពបាល់ទាត់នេះឯង។ បាល់ជាមិត្តសម្លាញ់ឆ្ងាញ់ជាងញ៉ាំបាយ រាល់ពេលដែលលោកបានលេងវាម្ដងៗ ព្រោះតាំងតែពីតូចមក សូម្បីតែពេលបាយទឹក ពេលដេកក៏លោកមិនដែលឃ្លាតពីវាមួយជំហានណាសោះឡើយ ហើយវាជាអ្នកផ្តល់ពន្លឺក្នុងជីវិតតាំងពីពេលជីវិតនៅក្រលំបាក រហូតមានថ្ងៃនេះ។
ជាមួយគ្នានេះដែរអ្វីដែលធ្វើឱ្យ បុរសខ្លាំងជនជាតិព័រទុយហ្គាល់រូបនេះពូកែឈ្នះពានរាប់មិនអស់នោះ ធ្លាប់បានផ្តាំថា "ទោះជាអ្នកមានសមត្ថភាពខ្លាំង ពូកែកម្រិតណាក៏ដោយ ក៏អ្នកមិនអាចសម្រេចក្តីសុបិននោះទេ ប្រសិនបើអ្នកមិនជឿថាខ្លួនឯងគឺជាជើងឯកលេខ១គ្រប់ពេលនោះ"។ ថ្លែងក្នុងបទសម្ភាសន៍មួយជាកាសែត USA Today កីឡាករលំដាប់ពិភពលោករូបនេះធ្លាប់បាននិយាយថា “ខ្ញុំចូលចិត្តយកអ្នកស្អប់ខ្ញុំជាកម្លាំងចិត្ត ហើយគ្មាននរណាដែលមានឥទ្ធិពលលើ Cristiano Ronaldo ជាង Cristiano Ronaldo ខ្លួនឯងបានឡើយ"។
គួរជម្រាបថា កីឡាករឆ្នើមរូបនេះ ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិប្រមាណជាង៥០០លានដុល្លារ ជាមួយនឹងមុខជំនួញផ្ទាល់ខ្លួនធំៗប្រមាណជាង៦ រួមមានដូចជា ក្រុមហ៊ុនសម្លៀកបំពាក់និងទឹកអប់ សណ្ឋាគារ Pestana CR7 ភោជនីយដ្ឋាន CR7 Corner Bar & Bistro មជ្ឈមណ្ឌលហាត់ប្រាណ ក្រុមហ៊ុនជួលយន្តហោះឯកជន និងគ្លីនិកសក់ Insparya ដែលសុទ្ធសឹងតែ ធ្វើការសហការរកស៊ីជាមួយក្រុមហ៊ុនល្បីៗ មានជំនាញច្បាស់លាស់ ក្នុងការធ្វើជំនួញនិងចាប់ដៃគូរកស៊ីជាមួយគ្នា ដើម្បីរីកលូតលាស់ទៅមុខលឿនរហ័ស៕
អត្ថបទដោយ៖ ពីង ជូអេង


