ក្រុមហ៊ុន China Railway Group Limited (CREC) របស់ប្រទេសម៉ាឡេស៊ី បានបង្ហាញនូវចំណាប់អារម្មណ៍លើការវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈរបស់កម្ពុជា។ ចំណាប់អារម្មណ៍នេះធ្វើឡើងនៅជំនួបរវាងឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូក្រុមហ៊ុន CREC កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។
នៅក្នុងជំនួបខាងលើ ក្រុមហ៊ុន CREC បានបញ្ជាក់ថា ខ្លួនចង់វិនិយោគលើគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train) នៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកំពុងកំណត់ទិសដៅក្នុងការដោះស្រាយការកកស្ទះ និងជំរុញកាត់បន្ថយចំណាយលើការប្រើប្រាស់សេវាដឹកជញ្ជូន។
នៅក្នុងឱកាសនោះឯកឧត្តម តូច ចាន់កុសល ក៏បានបង្ហាញពីទីតាំងកំពុងសិក្សាផងដែរ រួមមាន៖ គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train) ពិសេសលើប្រព័ន្ធខ្សែផ្លូវរថភ្លើងដែលមានស្រាប់ភ្នំពេញ- ប៉ោយប៉ែត និងភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងខ្សែផ្លូវរថភ្លើងថ្មីប៉ោយប៉ែត-សៀមរាប-ភ្នំពេញជាដើម ការសិក្សាគម្រោងផ្លូវរថភ្លើងទីក្រុង (Phnom Penh Urban Light Rail) គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) និងការសិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) ជាដើម។
ជាមួយគ្នានោះដែរ សម្រាប់រថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយបែតវិញ តាមការសិក្សាជំហានដំបូងពីក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានឱ្យដឹងថា គម្រោងផ្លូវនេះមានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ គ្រោងចាយទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារ ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុង់ស្វែងរកក្រុមហ៊ុនអភិវឌ្ឍន៍ដើម្បីសាងសង់ផ្លូវនេះ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត